health

នាំ​គ្នា​ផ្អើល​ទិញ​ទឹក​ភេសជ្ជៈ​គោ​ជល់​លាយ​ជាមួយ​ទឹក​ឃ្មុំ​ផឹក​ដើម្បី​កុំ​ឲ្យ​ឆ្លង​វីរុស​អ៊ីវី​៧១​

ស្រប​ពេល​ដែល​មេរោគ​អ៊ីវី​៧១​កំពុង​បន្ត​សកម្ម​ភាព​រាត​ត្បាត​ ដល់​កុមារ និង​ប្រជា​ពល​រដ្ឋ​កម្ពុជា ហើយ​ចំ​ពេល​ក្រសួង​អប់​រំ​ យុវ​ជន​ និង​កីឡា​បាន​ប្រកាស​ឲ្យ​សាលា​នៅ​រាជ​ធានី​ភ្នំពេញ​និង​តម្រូវ​ឲ្យ​ខេត្ត​ មួយ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​បិទ​ទ្វារ​សាលា​រៀន​ជា​បន្ត​បន្ទាប់​ផង​ដែរ​ នោះ ​ ក៏​មាន​ពាក្យ​ចចាម​រ៉ាម​មក​ថា​ ប្រជា​ជន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នាំ​គ្នា​ផ្អើល​ទិញ​ទឹក​គោ​ជល់​លាយ​ ជាមួយ​ទឹ​ក​ឃ្មុំ​យក​មក​ផឹក​ដើម្បី​កុំ​ឆ្លង​វីរុស​អ៊ីវី​៧១។​ តើ​ពាក្យ​ចចាម​រ៉ាម​ដែល​គេ​លើក​ឡើង​នោះ ជា​ការ​ពិត​ដែរ​ឬ​ទេ?​ ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​សូម​លោក​អ្នក​តាម​ដាន​ជា​មួយ​គេហ​ទំព័រ​សុខ​ ភាព​កម្ពុជា។​

រូបភាពគេហទំព័រសុខភាពកម្ពុជា

ខណៈ​ពេល​ដែល​មេរោគ​អ៊ីវី៧១​ បាន​នឹង​កំពុង​តែធ្វើ​​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ជា​ពិសេស​ចំពោះ​ឪពុក​ម្តាយ​ដែល​ស្រឡាញ់​កូន​តូចៗ​របស់​ខ្លួន​នោះ បាន​ធ្វើ​ឲ្យ​ព័ត៌​មាន​នៃ​ការ​ឆ្លង​មេរោគ​នេះ កាន់​តែ​ល្បីគ្រ​ប់​ទិស​ទី​ ហើយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ និង​ពាក់​ព័ន្ធ​ទាំង​អស់​ បាន​នឹង​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើការ​ផ្សព្វ​ផ្សាយ​ ឲ្យ​ប្រជា​ពល​រដ្ឋ​ទូទៅ ត្រូវ​ចេះមើ​ល​កូនៗ​របស់​ខ្លួន​ ដោយ​ប្រុង​ប្រយ័ត្ន​ជា​ទី​បំផុត។​

ជាមួយ​នឹង​ការ​ផ្សព្វ​ផ្សាយ ក៏​ដូច​ជាការ​ប្រកាស​ពី​ក្រសួង​សុខា​ភិបាល​នូវ​ការ​រីក​រាល​ដាល​ការ​ឆ្លង​ មេរោគ​ខាង​លើ​នេះ​ បាន​ធ្វើ​ឲ្យ​ជន​ខិល​ខូច​មួយ​ចំនួន ឆ្លៀត​យក​ឱកាស​នេះ ទៅ​បំផុស​បំផុល នូវ​ព័ត៌​មាន​មិន​ពិត ដោយ​បាន​និយាយ​តៗ​គ្នា​ថា​ ត្រូវ​ទិញ​ទឹក​ភេស​ជ្ជះ​គោ​ជល់ និង​ទឹក​ឃ្មុំដើម្បី​លាយ​គ្នា​ហើយ​ពិសារ​ទៅ ពេល​នោះ​នឹង​អាច​ជៀស​ផុត ការ​ឆ្លង​មេរោគ​នេះ​ ជាក់​ជា​មិន​ខាន​ឡើយ ។ យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​ពាក់​ព័ន្ធ និង​មូល​ដ្ឋាន បាន​នឹង​ចាត់​វិធាន​ការណ៍​ ចំពោះ​បញ្ហា​នេះ​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពល​រដ្ឋ កុំ​ឲ្យ​មាន​ការ​ចាញ់​បោក ជន​ខិល​ខូច​ទាំង​នោះ។ រឿង​រ៉ាវ និង​ពាក្យ​ចចាម​អារ៉ាម​ និង​ការ​និយាយ​បោក​ប្រាស់​ខាង​លើ​នេះ បាន​កើត​ឡើង​នៅ ឃុំ​រហាត់​ទឹក ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែល​ត្រូវ​បាន​ឮ​ដំណឹង​មុន​គេ និង​បែក​ធ្លាយ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​ទី​ក្រុង​ភ្នំពេញ​ផង​ដែរ។​

ស្រ្តី​ម្នាក់​ដែល​បាន​ទិញ​ទឹក​ភេស​ជ្ជះ​គោ​ជល់ និង​ទឹក​ឃ្មុំ​សម្រាប់​លាយ​ឲ្យ​ចៅ​តូច របស់​ខ្លួន​ទើប​តែ​មាន​អាយុ​២​ឆ្នាំផឹ​ក​នោះ ​បាន​​ប្រាប់​​​ឲ្យ​​អ្ន​ក​សារព័ត៌​មាន​ក្នុង​ស្រុក​មួយ​ដឹង​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​រូប​គាត់​ទិញ​ទឹក​គោ​ជល់ និង​ទឹក​ឃ្មុំ​លាយ​គ្នា​ផឹក​នោះ គឺ​ដើម្បី​ ការពារ​កុំ​ឲ្យ​មាន​ការ​ឆ្លង​មេរោគ EV-71 ដែលប​ច្ចុប្បន្ន​ បាន​ឆ្លង​ទៅ​លើ​កុមារ​ជា​ច្រើន​នាក់ និង​បាន​សម្លាប់​ កុមា​រកម្ពុជា​ជាង​៦០​នាក់​រហូត​មក​ដល់​ពេល​នេះ​ផង​ដែរ។ ស្រ្តី​រូប​នេះបា​ន​បន្ត​ថា រឿង​ហេតុ និង​ការ​និយាយ​ត​គ្នា​ខាង​លើ​នេះ ​បានកើ​ត​ឡើង​អស់ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ដែល​ម្នាក់ៗ​ ទាំង​ប្រុស​ទាំង​ស្រី ក្មេង​ចាស់​ជា​ច្រើន នៅ​ផ្សារ​រហាត់​ទឹ​ក​ ខេត្ត​បន្ទាយ​មាន​ជ័យ​នេះ បាន​ទិញ​គោជ​ល់ និង​ទឹក​ឃ្មុំ លាយ​គ្នា​ផឹក ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ​ EV-71 ។ សូម្បី​តែ​មនុស្ស​ចាស់​ ក៏​បាន​ទិញ​គោជ​ល់​លាយ​ជាមួយ​ទឹក​ឃ្មុំ​ផឹក​ដែរ ព្រោះ​ខ្លាច​ឆ្លង​មេរោគ​ខាង​លើ​នេះ ហើយ​មាន​មនុស្ស​ជា​ច្រើន​នាក់​ នៅ​តំបន់​នោះ​បាន​ផឹក​រួច​ហើយ។​

