Buddha story

រឿងទិសាបាមោក្ខព្រាហ្មណ៍

 

 

 

 

រឿងទិសាបាមោក្ខព្រាហ្មណ៍
( ចាក អ. ឯ. )
( ការមិនប្រាកដ មិនស្គាល់កាល ជាថ្នាំពិសក្នុងលោក )
កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយ​រាជសម្បត្តិ​ក្នុង​ក្រុងពារាណសី។​ ​កាលនោះ​ព្រះសម្ពុទ្ធបរមគ្រូ​របស់យើង ទ្រង់សោយព្រះជាតិក្នុងត្រកូល​ព្រាហ្មណ៍ឈ្មោះឧទិច្ចៈ​ លុះ​មានវ័យចំរើន​ឡើងទ្រង់បរិបូរណ៌ដោយ​រូបកាយនិង​បញ្ញា ប្រសើរវិសេសជាង​ព្រាហ្មណ៍​​ទាំង​អស់​​ក្នុងជាតិភូមិ ​។ ​ព្រាហ្មណ៍ជា​មាតាបិតា បានបញ្ជូនឳ្យ​ទៅរៀន​សិល្ប​សាស្ត្រ​​ក្នុង​មហា​​វិទ្យា​ល័យក្រុងពារាណសី មិនយូប៉ុន្មាន​ព្រាហ្មណ៍បុត្រក៏​បានចេះ​ចប់ត្រៃ​វេទ ​ហើយយល់​នូវ​អត្ថនិងធម៌ដ៏ជ្រាលជ្រៅ ។  ​

ព្រះបាទ​ព្រហ្មណ៍ទត្តបានជ្រាបថា ព្រាហ្មណ៍​បុត្រជា​អ្នកប្រាជ្ញវិសេសដូច្នោះ ក៏តាំងឳ្យ​ធ្វើជា​​​អាចារ្យ​​ទិសាបាមោក្ខ ក្នុងព្រះរាជា​អាណា​ចក្រ​របស់ព្រះអង្គ ។ ទិសាបាមោក្ខ​ព្រាហ្មណ៍​ក៏​បាន​​​បង្រៀន​សិល្ប៍​សាស្រ្ត​ដល់​មាណព ៥០០ នាក់ មាណពទាំងឡាយ តែងក្រោក​ឡើង​​ស្វាធ្យាយ​សិល្ប៍​សាស្ត្រ​​ដោយសំឡេង​មាន់រងាវនោះគ្រប់ៗ គ្នា ។ មាណព​ទាំងឡាយ​តែងនាំ​គ្នារក្សា​កាន់នោះ ដោយប្រពៃ ។

ក្នុងកាលជាខាងក្រោយមក​មាន់នោះក៏ស្លាប់ទៅ​ មាណពទាំងឡាយបាន​នាំគ្នារកមាន់ថ្មី​មួយទៀត ។ គ្រានោះមានមាណពម្នាក់ ចូលទៅកាច់ ​ឧសក្នុងព្រៃខ្មោចបានឃើញ​មាន់​ឈ្មោលមួយ ក៏ចាប់យកមកចិញ្ចឹម ទុកនៅក្នុងទ្រុង​ ដើម្បីឳ្យរងាវ ។ មាន់នោះជាសត្វ​មិនមានប្រក្រតី មិនស្គាល់កាល ចេះតែរងាវមិនប្រាកដ ព្រោះ​ជាសត្វកើត​ក្នុងព្រៃខ្មោចតែ​ម្នាក់ឯង មិនដែលឮសូររងាវរបស់មាន់ចាស់ៗ ឡើយ ជា​សត្វប្រាស​ចាក​ដំបូន្មាន ជួនកាល​រងាវខុសក្នុងវេលា​អាធ្រាត្រ ជួនកាលរងាវក្នុងពេល​អារុណរះ ជួនកាលរងាវ​ក្នុងពេលថ្ងៃ​ត្រង់ ។​