រី​ឯ​កញ្ញា ភារុណ ជា​បុគ្គលិក​អង្គការ​ហាការ​ នៅ​ទី​ក្រុង​ភ្នំពេញ​ បាន​ប្រាប់​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​ឲ្យដឹ​ង​កាល​ពីព្រឹក​មិញ​នេះថា​ សូម្បី​កញ្ញា និង​ក្រុម​គ្រួសារ​ ក៏​បាន​ទិញ​ទឹក​ភេសជ្ជៈ​គោ​ជល់​ផឹក​កាល​ពី​ម្សិល​មិញ​ផង​ដែរ ព្រោះ​ដោយ​សារ​បង​ថ្លៃ​របស់​កញ្ញា​ដែល​រស់​នៅ​ស្រុក​ថ្ម​គោល​ ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ប្រាប់​ឲ្យ​ធ្វើ​យ៉ាង​ដូច្នេះ ដើម្បី​ការពារ​ពី​ការ​ឆ្លង​នៃ​ជម្ងឺ​អីវី​៧១​នេះ។ កញ្ញា​បាន​បញ្ជាក់​ថា ដំបូង​ពេល​ឮ​ដំណឹង​នេះ ​កញ្ញា​និង​ក្រុម​គ្រួសារ​មិន​ទាន់​ហ៊ាន​ជឿ​ទេ តែ​ដោយ​សារ​ឃើញ​អ្នក​ជិត​ខាង​កញ្ញា​ទិញ​ផឹក និង​ឮ​ល្បី​នៃ​ការ​ឆ្លង​នៃ​ជម្ងឺ​នេះ​ ទើប​កញ្ញា​ និង​គ្រួសារ​ទិញ​ផឹក​តែ​ម្តង​ទៅ ហើយ​កញ្ញា ក៏​ថែម​ទាំង​ពោល​ពាក្យ​ថា ការពារ​ប្រសើរ​ជាង​ព្យាបាល។​ រី​ឯ​អ្នក​ដែល​រស់​នៅ​ជិត​ផ្ទះ​កញ្ញា​ គឺ​អ្នក​ស្រី យឹម​ សាត​ ក៏​មាន​ប្រសាសន៍​ស្រដៀង​ទៅ​នឹង​កញ្ញា​ភារុណ​ផង​ដែរ​ទាក់​ទិន​ទៅ​នឹង​ការ​ទិញ ​ភេជ្ជៈ​គោ​ជល់​លាយ​ជាមួយ​ទឹ​កឃ្មុំ​ដើម្បី​ផឹក​នេះ។​

ទាក់​ទិន​នឹង​បញ្ហា​នេះ អភិ​បាល​ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយ​មាន​ជ័យ លោក​ អ៊ី​ ឡុង បាន​ឲ្យ​ដឹង​ថា​ ពាក្យ​ចចាម​អារ៉ាម​នេះលោ​ក​បាន​ឮ​កាល ពី​ពេល​ថ្មីៗ​នេះ ដែរ​ ប៉ុន្តែ​មិន​ទាន់​ល្បី​ខ្លាំង​នោះ​ទេ។ ដូច្នេះ​ លោក​បាន​សង្ក​ត់​ធ្ងន់​ថា​ បើ​មាន​ករណី​នេះ​កើត​ឡើង​មែន​នៅ​ឃុំរ​ហាត់​ទឹក ខេត្ត​បន្ទាយ​មានជ័យ​នេះ លោក​នឹង​សុំ​កិច្ច​សហការ​ជាមួយ​មន្ទីរ​សុខា​ភិបាល​ខេត្ត​ ដើម្បី​ធ្វើការ​ផ្សព្វ​ផ្សាយ ជូន​ប្រជា​ពល​រដ្ឋ​ភា្លម​ដើម្បី​ជៀស​វាង​ការ​ចាញ់​បោក​ជន​ខិល​ខូច​ទាំង​នោះ។

​សូម​បញ្ជាក់​ថា ចាប់​ពី​ដើម ឆ្នាំ​២០១២ រហូត​មក​ដ​​ល់​ខែ​​កក្កដា​​នេះ មាន​​កុមារ​​កម្ពុជា​​ជាង​​៦០​​នាក់​​បាន​​ស្លាប់​​​ដោយ​សារ​​មេរោគ​​ EV-71​ និង​​មាន​ជាង៧​០ក​រណីហើ​យ​ដែល​បាន​កើត​លើ​កុមារ​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ។ កាល​ពីថ្ងៃ​ទី១៣​ ខែ​កក្កដា​ ឆ្នាំ​២០១​២ ​ក្រសួង​សុខា​ភិបាល​ និង​អង្គការ​សុខ​ភាព​ពិភព​លោក (WHO) បាន​បង្ហាញ​ថា ជម្ងឺ​ពងបែក​ដៃ​ជើង​ និង​ក្នុង​មាត់​ជា​ញឹក​ញាប់​បង្ក​ឡើង​ដោយ កុក​សាគី​វីរុស​ A16 ដែល​បង្ក​ឲ្យ​មាន​ជម្ងឺ​ស្រាល​ ដោយ​ពុំ​ចាំ​បាច់​ទទួល​ការ​ព្យាបា​ល​ពី​បុគ្គលិក​សុខា​ភិបាល និង​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ។​

ក៏​ប៉ុន្តែ​ជម្ងឺ​ពង​បែក​ដៃ​ជើង និង​ក្នុង​មាត់​ក៏​អាច​បង្ក​ផង​ដែរ​ដោយ​សារ Enterovirus ដែល​ក្នុង​នោះ​មាន​វីរុស​អ៊ី​វី​៧១​ ដែល​អាច​បង្ក​ឲ្យ​មាន​ជា​ផល​វិបាក​ធ្ងន់​ធ្ងរ និង​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន។ ជ​ម្ងឺព​ង​បែក​ដៃ​ជើង និង​ក្នុង​មាត់​ជា​ទូទៅ​ កើត​ក្នុង​ចំណោម​កុមារ​ ដែល​មាន​អាយុ​តិច​ជាង​១០​ឆ្នាំ តែ​ភាគ​ច្រើន គឺ​កើត​ក្នុង​ចំណោម​កុមារ ដែល​មាន​អាយុ​តិច​ជាង​៥ឆ្នាំ​ ហើយ​កុមារ​ដែល មាន​អាយុ​តិច ងាយ​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ។​

រយៈ​ពេល​ចាប់​ពី ឆ្លង​រោគ​ដល់​ចេញ រោគ​សញ្ញា​ជា​ទូទៅ​៣​ទៅ​៧​ថ្ងៃ ហើយ​រោគ​សញ្ញា​ញឹក​​ញាប់​នៃ​ជម្ងឺ​នេះ ​គឺ​ក្ដៅ​ខ្លួន​ដែល​មាន​រយៈ​ពេល​ពី​២៤ ទៅ​៤៨​ម៉ោង។ ជម្ងឺ​នេះ ជា​ទូទៅចា​ប់​ផ្ដើម​ឡើង ដោយ​មាន​ក្ដៅខ្លួន ​ការ​បរិភោគ​ថយ​ចុះ អស់​កម្លាំង​ និង​ភាគ​ច្រើន​មាន​ឈឺ​បំពង់​ក។ មន្រ្តី​សុខា​ភិបាល បាន​និយាយ​ថា ជម្ងឺ​ពង​បែក​ដៃ​ជើង និង​ក្នុង​មាត់ ជាជម្ងឺ​ឆ្លង​ដែល​អាច​ឆ្លង​ ពីម​នុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ដោយ​ការ​ប៉ះ​ពាល់​ផ្ទាល់ ទៅ​នឹង​សំបោរ កំហាក​ ទឹក​មាត់ ទឹក​រងៃ​ដែល​ចេញ​ពី​ពង​បែក ឬ​លាមក​ នៃ​អ្នក​ជម្ងឺ។ អ្នក​ជម្ងឺ​អាច​ចម្លង​ទៅ​អ្នក​ដទៃ​បាន​ខ្លាំង​បំផុត​ក្នុង​កំឡុង​សប្ដាហ៍​ ទីមួយ​នៃ​ជម្ងឺ​ តែ​គាត់​អាច​ចម្លង​ជម្ងឺ​ បាន​រហូត​ដល់​ច្រើន​សប្ដាហ៍​ក្រោយ​ទៀត។ ជម្ងឺ​ពង​បែក​ដៃ​ជើង និង​ក្នុង​មាត់ មិន​អាច​ចម្លង​ពី​សត្វ​ចិញ្ចឹម ឬ​សត្វ​ដទៃ​ទៀតបាន​​ឡើយ។​

ជាមួយ​គ្នា​ការ​រាត​ត្បាត​នៃ​ជម្ងឺ​ខាង​លើ​នេះ រាជ​រដ្ឋា​ភិបាល បាន​សម្រេច​ឲ្យ​សិស្ស​សាលា ឈប់​សម្រាក​ចាប់​ពី​ថ្ងៃ​ទី១៨​ ខែ​កក្កដា ឆ្នាំ​២០១២ នេះ​តទៅ​នៅ​ទូទាំង​ប្រទេស ពោល​មុន​វិសម្ស​កាល​ទៅ​ទៀត ដែល​ការ​ប្រកាស​ឲ្យ​ឈប់​នេះ​ ត្រូវ​បាន​មតិ​ខ្លះលើ​ក​ឡើង​ថា មក​ពី​ខ្លាច​ឆ្លង​មេ​រោគ​អ៊ីវី៧១​នេះ ប៉ុន្តែ​ត្រូវ​បាន​មន្រ្តី​ជំនាញ ធ្វើកា​រ​បដិ​សេធ​ចោល​។ កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្មេងៗ​នៅ​ខេត្ត​បាត់​ដំបង​ចំនួន​៣​នាក់ ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ឆ្លង​មេរោគ​នេះ​ ប៉ុន្តែ​ត្រូវ​ក្រុម​គ្រូពេទ្យ​ធ្វើ​ការ​ព្យា​បាល​ទាន់​ពេល​វេលា។ ចំណែក​ឯ​ខេត្ត​កំពង់​ចាម​វិ​ញ​ ជម្ងឺ​អ៊ីវី​នេះ​បាន​ឆក់​យក​ជីវិត​កុមារ​នៅ​ក្នុង​ខេត្ត​នេះ​អស់​ចំនួន​២​ នាក់​មក​ហើយ​ និង​មាន​ក្មេង​មួយ​ចំនួន​ផ្សេង​ទៀត​កំពុង​កើត​មាន​ជម្ងឺ​នេះ។ ជា​ពិសេស​សាលារៀ​ន​ជាង​១០០០​ក​ន្លែង​នៅ​ទូទាំ​ង​ប្រទេស​ត្រូវ​បាន​បិទ​ និង​ផ្អាក​ការ​សិក្សា​ជាប​ណ្តោះ​អាសន្ន​ចាប់​ពី​ថ្ងៃ​ទី១៨​ ខែ​កក្កដា​ ឆ្នាំ​២០១២​។ ដោយ​ឡែក​នៅ​ក្នុង​ប្រទេស​ថៃ​ឯណោះវិ​ញ​ ក៏​មាន​សេចក្តី​ប្រកាស​អំពី​ការ​បិទ​ទ្វារ​សាលា​ផង​ដែរ ដោយ​ខ្លាច​ឆ្លង​មេរោគ​នេះដ​ល់​កូន​សិស្ស​ ​ខណៈ​ដែល​កុមារ​ជន​ជាតិ​ថៃ​ជា​ច្រើន​រយ​នាក់​បាន​ស្លាប់​រួច​មក​ហើយ​នោះ។​

ជម្ងឺ​ឱកាស​និយម

ប្រព័ន្ធ​ការពារ​រាងកាយ​គឺជា​ខែល​ការពារ​យ៉ាង​សំខាន់​សម្រាប់​ សុខភាព​របស់​មនុស្សម្នាក់ៗ។ នៅពេល​ដែល​ប្រព័ន្ធ​ការពារ រាងកាយ​ចុះខ្សោយ​ទ្រុឌទ្រោម​គឺងាយ​ធ្វើឱ្យ​សុខភាព​ឆ្លងនូវ​ពពួក​បាក់តេរី​ ផ្សេងៗ​បំផុត។ ជម្ងឺ​ឱកាស​និយម​ជាជម្ងឺ​ដែល​បណ្ដាល​មកពី មេរោគ​ជាច្រើន​ដែលជា​ធម្មតា​មិនបង្ក​ឱ្យមាន​ជម្ងឺចំពោះ​មនុស្ស​ដែលមាន​ ប្រព័ន្ធ​ភាពស៊ាំ​ដំណើរ​ការល្អ​នោះទេ។ ជម្ងឺ​ឱកាស​និយម​អាចបង្ក​ដោយ​បាក់តេរី វីរុស មេរោគ​ផ្សិត និង​ពពួក​ប៉ារ៉ាស៊ីត​ជាដើម។ នៅដំណាក់​កាល​ធ្ងន់ធ្ងរ​នៃជម្ងឺ​នេះគឺ​តែងតែ​មាន​មេរោគ​ជាច្រើន ចូល​លុកលុយ​លើសពី​មួយ​ប្រភេទ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស​ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត សុះ មារី អ្នក​ឯកទេស​ផ្នែកជម្ងឺ​អេដស៍ និងជម្ងឺ​ឱកាស​និយម​នៅ​សមាគម​ឈូកស ដើម្បី​ធ្វើការ​បកស្រាយ​ពីជម្ងឺឱកាស​និយម។

អ្វីទៅ​ជាជម្ងឺ​ឱកាស​និយម?