មាណពទាំងនោះជួនកាល​ក្រោកទាំងកណ្តាលអាធ្រាត្រសិក្សាសិល្បសាស្រ្ត​ក៏មាន ជួន​កាល​​ដេកដល់អរុណរះក៏មាន ជាអ្នកមានការសិក្សាមិនប្រាកដ​​សិល្បសាស្រ្ត​ទាំង​ឡាយ ​កាលបើខ្វះការស្វាធ្យាយន៍ហើយ ក៏ភ្លេចបាត់បង់ជា​ច្រើន ទើបមាណព​ទាំង​នោះ​​ប្រឹក្សា​គ្នា​ថា មាន់នេះគ្មានប្រក្រតីទេ ជាសត្វមិនស្គាល់កាល រងាវ​មិនប្រាកដ បើយើង​យក​មាន់នេះ​ជាប្រមាណ មុខតែវិនាសសិល្បសាស្ត្រអស់មិនខាន និយាយ​ប្រឹក្សាគ្នា​ដូច្នេះ​ហើយ​ ក៏ចាប់​មួលកមាន់នោះស្ងោរស៊ីទៅ ( នេះហើយហៅថាមាន់សម្ល បើជាមនុស្សវិញ​ហៅថាមនុស្ស​សម្ល ) ។ មាណពទាំងនោះ ក៏នាំគ្នាទៅជំរាបអាចារ្យ​ទិសាបាមោក្ខ​ ថាមាន់​ដែលចាប់ពី​ព្រៃខ្មោច​មក ចេះតែរងាវខុសពេលវេលា យើងខ្ញុំទាំងឡាយមួលក​ស្លាប់ទៅ​ហើយ ។ ​អាចារ្យ​ទិសាបាមោក្ខ ក៏និយាយប្រាប់សិស្សទាំងនោះថា មាន់នេះជាសត្វមិន​ចំរើន​ឡើង​ក្នុង​សំណាក់មាតា​បិតា មិនដែលនៅក្នុងសំណាក់អាចារ្យទេ បានជាមិនដឹងនូវកាលគួរ​និង​​មិនគួរ​ ការមិនដឹង​នេះហើយ ជាទោស​របស់មាន់នោះ ។

វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ដកស្រង់ចេញប្រជុំនិទានជាតកភាគ១ របស់ព្រះបាឡាត់​ឧត្តម​លិខិត​ សុង ស៊ីវ សិទ្ធត្ថោ គ្រូបង្រៀនបាលីនៅវត្តលង្កា រាជធានីភ្នំពេញ ។ អព្រះគុណព្រះភិក្ខុ សិរីបញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ វត្តកល្យាណមិត្តខ្សាច់ពោយនិងលោកអាចារ្យ ចយ ធិន ដែលបានផ្តល់សៀវភៅប្រជុំនិទានជាតកនេះ។