ជម្ងឺ​ឱកាស​និយម​គឺជា​ជម្ងឺដែល​ឆ្លៀត​ឱកាស​នៅពេល​ដែល​ប្រព័ន្ធ​ការពារ​ រាងកាយ​ចុះខ្សោយ ចេញ​ជារោគ​សញ្ញា​បង្ហាញ​ឱ្យឃើញ​តែម្ដង ក្នុងនោះ​មានជម្ងឺ​ជាច្រើន​ប្រភេទ​ដែល​ជាជម្ងឺ​ឱកាស​និយម​នេះ។ តែប្រភេទ​ជម្ងឺ​ដែលជួប​ញឹកញាប់​ជាងគេ​នោះ គឺជម្ងឺ​របេងសួត រលាកសួត រលាក​ស្រោម​ខួរក្បាល ផ្សិត​ខួរក្បាល និងការ​រាករូស​មិនដឹង​មូលហេតុ។ ជម្ងឺ​អេដស៍ និង​ជម្ងឺ​ឱកាស​និយម​ចែកចេញ​ជាបួន​ដំណាក់​កាល នៅ​ដំណាក់​កាលទី១​គឺមិន​មានរោគ​សញ្ញា​អ្វីទេ ដំណាក់​កាល​ទី២​គឺអ្នក​ជម្ងឺ​មានការ​ស្រកទម្ងន់​តិចជាង​១០ភាគរយ មានចេញ​រើម និង​មានចេញ​ជាជម្ងឺ​សើស្បែក ដូចជា​ផ្សិត​លើក្រចក ឬ​ដំបៅមាត់​ជាដើម។ នៅ​ដំណាក់​កាល​ទី៣គឺទម្ងន់​ចុះ​ច្រើនជាង ១០​ភាគរយ​នៃទម្ងន់​ដងខ្លួន ហើយ​មានជម្ងឺ​របេងសួត និង​ជម្ងឺផ្សិត​ក្នុងមាត់។ នៅ​ដំណាក់កាល​ទី៤​គឺឈាន​ដល់​ដំណាក់​កាល​ជម្ងឺ​អេដស៍​តែម្ដង ដោយមាន​សភាព​ស្គមកំព្រឹង ប៉ះពាល់​ទៅដល់​បញ្ហា​ផ្លូវ​ដង្ហើម និងលើ​ស្បែក។

រោគ​សញ្ញា​គ្លីនិក​នៃជម្ងឺ​ឱកាស​និយម

សញ្ញា​គ្លីនិក​នៃជម្ងឺ​ឱកាស​និយម​មាន​លក្ខណៈ​ខុសៗគ្នា អាស្រ័យ​ទៅលើ​ប្រភេទ​មេរោគ​ដែលបង្ក​ជម្ងឺនោះ ហើយ​សរីរាង្គ​នឹងទទួល​បានផល​ប៉ះពាល់។ មេរោគ​ខ្លះអាច​បណ្ដាល​ឱ្យមាន​បញ្ហា ដូចជា​ពងបែក​នៅមាត់ និងនៅ​ប្រដាប់​ភេទ ឬ​មហារីក​ដែល​កើតមាន​នៅលើ​សរីរាង្គលើសពី​មួយ​កន្លែង។ បើ​និយាយ​អំពី​រោគសញ្ញា​នៃជម្ងឺ​ឱកាស​និយម រួមមាន​មាន​អារម្មណ៍​វិលមុខ ឈឺ​នៅពេល​លេបទឹក ឬ​អាហារ មាន​បញ្ហា​ក្នុងការ​ដកដង្ហើម ការ​ឈឺក្បាល​ខ្លាំង​ញឹកញាប់ មាន​បញ្ហា​ភ្នែក មាន​អារម្មណ៍​កាន់តែ​អស់​កម្លាំង គ្រុនក្ដៅ ឬមាន​អារម្មណ៍​ក្ដៅ​លើស​ពីមួយថ្ងៃ បែកញើស​ខ្លាំង និងក្អក​លើសពី​រយៈពេល​ពីរសប្ដាហ៍។ ជម្ងឺ​ឱកាស​និយម​បាន​បញ្ចេញ​រោគសញ្ញា និងផល​លំបាក​ទៅតាម​ប្រភេទ​ជម្ងឺ​នីមួយៗ។

1 . រោគ​សញ្ញា​ផ្លូវដង្ហើម

សួត​គឺជា​សរីរាង្គ​ដែល​ទទួល​រងផល​ប៉ះពាល់​ញឹកញាប់​បំផុត​ចំពោះ​អ្នកដែល​ ផ្ទុក​មេរោគ​អេដស៍។ ពពួក​មេរោគ​ដែល​បង្កជារោគ​សញ្ញា​ញឹកញាប់​បំផុត គឺ​បាក់តេរី ធ្វើឱ្យ​មានជម្ងឺ​សួត និងជម្ងឺ​របេង។ ហើយ​មាន​ពពួក​វីរុស​ដែលធ្វើ​ឱ្យកោសិការីក​ធំ និង​ជម្ងឺ​សើស្បែក រីឯ​ពពួក​មេរោគ​ផ្សិត​នឹងធ្វើ​ឱ្យមាន​ជម្ងឺ​រលាក​សួត​ប្រភេទ​ធ្ងន់ធ្ងរ និង​មេរោគ​មហារីក មហារីក​ជាលិកា និង​មហារីក​កូន​កណ្ដុរ។ ជម្ងឺ​ដែល​ស្ថិតក្នុង​រោគ​សញ្ញា​ផ្លូវដង្ហើម​មាន​ដូចជា ៖

  • ជម្ងឺ​រលាកសួត​ប្រភេទ​ធ្ងន់ធ្ងរ ៖ គឺជា​ជម្ងឺ​ឱកាស​និយម​ធ្ងន់ធ្ងរ ដែល​កើតមាន​ជា​ញឹកញាប់។ ជម្ងឺនេះ​អាចធ្វើ​ឱ្យខូចខាត​ធ្ងន់ធ្ងរ​ដល់​សមត្ថភាព​របស់​សួត​ក្នុងការ​ បញ្ជូន​អុកស៊ីសែន​ពីខ្យល់​ដែលបាន​ស្រូប​ទៅក្នុង​ឈាម ដែលអាច​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​បាន។ ដូចនេះចាំបាច់​ត្រូវធ្វើ​ការ​ពិនិត្យ និង​ព្យាបាល​ឱ្យទាន់​ពេលវេលា។ ជម្ងឺ​នេះមាន​រោគសញ្ញា​ដូចជា​ក្អកស្ងួត ដង្ហើម​ខ្លីៗ គ្រុនក្ដៅ និង​សញ្ញា ខ្លះ​មាន​នៅលើ​ដើមទ្រូង។ នៅពេល​ឈានដល់​សភាព​ធ្ងន់ធ្ងរ​ដោយ​សារតែ​ការ​វិវឌ្ឍន៍​នៃជម្ងឺ​នេះ​បន្ដិច​ ម្ដងៗ អ្នកជម្ងឺ​មានការ​ស្ទះដង្ហើម​ធ្ងន់ធ្ងរ គ្រុនក្ដៅ ខ្វះ​អុកស៊ីសែន និង​អាចមាន​អារម្មណ៍​ច្របូក​ច្របល់ និង​រវើរវាយ។ ចំពោះ​ការ​ព្យាបាល​នៃ​ជម្ងឺរលាក​សួត​ប្រភេទ​ធ្ងន់ធ្ងរ​នេះ​គឺការ​ប្រើ​ឱសថ ការ​ព្យាបាល​នេះមាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​ការប្រើ​ឱសថ​នេះគឺ​សម្រាប់​ព្យាបាល និង​បង្ការ​ជម្ងឺ​រលាក​សួត​ប្រភេទ​ធ្ងន់ធ្ងរ។
  • ជម្ងឺ​របេង​សួត ៖ ជម្ងឺនេះ​មាន​រោគ​សញ្ញា​ក្អក​លើសពី​៣សប្ដាហ៍​ឡើងទៅ ហើយ​ស្រក​ទម្ងន់លឿន បរិភោគ​បាយ​មិនសូវ​បាន ឧស្សាហ៍​បែកញើស​ស្អិតៗ​នៅពេល​យប់ហត់។ បើសិន​ជាមិន​យកចិត្ដ​ទុកដាក់​ព្យាបាល​ទេ គឺអាច​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ ជម្ងឺនេះ​នឹងអាច​ព្យាបាល​​បាន​ជាសះ​ស្បើយ បើសិន​ជាអ្នក​ជម្ងឺ​ទទួលបាន​ការ​ព្យាបាល​យ៉ាង​ត្រឹមត្រូវ និង​យកចិត្ដ​ទុកដាក់។ ការធ្វើ​រោគ​វិនិច្ឆ័យ​នៃជម្ងឺ​នេះគឺ​ដោយការ​ដាក់​កំហាក​រយៈពេល​២ថ្ងៃ​ ទើបដឹង​ពីលទ្ធផល និង​ធ្វើការ​ថតសួត។
  • ជម្ងឺ​របេង​ស្រោម​សួត ៖ ជម្ងឺ​របេង​ស្រោមសួត​នេះ​បណ្ដាល​ឱ្យអ្នក​ជម្ងឺ​មាន​អាការ​ឈឺទ្រូង ហត់ ក្អកស្ងួត និងមាន​ក្អកខ្លាំង នៅពេល​ផ្លាស់ប្ដូរ​ចលនា​ធ្វើ​សកម្មភាព​អ្វីមួយ។ ចំពោះ​ការធ្វើរោគ​វិនិច្ឆ័យ​របស់​របេង​ស្រោមសួត​គឺផ្អែក​ទៅលើ​ការយក​ ទឹកក្នុង​ស្រោមសួត​មក​ពិនិត្យ និង​ធ្វើការ​ថតសួត។

2 . រោគ​សញ្ញា​មាត់

មាត់​ទទួលផល​ប៉ះពាល់​ញឹកញាប់​ដោយសារ​ជម្ងឺ​ឱកាស​និយម។ ការ​ពិនិត្យមាត់​គឺជាផ្នែក​មួយ​នៃការ​ពិនិត្យ​រាងកាយ​របស់អ្នក​ជម្ងឺ​ ទាំងអស់ ដែល​សង្ស័យ​ថាមាន​ផ្ទុក​មេរោគ​អេដស៍។ បញ្ហា​មាត់​បណ្ដាល​ឱ្យកម្លាំង​ចុះខ្សោយ ព្រោះវា​ប៉ះពាល់​ដល់ការ​ទទួលទាន​អាហារ។ រោគ​សញ្ញា​មាន​ដូចជា​ឈឺចាប់​នៅពេល​ទទួល​ទាន​អាហារ ពិបាក​លេបទឹក និង​មិនសូវ​ឃ្លាន​អាហារ។ រោគ​សញ្ញា​ដែលសង្កេត​ឃើញ​ជា​ញឹកញាប់​បំផុត​នោះគឺ​ការ​រលាក​អញ្ចាញ​ធ្មេញ​ដែល ​បណ្ដាល​ឱ្យស្លាប់​កោសិកា មាត់​មានស្នាម​ផ្ទាំង​តូចៗ​ពណ៌ស មាន​រោម និង​មានជម្ងឺ​ផ្សិត​ក្នុងមាត់។ ជម្ងឺ​ផ្សិត​ក្នុងមាត់ គឺជា​ជម្ងឺ​ដែល​បណ្ដាល​មកពី​មេរោគ​ផ្សិត។ បើសិន​ជាមាន​ការដុះ​ផ្សិត​នៅពាស​ពេញមាត់ វាអាច​បណ្ដាល​ឱ្យមាន​ការ​ពិបាក​ក្នុងការ​ទទួល​ទាន​អាហារ។ អ្នកផ្ទុក​មេរោគ​អេដស៍-អ្នកជម្ងឺ​អេដស៍ អាច​កើតមាន​ជម្ងឺផ្សិត​ក្នុងមាត់​គ្រប់ពេល​វេលា ហើយ​នៅពេល​ដែល​ប្រព័ន្ធ​ការពារ​រាងកាយ​កាន់តែ​ចុះខ្សោយ ជម្ងឺ​ផ្សិត​ក្នុងមាត់​ក៏​កាន់តែ​កើតមាន​ច្រើនដែរ។ ជម្ងឺនេះ​មាន​រោគ​សញ្ញា​ដូចជា​មាន​ស្នាមផ្ទាំងៗ​ពណ៌ស​នៅក្នុង​មាត់ បំពង់ក​ផ្នែក​ខាងលើ ឬ​អណ្ដាត មាន​ឈឺ​បំពង់ក សាបមាត់ និង​ពិបាក​លេបទឹក ឬ​អាហារ លេចឡើង​នូវស្នាម​ផ្ទាំងៗស ឬ​ក្រហម​ស៊ីជម្ពូ​នៅលើ​អណ្ដាត អញ្ចាញ​ធ្មេញ​ផ្នែក​ចំហៀង ឬ​ក្រអូម​មាត់ និងផ្នែក​ខាងក្រោយ​នៃបំពង់ក។ ជួនកាល​ជម្ងឺផ្សិត​ក្នុងមាត់​អាច​បណ្ដាល​ឱ្យចង្វែក​មាត់​ប្រេះបែក និងឈឺ​ទៀតផង។ កាលណា​អ្នកផ្ទុក មេរោគ​អេដស៍-​អ្នកជម្ងឺ​អេដស៍​មិនបាន​មក​ពិនិត្យ និង​ព្យាបាល​ជាទៀង​ទាត់នោះទេ គឺអាច​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​បាន។ អ្នកជម្ងឺ​ដែលមាន​រោគ​សញ្ញា​មាត់ត្រូវ​សម្អាត​សុខភាព​មាត់ធ្មេញ​ឱ្យបាន​ល្អ ត្រូវ​ខ្ពុរមាត់ និង​សម្អាត​ឱ្យបាន​ជាប្រចាំ។