រឿងយក្ខិនីមុខសេះ

រឿងយក្ខិនីមុខសេះ
( ចាក ម. អ. )
( ទោសផឹកសុរា និយាយកុហក និងក្បត់ចិត្តស្វាមី )
ក្នុងកាលកន្លងទៅហើយ មានអគ្គមហេសីនៃព្រះរាជាមួយព្រះអង្គ​សោយរាជ​ក្នុងក្រុង​ពារាណសី ​ជាអ្នកផឹកសុរា ​និយាយកុហកនិងប្រព្រឹត្ត​ក្បត់ចិត្តស្វាមី ​។​ អគ្គមហេសី​នោះ លុះធ្វើ​មរណកាល​ទៅបានកើតជា​យក្ខិនីប្លែកអំពីយក្សធម្មតា​ គឺមានខ្លួនជា​យក្សមុខ​ជាសេះ ​ហៅថា ​អស្សម្មុខិយក្ខិនី ​ស្ថិតនៅក្នុង​លេណគុហា ​នាបាតភ្នំមួយ​ បានចូលទៅបំរើ​ស្តេច​វេស្សវ័ណ​អស់វរៈ ​៣ ឆ្នាំ ​ស្តេចទ្រង់​ប្រទាន​គោចរភក្សមួយ​មានបណ្តោយ ៣០​ យោជន៍​ ទទឹង ​៥ ​យោជន៍  ​ដើម្បីចាប់សត្វម្រឹគនិង​មនុស្សទាំងឡាយបរិភោគ​ជាអាហារ ។
ថ្ងៃមួយយក្ខិនីមុខសេះចាប់បាន ​ព្រាហ្មណ៍កំឡោះម្នាក់ មានរូបឆោមសមរម្យល្អ លើកដាក់​ឳ្យដេក​​លើខ្នង នាំយក​ទៅទុកក្នុងគុហា  ដើម្បីធ្វើជាស្វាមី ។ ចាប់ដើមតាំងពីថ្ងៃនោះ​មកយក្ខិនីតែងស្វះ​ស្វែង​រកចាប់មនុស្ស ដើម្បីយកវត្ថុផ្សេងៗ មាន​សំពត់អាវនិងអង្ករ ស្លឹកគ្រៃ ម្ហូប​ចំណីដែលមានរស់ឆ្ងាញ់ពិសា​ទៅចិញ្ចឹមព្រាហ្មណ៍ជា​ស្វាមីតែរាល់ៗ ថ្ងៃ ។ ក្នុងពេលដែលយក្ខិនី​ចេញទៅរកអាហារ បាន​យកដុំថ្មមួយដុំធំខ្ទប់មាត់ទ្វារ ព្រោះខ្លាច​ព្រាហ្មណ៍នោះ​រ​ត់ចោល ។
ក្នុងគ្រានោះ ព្រះពោធិសត្វបានសោយ​ព្រះជាតិក្នុងគ័ភ៌ នៃនាងយក្ខិនីមុខសេះ​នោះ លុះគ្រប់​ទស​មាស ក៏ប្រសូតមកមានរូបល្អ​ស្រស់​ប្រិមប្រិយ នាងមានសេចក្តីស្នេហា​ចំពោះ​កូន​និងបិតាយ៉ាងក្រៃលែង តែងទំនុកបម្រុង​ដោយភោជនាហារ​មានរស​ឆ្ងាញ់​ផ្សេងៗ ​។
លុះព្រះពោធិសត្វមានវ័យចម្រើន ​ធំឡើង ក៏ប្រមៀលដំថ្មដែលមាតា​បិទទ្វារគុហា​នោះចេញ ​ហើយនាំបិតាអង្គុយ​លេងកំសាន្តខាងក្រៅ  ដល់យក្ខិនីជាមាតាត្រឡប់មកវិញ ព្រះពោធិសត្វក៏​ប្រាប់ភ្លាមថា ខ្ញុំបានប្រមៀលដុំថ្មនេះចេញហើយ ព្រោះងងឹត​អផ្សុក​ណាស់​ យក្ខិនីហេតុតែស្រឡាញ់កូនក៏​នៅស្ងៀមគ្មានថាអ្វីឡើយ ។ ថ្ងៃក្រោយ​ព្រះពោធិសត្វ​​​មានសេចក្តីងឿងឆ្ងល់នឹងមាតារបស់​ខ្លួនថា ហេតុអ្វី​បានជាមាតា​គាត់មាន​មុខដូចជាសេះ ​ទើបសួរទៅបិតាៗ ប្រាប់ថា ម្តាយ​បាឯងជាយក្សទេ យើងទាំងពីរ​នាក់ជា​មនុស្ស ។ ​