សុខភាព​ស្ដ្រី(ត) មធ្យោបាយ​ពន្យារ​កំណើត

សម្រាប់​លោកស្រី​អ្នកនាង​មួយចំនួន ក្រោយពេល​ទើបតែ​រៀបការ​ហើយ ប្រាកដ​ជាមិន​ទាន់ចង់​បានកូន​ភ្លាមៗ​ទេ។ ចំពោះ​លោកស្រី​អ្នកនាង​មួយចំនួន​ទៀត​ក៏មិន​ចង់បាន​កូនច្រើន​ដែរ ព្រោះ​សេដ្ឋកិច្ច​គ្រួសារ​មិនទាន់​ប្រសើរ និង​ពុំទាន់​មាន​ពេលវេលា​គ្រប់គ្រាន់ ដែលត្រូវ​មើល​ថែទាំ​កូន។ ជាហេតុ​ធ្វើឱ្យ​លោកស្រី​អ្នកនាង​ត្រូវ​សម្រេច​ចិត្ដពន្យារ​កំណើត។ ការ​ពន្យារ​កំណើត​មានច្រើន​បែប​យ៉ាង ដែល​ងាយស្រួល​ដល់​លោកស្រី​អ្នកនាង​ជ្រើសរើស​យកវិធី​ណាមក​ប្រើប្រាស់​ក៏បាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​សាស្ដ្រាចារ្យ​វេជ្ជបណ្ឌិត លៀង ច័ន្ទរិទ្ធ អនុប្រធាន​មន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរសូវៀត បានធ្វើ​ការ​បកស្រាយ​បំភ្លឺ​ជូនប្រិយ មិត្ដអាន​ឱ្យបាន​ស្វែងយល់ តាមរយៈ​ការធ្វើ​កិច្ចសម្ភាសន៍ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

មធ្យោបាយ​ពន្យារ​កំណើត ជាអ្វី?

មធ្យោបាយ​ពន្យារ​កំណើត​គឺជាការ​ពន្យារ​មិនឱ្យ​មានកូន​ដោយ​ចៃដន្យ មិន​ឱ្យមាន​កូនច្រើន ឬ​មិនឱ្យ​មានកូន​ញឹកញាប់​ពេក គឺ​ត្រូវឱ្យ​មានកូន​រង្វើល​បន្ដិច។ ក្នុង​រយៈពេល​៣ឬ៤​ឆ្នាំ លោកអ្នក​អាចឱ្យ​មានកូន​១ទៀត ទើបជា​ការល្អ​ប្រសើរ​ដល់ម្ដាយ និង​បុត្រ។ ព្រោះ​កាលណាមាន​កូន​ញឹកញាប់​ពេក​បណ្ដាល​ឱ្យម្ដាយ និង​កូនមាន​សុខភាព​មិនល្អ ថែមទាំង​ប៉ះពាល់​ដល់សេដ្ឋកិច្ច​គ្រួសារ។

ប្រភេទ​មធ្យោបាយ​ពន្យារ​កំណើត

បច្ចុប្បន្ន​នេះ មាន​មធ្យោបាយ​សម្រាប់​ពន្យារ​កំណើត​ច្រើន​យ៉ាង ដែលអាច​ជ្រើសរើស​បាន​ដូចជា ៖

1 . ការ​ពន្យារ​កំណើត​តាមបែប​ធម្មជាតិ ៖ ជាវិធី​មួយដែល​ស្វាមី​ភរិយា​ធ្វើការ​រួមភេទ ហើយ​បុរស​ត្រូវដក​លិង្គចេញ មុនពេល​ចេញ​ទឹកកាម។ មួយទៀត​អាច​រួមភេទ​ដោយ​គិតទៅតាម​ពេលវេលា​នៃការ​ធ្លាក់​មេជីវិត​ស្ដ្រី។

2 . ការពន្យារ​កំណើត​ដោយ​ដាក់កង ៖ គឺ​ជាវិធីមួយ​ដែលមាន​ប្រសិទ្ធភាព​សម្រាប់​ស្ដ្រីដែលប្រើ​កងដាក់​នៅក្នុង​ ស្បូន ដើម្បី​រារាំង​មិនឱ្យ​មានកូន។ ការ​ដាក់កង​មានច្រើន​ប្រភេទ ដែលកង​នីមួយៗ​មានជាតិ​ថ្នាំ​ដូចគ្នា ហើយជា​កងដាក់​ក្នុងស្បូន​ដូចគ្នា។ ការ​ពន្យារ​កំណើត​ដោយ​ដាក់កង​អាចធ្វើ​ទៅបាន​ភ្លាមៗ បន្ទាប់ពី​ដាក់បញ្ចូល​ទៅក្នុង​ស្បូន។

3 . ការ​ពន្យារ​កំណើត​ដោយពាក់​ស្រោម​អានាម័យ ៖ គឺជា​ឧបករណ៍​ដែលគេ​ផលិត​ឡើង សម្រាប់​បុរស​ពាក់​នៅលើ​ប្រដាប់​ភេទ ដើម្បី​ការពារ​នៅពេល​រួមរ័ក​មិនឱ្យ​មានកូន។ ការ​ប្រើប្រាស់​ស្រោម​អនាម័យ​នៅពេល​រួមភេទ ទាមទារ​ឱ្យបុរស​ត្រូវយល់​ដឹងពី​របៀប​នៃការ​ប្រើ ដូចជា​ចេះបើក​កញ្ចប់​ស្រោម​ដោយ​ប្រុងប្រយ័ត្ន​កុំឱ្យ​រហែក របៀប​ពាក់​ស្រោម​នៅលើ​ប្រដាប់ភេទ​នៅពេល​ឡើង​រឹង និងចេះ​ពីរបៀប​ដោះស្រោម​អនាម័យ​ចេញ ក្រោយពេល​រួមភេទ​ហើយ។ ការ​ពន្យារ​កំណើត​ដោយ​ប្រើប្រាស់​ស្រោម​អនាម័យ មិន​ត្រឹមតែ​ការពារ​មិនឱ្យ​មានកូន​ទេ ថែមទាំង​ការពារ​មិនឱ្យ​ឆ្លងជម្ងឺ​កាមរោគ​ផ្សេងៗ។

4 . ថ្នាំគ្រាប់​ពន្យារ​កំណើត ៖ គឺជាថ្នាំ​សម្រាប់​ស្ដ្រីលេប​មិនឱ្យ​មានកូន​មាន​ប្រសិទ្ធភាព បើសិន​ស្ដ្រីមាន​ការលេប​ថ្នាំជាប់​រហូត ពុំមាន​ការភ្លេច​លេបថ្នាំ​នៅថ្ងៃ​ណាមួយ។ ថ្នាំគ្រាប់​ពន្យារ​កំណើត​មានជាតិ​អ័រម៉ូន ហើយ​ស្ដ្រី​ដែល​ជ្រើសរើស​យកវិធី​នេះ លុះត្រា​តែស្ដ្រី​ត្រូវមាន​លក្ខណៈ​គ្រប់គ្រាន់ ដូចជា​មានការ​ចងចាំ​នៃការ​លេបថ្នាំ​បានល្អ។ ថ្នាំគ្រាប់​ពន្យារ​កំណើត​ក៏មាន​ការហាម​ស្ដ្រីខ្លះ​មិនឱ្យ​ប្រើប្រាស់​ ថ្នាំគ្រាប់​នេះដែរ ដូចជា​ស្ដ្រី​ជក់បារី ស្ដ្រី​ដែលមាន​ជម្ងឺ​លើស​ឈាម ទឹកនោម​ផ្អែម បេះដូង មហារីក​សុដន់ រលាក​ថ្លើម ជម្ងឺ​សរសៃ​ប្រសាទ​ជាដើម។

5 . ថ្នាំចាក់​ពន្យារ​កំណើត ៖ គឺជាថ្នាំ​ចាក់​សម្រាប់​ស្ដ្រី​ការពារ​មិនឱ្យ​មានកូន ដែល​ចាក់ម្ដង​អាច​ការពារ​បាន​រយៈពេល​៣ខែ ហើយមិន​រំខាន​ដល់ការ​រួមភេទ។ ថ្នាំចាក់​ពន្យារ​កំណើត​ផ្សំឡើង​ដោយជាតិ​អ័រម៉ូន​ប្រ៉ូហ្សេស្ទីន។ ស្ដ្រីខ្លះ​ប្រើប្រាស់​ថ្នាំចាក់​ពន្យារ​កំណើត ពុំមាន​ផលរំខាន​អ្វីទេ។ ប៉ុន្ដែ​ស្ដ្រីខ្លះ​មានផល​ប៉ះពាល់ ដូចជា​ឈឺ​សុដន់ សុដន់​ឡើងធំ ឡើង​ទម្ងន់ ធ្លាក់​ឈាមតិចៗ​ពេលមាន​រដូវ​ជាដើម។

គោល​បំណង​នៃការ​ពន្យារ​កំណើត

សម្រាប់​អ្នក​ដែលបាន​ធ្វើការ​ពន្យារ​កំណើត គឺក្នុង​គោល​បំណង​មិនចង់​ឱ្យមាន​កូនដោយ​ចៃដន្យ និង​មិនចង់​បានកូន​ច្រើន។ ម្យ៉ាងទៀត​កាលណា​មានកូន​ច្រើន អាចធ្វើ​ឱ្យ​សុខភាព​ម្ដាយ និង​បុត្រ​មានសុខភាព​មិនល្អ។ ពួកគាត់​គ្មាន​លទ្ធភាព​រកស៊ី​ចិញ្ចឹម​កូន​ច្រើន នាំឱ្យ​កូននីមួយៗ​ត្រូវ​លំបាក​វេទនា និង​ធ្វើឱ្យ​ជីវភាព​គ្រួសារ​មិនបាន​ធូរធារ។ កូនច្រើន​ត្រូវ​រំខាន​ដល់​ការងារ​រកស៊ី​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ និងគ្មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​មើល​ថែទាំ​កូននីមួយៗ និង​ប៉ះពាល់​ទៅដល់​សេដ្ឋកិច្ច​គ្រួសារ។

ប្រការ​គួរ​ប្រតិបត្ដិ​មុនពេល​ពន្យារ​កំណើត

ស្ដ្រី​ទូទៅ​មិនអាច​ជ្រើសរើស​យក​មធ្យោបាយ​ពន្យារ​កំណើត​តាម​តែខ្លួន​ ចង់បាន​នោះទេ ព្រោះ​ស្ដ្រីម្នាក់ៗ​នៅពេល​ធ្វើការ ពន្យារ​កំណើត​មិនមាន​អាយុ​ស្រករ​គ្នានោះ​ទេ ឬមាន​សុខភាព​ដូចគ្នា​ឡើយ។ ដូចនេះ​ចាំបាច់​ណាស់ ស្ដ្រី​គួរតែ​ទៅជួប​គ្រូពេទ្យ​ជាមុន​សិន ដើម្បី​ពិនិត្យសុខភាព និង​ពិភាក្សា​ថាត្រូវ​ពន្យារ​កំណើត​តាមវិធី​ណាមួយ ឱ្យ​សមស្រប​ទៅតាម​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ដ។ នៅពេល​ដែល​គ្រូពេទ្យ​បាន​ណែនាំ​ឱ្យ​ពន្យារ​កំណើត​តាម​វិធី​ណាមួយ ដូចជា​ឱ្យ​ពន្យារ​ដោយការ​លេបថ្នាំ​គ្រាប់ ពេលនោះ​ស្ដ្រីត្រូវ​ដឹងពី​វិធី​ប្រើត្រូវប្រើ​នៅពេល​ណាជាដើម។ បើមាន​ការភ្លេច​ថ្ងៃណា​មួយ ដែល​មិនបាន​លេបថ្នាំ ឬចង់​បញ្ឈប់​លេបថ្នាំ និងមាន​អាការ​ណាមួយ​ដែល​លេប ទៅធ្វើ​ទុក្ខ​នៅក្នុង​ខ្លួន ស្ដ្រី​ត្រូវមក​ជួប​គ្រូពេទ្យ​ជាបន្ទាន់។

ដំបូន្មាន​អ្នក​ឯកទេស

នៅពេល​ដែលធ្វើ​ការ​ពន្យារ​កំណើត​តាម​វិធីណា​ក៏ដោយ ស្ដ្រី​ត្រូវចេះ​តាមដាន​ពីសុខភាព​ខ្លួនឯង ដើម្បី​ចៀសវាង​កុំឱ្យមាន ផលវិបាក​នៅក្នុង​ខ្លួន ដោយសារ​តែស្ដ្រី​មានជម្ងឺ​អ្វីមួយ​កើតឡើង​ក្រោយពេល​ជ្រើសរើស​មធ្យោបាយ​ ពន្យារ​កំណើត​នោះមក​ប្រើ។ នេះជា​ហេតុធ្វើ​ឱ្យសុខភាព​មិនត្រូវ​យកវិធី​ពន្យារ​កំណើត​នោះមក​បន្ដទៀត​បាន។ ដូចនេះ​ស្ដ្រីត្រូវ​គិតគូរ​ពីសុខភាព​ទូទៅ​សំខាន់​ជាង ហើយ​សូម​ចងចាំ​ថា កាលណា​ខ្លួនមាន​អាយុ​កាន់តែ​ច្រើន កាន់តែ​មាន​ជម្ងឺ សុខភាព​ត្រូវ​ទ្រុឌទ្រោម។