ព្រះពោធិសត្វបានដឹង ​ហេតុនោះសព្វគ្រប់ហើយ​ ក៏នាំបិតារត់ចេញពី​នោះទៅ  ។ យក្ខិនី ជាមាតាដល់ត្រឡប់​មកវិញ មិនឃើញកូននិងស្វាមីក៏ហោះទៅតាម មានសន្ទុះ​លឿន​ដូចជា​​ខ្យល់ ទៅទាក់ពាក់​កណ្តាលផ្លូវនាំយក​មកវិញ ថ្ងៃក្រោយបាន​នាំបិតារត់ទៅទៀត យក្ខិនីតាម​ទាន់ទៀត ។ ថ្ងៃមួយព្រះពោធិសត្វបា​ន​គិតថា មាតារបស់អញ​មានឳកាស​ទីស្ថាន​បរិច្ឆេទ កំណត់ពីត្រឹមណាដល់ត្រឹមណា ? លុះគិតដូច្នេះហើយក៏សួរទៅមាតាៗ បានប្រាប់ទី​ស្ថានខែត្រដែនរបស់ខ្លួនសព្វគ្រប់ដល់ព្រះពោធិសត្វ ។
ថ្ងៃមួយព្រះពោធិសត្វបានឳកាសស្ងាត់ល្អ ក៏បញ្ជិះបិតា លើកនាំរត់ទៅ ដោយសន្ទុះ​យ៉ាង​លឿនដូចជាខ្យល់ បានទៅដល់ឆ្នេរស្ទឹងជាបំផុត​នៃព្រំដែនរបស់យក្ខិនីជា​មាតា​ហើយ ​នាំ​បិតាឆ្លងស្ទឹងនោះទៅ  លុះដល់ពាក់កណ្តាលស្ទឹងមាតាទៅតាមទាន់ ប៉ុន្តែមិនអាច​ហ៊ាន​ចាប់យក​មកវិញឡើញ ព្រោះហួសព្រំដែនរបស់ខ្លួន. ក៏ខំនិយាយ​អង្វរកូននិងស្វាមីឳ្យ​ត្រឡប់​ម​ក​វិ​ញដោយអាការៈផ្សេងៗ ដឹងថាជនទាំងពីរនាក់មិនត្រឡប់មកវិញហើយ  ក៏មានសេចក្តី​ខ្សឹកខ្សួលយំសោកបោកខ្លួន ព្រោះស្រឡាញ់កូនយ៉ាក្រៃលែង ទើបស្រែក​ហៅ​ព្រះពោធិសត្វថា នែកូនសំឡាញ់មាសម្តាយ បើអ្នកមិនត្រឡប់​វិញទេ​ចូរកូនរៀនយក​មន្តវិជ្ជា​ឈ្មោះ​ចិន្តា​មណីពីម្តាយចុះ  ព្រោះមនុស្សលោក បើគ្មានសិល្បៈហើយ រស់នៅបាន​ដោយកម្រ​ណាស់ ឯមន្តវិជ្ជាឈ្មោះចិន្តាមណីនេះមានតម្លៃកាត់មិនបាន ព្រោះមាន​អាយុភាព​យ៉ាងវិសេស បើទុកជាចោរនាំយកនូវភណ្ឌៈទៅលាក់ទុកអស់ ១២ ឆ្នាំ ក៏អាច​តាម​ដានជើងចាប់ចោរ​នោះបានភ្លាម ចូរកូនយកទៅរក្សាទុកឳ្យល្អចុះ ។
ព្រះពោធិសត្វ ឈរនៅពាក់កណ្តាលស្ទឹងបានស្តាប់មាតាថ្លែងគុណវិសេស នៃមន្តវិជ្ជា​ឈ្មោះចិន្តាមណី​នោះរួចហើយ​ក៏ថ្វាយបង្គំមាតា រៀនយកមន្តនោះដោយសព្វគ្រប់ ហើយលា​មាតា សូមលោកម្តាយអញ្ជើញត្រឡប់ទៅវិញចុះ ខ្ញុំសូមក្រាប​ថ្វាយបង្គំលា​ហើយ ។ ចំណែកខាង​យក្ខិនី ក៏ប្រហារដើមទ្រូងបែកហឫទ័យ​ស្លាប់ក្នុងទីនោះទៅ  ។ ព្រះពោធិសត្វ​ឃើញមាតាស្លាប់ហើយ ក៏នាំបិតាចាត់ចែងធ្វើជើងថ្ករបូជាសព លុះបូជា​ហើយ បានបេះផ្ការុក្ខជាតិផ្សេងៗ យកទៅបូជាធាតុ ថ្វាយបង្គំលានាំបិតា​ទៅកាន់ក្រុង​ពារាណសី​ទៅ ។ ​
វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ដកស្រង់ចេញប្រជុំនិទានជាតកភាគ១ របស់ព្រះបាឡាត់​ឧត្តម​លិខិត​ សុង ស៊ីវ សិទ្ធត្ថោ គ្រូបង្រៀនបាលីនៅវត្តលង្កា រាជធានីភ្នំពេញ ។ អព្រះគុណព្រះភិក្ខុ សិរីបញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ វត្តកល្យាណមិត្តខ្សាច់ពោយនិងលោកអាចារ្យ ចយ ធិន ដែលបានផ្តល់សៀវភៅប្រជុំនិទានជាតកនេះ។
រឿងសសបណ្ឌិត
រឿងសសបណ្ឌិត
( ចាក ស. ច. )
( បើមានបំណងធំ គួរកុំស្តាយជីវិតនិងទ្រព្យសម្បត្តិ )
ក្នុងកាល ​កន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយ​រាជក្នុង​ក្រុង​ពារាណសី​ ។​ កាល​នោះ​ព្រះសម្ពុទ្ធបរមគ្រូ  ទ្រង់សោយព្រះជាតិជាសត្វ​ទន្សាយ នៅអាស្រ័យ​ក្នុងដងព្រៃមួយ ក្នុងព្រៃនោះមានស្វា១ ចចក១ ភេ១ ជា​សំឡាញ់​​នឹង​គ្នា ​បាននៅរួមជាមួយនឹងទន្សាយ សុទ្ធតែជាបណ្ឌិត​គឺសត្វ​ចេះ​ដឹង ​តែងនាំគ្នាស្វែងរកអាហារតាមគោចរស្ថានរៀងៗខ្លួន ដល់ពេល​ល្ងាច​ទើប​មកជួបជុំគ្នា ។ ចំណែកសសបណ្ឌិតគឺទន្សាយ តែងពន្យល​ធម៌ដល់​សត្វទាំង​បីថា អ្នករាល់គ្នាត្រូវធ្វើទាន រក្សាសីលធ្វើឧបោសថកម្មកុំបីខាន ។ សត្វទាំង​បីក៏ព្រមទទួលប្រតិបត្តិឳវាទរបស់ទន្សាយគ្រប់ៗគ្នា ។
ថ្ងៃមួយទន្សាយក្រឡេកមើលទៅព្ធដ៏អាកាស បានឃើញ​ព្រះចន្ទ្ររះ​ពេញ​វង់ ​ភ្លឺស្វាងទែងក្នុងនភាល័យ ក៏ដឹងច្បាស់ថា​ស្អែកនេះជាថ្ងៃឧបោសថ ​ទើប​​ហៅ​សត្វ​​​ទាំង​បីមក​​ប្រាប់​ថា ​នែ ! សំឡាញ់ស្អែកនេះជាថ្ងៃឧបោសថ អ្នក​ទាំង​អស់គ្នា​ត្រូវរក្សា​ឧបោសថ​ហើយឳ្យ​ទាន​ផង ​ព្រោះ​ការ​រក្សា​​សីល​​ហើយ​​ឳ្យទាន ​​តែង​បាន​​ផល​ច្រើន ។​ សត្វ​ទាំងបីនោះ​ព្រម​ទទួល​ធ្វើតាម ​លុះព្រឹក​​ឡើង ភេ​​ បានកំណត់​​សីលក្នុង​ចិត្តហើយ​ ក៏ត្រាច់​ទៅ​រកចំណី​ក្បែរ​​ឆ្នេរគង្គាន​ទីបាន​​ឃើញ​ត្រីថ្ពិន ​៧ ​ដែលព្រានសន្ទូច​​ដោត​ជា​ចង្កោម​កប់​ទុក​ក្នុង​គំនរ​ខ្សាច់ ​ក៏បន្លឺ នូវសំឡេងបីដងថា ត្រីនេះមានម្ចាស់ឬទេ ? កាលបើមិន​ឃើញម្ចាស់​​ហើយ ក៏ពាំត្រីនោះទៅទុក​ក្នុងលំនៅ​របស់ខ្លួន​ រង់​ចាំកាល​គួរ​នឹង​បរិភោគ ក៏ដេក​ពិចារណា​សីលរបស់ខ្លួន​ទៅ ។ ​
ឯចចកចេញទៅរកអាហារ បានប្រទះឃើញសាច់ទន្សង​ឆ្អើរមួយ​ចង្កាក់​នឹងទធិមួយដប​ដែល​អ្នកស្រែម្នាក់ដាក់ ​ក្នុងខ្ទម ក៏ស្រែក​បន្លឺបីដងថា ​របស់​​នេះ​មានម្ចាស់​ឬទេ ? ​កាលបើមិន​ឃើញម្ចាស់​ហើយ ​ក៏ពាំយក​ទៅ​ទុក​ក្នុង​​លំនៅ​រ​បស់ខ្លួន រង់​ចាំកាល​គួរនឹងបរិភោគ​ ក៏ដេក​ពិចារណា​​សីលរបស់​ខ្លួន​ទៅ ។

ឯស្វា ក៏បានចូលទៅក្នុងព្រៃ​រកបេះបានផ្លែស្វាយទុំមួយ យកទៅ​ទុក​ក្នុង​លំនៅ​របស់ខ្លួន រង់​ចាំកាលគួរនឹងបរិភោគ ក៏ដេកពិចារណា​​មើលសីល​​របស់​ខ្លួនទៅ ។

ឯទន្សាយ ​បណ្ឌិត បានគិតថា ចាំដល់ពេលស្រួល​អញចេញទៅស៊ីស្មៅ ប៉ុន្តែបើមានស្មូមយាចក មកកាន់សំណាក់អញ ៗ គ្មានអ្វីឳ្យទេ សូម្បីតែ​អង្ករ និងល្ងរក៏​គ្មានដែរ បើប្រសិនជាមានស្មូមយាចកមកសុំមែន អញឳ្យ​សរីរៈ​របស់​អញ​ទាំង​មូល​​នេះ​ជា​​ទាន ​។ ​ដោយតេជៈ​​សីលនិង​​ទាន​ចេតនា​របស់​​ទន្សាយបណ្ឌិត ដែលកើតមាន​ពិតក្នុងចិត្ត ​ក៏ក្តៅ​ដល់​អាសនៈ​​របស់​សក្ក​​ទេវរាជ ​​។
លំដាប់ ​នោះសក្កទេវរាជ បានពិចារណាជ្រាបហេតុសព្វគ្រប់ហើយ ទើបចង់​ល្បង​មើល​សីលនិងទានរបស់​ទន្សាយបណ្ឌិត ក៏​និម្មិតខ្លួនជា​ព្រហ្មណ៍ចាស់ ដើរចូលកន្លែង​ ភេ​ ជាមុន ភេបានឃើញ​ឥន្ទ​ព្រាហ្មណ៍​នោះ​ហើយ ក៏សួរថា តាអញ្ជើញមក​មានការអ្វី ? ។ ឥន្ទព្រាហ្មណ៍ប្រាប់ថា ខ្ញុំមក​នេះប្រាថ្នារក​អាហារ បើប្រសិន​ជាបានបន្តិចបន្តួច ខ្ញុំបរិភោគ​ហើយ​និង​រក្សា​សីលនៅ​ក្នុងទីនេះ​ ។  ភេឆ្លើយថា ប្រពៃហើយលោកតា ថ្ងៃនេះខ្ញុំបានត្រីថ្ពិន ៧ ដែរ សូមលោកតា​ពិសាចុះ ។

ឥន្ទព្រាហ្មណ៍​ទទួលផ្ញើ​ទុ​​ក​ហើយ​ក៏ហួស​​ទៅលំនៅ​​ចចក​ទៀត​ ។ ​ចចកបាន​ឃើញហើយ ក៏បាននិយាយ​រាក់ទាក់នឹង​ឥន្ទព្រាហ្មណ៍ថា លោកតាថ្ងៃនេះ​ខ្ញុំបាន​​សាច់ទន្សង​ឆ្អើរមួយចង្កាក់ និងទធិ​មួយ​ដង ​សូមលោកតា​ពិសា​ហើយ​នៅ​ធ្វើសមណធម៌ក្នុងទីនេះចុះ ។

ឥន្ទព្រាហ្មណ៍គ្រាន់តែនិយាយ​ទទួលអំណរហើយ ​ហួស​ទៅលំនៅ​របស់ស្វា​ទៀត ។ ​ស្វាបាន​ឃើញហើយ ក៏និយាយរាក់ទាក់​គួរសមនឹងឥន្ទ​ព្រាហ្មណ៍​ថា ​ថ្ងៃនេះខ្ញុំមាន​តែស្វាយទុំមួយ និងទឹកត្រជាក់ទេ សូមអញ្ជើញ​​លោកតា​ពិសា​ហើយ ​នៅធ្វើសមណ​ធម៌ក្រោមម្លម់ឈើជាទីរីករាយនេះចុះ ។

ឥន្ទព្រាហ្មណ៍ ​​គ្រាន់តែរាក់ទាក់ទទួលអំណរហើយ ហួសទៅលំនៅរបស់​ទន្សាយ​បណ្ឌិតទៀត ​។ លុះទៅ ដល់ហើយ ​ក៏និយាយ​រៀបរាប់​អំពី​សេចក្តី​ត្រូវ​កា​រ​​​ចង់បរិភោគអាហារ និងនៅរក្សា​ឧ​បោសថ​សីល​ប្រាប់ដល់​ទន្សាយ​បណ្ឌិត ។ ​ឯទន្សាយបណ្ឌិតបានឮដូច្នេះហើយ ក៏​និយាយថា តាព្រាហ្មណ៍​អើយ ​តាអញ្ចើញ​មកកាន់​សំណាក់​​ខ្ញុំប្រពៃណាស់​​ហើយ ខ្ញុំនឹងបានឳ្យ​ទាន​ដែលខ្ញុំ​មិនធ្លាប់បានឳ្យ ប៉ុន្តែបើ​លោកតា​អ្នករក្សា​សីល តមមិនធ្វើ​បាណាតិបាត ​ចូរតាទៅរក​ឧស​បង្កាត់​ភ្លើង​ហើយមក​ប្រាប់​ដល់ខ្ញុំ ៗ នឹង​លោត​​ទម្លាក់​ខ្លួនត្រង់កណ្តាល​រ​ងើកភ្លើងនោះ ​បើសាច់ខ្ញុំ​ឆ្អិនល្មម​ហើយ​ សូម​លោកតាពិសាហើយធ្វើសមណធម៌ចុះ ​។ ​

វេលានោះឥន្ទ​ព្រាហ្មណ៍បានបង្កាត់ភ្លើងដោយឫទ្ធិរបស់ខ្លួន​ឆេះសន្ធោរ​សន្ធៅ​ ហើយ មកប្រាប់ដល់​ទន្សាយបណ្ឌិត ៗ ក៏ដើរទៅឈរជិត​គំនរភ្លើង​នោះនិយាយ​ថាប្រសិន​បើមានសត្វល្អិត​ ជ្រកនៅត្រង់ចន្លោះរោមរបស់យើង សុំកុំឳ្យ​ស្លាប់ ​​រលាស់​ខ្លួនបីដងហើយ ក៏លោតទៅក្នុងគំនរភ្លើង​ដោយ​ចិត្ត​រីករាយ​​ដូចជា​រាជហង្ស  ចុះទំលើគំនរផ្កាឈូកក្រហម គួរអស្ចារ្យពេក​ណាស់ ​​សូម្បីតែរោម​មួយ ក៏មិនឆេះឡើយ ត្រជាក់ដូចជាលោត​ចូល​ទៅក្នុង​គំនរទឹកសន្សើម ។ លំដាប់នោះទន្សាយសួរឥន្ទព្រាហ្មណ៍ថា តាអើយ​ភ្លើង​នេះ​ក៏ត្រជាក់ម្លេះ ? ។ ឥន្ទព្រាហ្មណ៍ឆ្លើយថា ចៅអើយ  តាមិនមែនជា​ព្រាហ្មណ៍​​ទេ គឺជា​ព្រះឥន្ទ្រ​ ខ្ញុំមកនេះដោយចង់ល្បងមើលសីល និងទាន​របស់​អ្នកទេតើ ! ។

ទន្សាយបណ្ឌិត បានបន្លឺសីហនាទតបថា បពិត្រទេវរាជ កុំថាឡើយព្រះអង្គ​ម្នាក់ឯង បើទុក​ជាលោកសន្និវាសទាំងមូល មកចង់​ល្បង​មើល​ទាន​​របស់​ខ្ញុំក៏ដោយ ត្រង់របស់ខ្ញុំមិនចង់ឳ្យមិនមានទេ ។ លំដាប់នោះ​សក្កទេវរាជ​​​ពោលថា ​ម្នាលទន្សាយបណ្ឌិត គុណរបស់អ្នកចូរតាំង​នៅអស់​មួយ​កប្ប កុំឳ្យ​រលុបបាត់ឡើយ ទើបចាប់ថ្មភ្នំ​ដោយទេវនុភាព  ច្របាច់ពួតយក​ជ័រទៅ​គូរជារូប​ទន្សាយភ្ជាប់​នឹងមណ្ឌលព្រះចន្ទ្រ ហើយ​ត្រឡប់ទៅ​កាន់ទេវ​លោក​វិញ ​។​​

ឯសត្វទាំង ៤ ក៏នាំគ្នារក្សាសុចរិតធម៌ ដរាបដល់អស់អាយុ បានទៅកើតក្នុង​ទេវលោក​ទាំងអស់គ្នា ។
ជាតកនេះព្រះសាស្តាទ្រង់ត្រាស់ថា ភេក្នុងកាលនោះគឺអានន្ទ ចចកគឺ​មោគ្គល្លាន​ស្វាគឺសារីបុត្រ ព្រះឥន្ទ្រគឺអនុរុទ្ធ ទន្សាយបណ្ឌិត​គឺអង្គ​ព្រះតថាគត ​៕​
វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ដកស្រង់ចេញប្រជុំនិទានជាតកភាគ១ របស់ព្រះបាឡាត់​ឧត្តម​លិខិត​ សុង ស៊ីវ សិទ្ធត្ថោ គ្រូបង្រៀនបាលីនៅវត្តលង្កា រាជធានីភ្នំពេញ ។ អព្រះគុណព្រះភិក្ខុ សិរីបញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ វត្តកល្យាណមិត្តខ្សាច់ពោយនិងលោកអាចារ្យ ចយ ធិន ដែលបានផ្តល់សៀវភៅប្រជុំនិទានជាតកនេះ។

One thought on “Buddha story

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s