ជម្ងឺ​អ៊ីវី៧១​កំពុង​បន្ត​រាត​ត្បាត​លើ​កុមារ​នៅ​កម្ពុជា​

នា​ពេល​បច្ចុប្បន្ន​ កម្ពុជា​ត្រូវ​ប្រឈម​មុខ​ដោះ​ស្រាយ​ទៅ​នឹង​វិបត្តិ​នៃ​ការ​រាត​ត្បាត​ពី​ សំណាក់​ជម្ងឺ​ជា​ច្រើន​ ដូច​ជា​ជម្ងឺ​គ្រុន​ឈាម ជម្ងឺ​គ្រុន​ឈីក​វី និង​ជា​ពិសេស​ជម្ងឺ​អ៊ី​វី​៧១​ ដែល​កំពុង​តែ​រាត​ត្បាត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ជាដើម។​ កាល​ពី​ពេល​ថ្មីៗ​នេះ ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​មួយ​​ចំនួន​ ក៏​កំពុង​តែ​មាន​ក្តី​បារម្ភ​ចំពោះ​សុខ​ភាព​កូនៗ​របស់​ពួក​គាត់​អំពី​ជម្ងឺ​ អ៊ីវី​៧១​នេះផ​ង​ដែរ។​

រូបភាពគេហទំព័រសុខភាពកម្ពុជា

រយៈ​ពេល​មួយ​សប្តាហ៍​មក​ហើយ ដែល​គេ​ហ​ទំព័រ​សុខ​ភាពកម្ពុជា​បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ​ជាច្រើន​អំពី​ ជម្ងឺ​ចម្លែក​ ឬ​ជម្ងឺ​អ៊ីវី​៧១​នេះ ជា​ពិសេស​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​លោក​វេជ្ជ​បណ្ឌិត លី ចេង​ហ៊ុយ ក្រោម​ចំណង​ជើង​ថា៖ «ជម្ងឺ​ចម្លែក ឬ​ជម្ងឺ​អ៊ីវី៧១​: បទ​សម្ភាសន៍​ជា​មួយ​លោក​វេជ្ជ​បណ្ឌិត​ លី​ ចេង​ហ៊ុយ» ដើម្បី​ជា​ប្រយោជន៍​ផ្តល់​ចំណេះ​ដឹង​អំពី​ជម្ងឺ​នេះដ​ល់​ប្រជា​ពល​រដ្ឋ​ និង​សង្គម​កម្ពុជា​ទូទៅ។​

កាល​ពី​សប្តាហ៍​មុន ក្រសួង​សុខា​ភិបាល និង​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ បាន​ធ្វើ​សន្និ​សីទ​រួម​គ្នាមួ​យ​នៅ​នាយក​ដ្ឋាន​ជម្ងឺ​ឆ្លង​ក្រសួង​សុខា​ ភិបាល​ ដើម្បី​ធ្វើការ​អំពាវ​នាវ​ដល់​សាធារណៈ​ជន​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ ចំពោះ​ស្ថាន​ភាព​នៃ​ការ​រីក​រាល​ដាល​ជម្ងឺ​អ៊ីវី​៧១​នេះ។​ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​មាន​ក្តី​បារម្ភ​ចំពោះ​បញ្ហា​ខាង​លើ​ នេះ​ផង​ដែរ។ ប្រជា​ពលដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ កំពុង​តែ​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​កូន​តូចៗ​អាយុ​ក្រោម​៥​ឆ្នាំ​របស់​ ពួក​គាត់ ដែល​នៅ​ប៉ុន្មាន​៣ថ្ងៃ​កន្លង​មក​នេះ ​កូនៗ​របស់​ពួក​គាត់​កើត​មាន​ជម្ងឺ​ពង​បែក​នៅ​ក្នុង​មាត់ និង​នៅ​បាត​ដៃជើ​ង ហើយ​ដោយ​គេ​សង្ស័យ​ថា ជា​ប្រភេទ​ជម្ងឺ​៧១។​ នា​ពេល​បច្ចុប្បន្ន កុមារ​ទាំង​នោះ ត្រូវ​បាន​ឪពុក​ម្តាយ​របស់​ពួក​គេ យក​មក​កាន់​មន្ទី​រ​ពេទ្យ​បង្អែក​ខេត្ត ដើម្បី​ឲ្យក្រុ​ម​គ្រូពេ​ទ្យ​ជួយ​ពិនិត្យ​ និង​ព្យាបាល​ជា​បន្ទាន់​ នៅ​ចំពេល​ដែល​កូន​របស់​គាត់​ក្តៅខ្លួ​ន និង​មាន​ពង​បែក​ក្នុង​មាត់​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កូន​របស់​ពួក​គាត់​ហូប​អ្វី​មិន​កើត។ ជា​ពិសេស​ជាង​នេះ​ទៀត​នោះ ក្នុង​រយៈ​ពេល​តែ​១​ថ្ងៃ​បុណ្ណោះ ​កូនៗ​របស់​ពួក​គាត់​ មាន​ចេញ​រោគ​សញ្ញា​ពង​បែក​លើ​បាត​ដៃ​បាត​ជើង​ថែម​ទៀត​ផង។​

លោក​ ជា​ វុត្ថា អាយុ​៣៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ​វុន​ ម៉ាច អាយុ​២៤​ឆ្នាំ​រស់​នៅភូ​មិ​កណ្តាល ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡាប​រិវ៉ា​ត់​ខេត្ត​ស្ទឹង​ត្រែង​ បាន​ប្រាប់​ឲ្យ​ដឹង​ថា កូន​គាត់​ឈ្មោះ ថាច់ ​សុ​វិជ្ជា អាយុ​៤​ឆ្នាំ ក្តៅខ្លួ​ន​តែ​មួយ​ថ្ងៃ​សោះ​ស្រាប់​តែ​ចេញ​រោគ​សញ្ញា ចេញ​ពង​បែក​មាត់​ និង​បាត​ដៃ បាត​ជើង ដែល​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ដែល​មាន​កូន​តូចៗ​នាំគ្នា​ព្រួយ​បារម្ភ​ មិន​ដឹង​ថា​មាន​កើត​ជម្ងឺ​អ្វី។​ បច្ចុប្បន្ន​នៅក្នុង​មន្ទី​ពេទ្យ​បង្អែក​មាន​កុមារ​ប្រមាណ​ជិត​១០​នាក់​ហើយ​ ដែល​កំពុង​សម្រាក​នៅ​មន្ទីរ​ពេទ្យ។​ កុមារ​ទាំង​នោះភា​គ​ច្រើន​ មក​ពី​ភូមិ​អូរ​ត្រែល និង​ភូមិ​កណ្តាល​ក្នុង​ស្រុកថា​ឡាប​រិវ៉ាត់​។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយរ​បស់​គេហ​ទំព័រ​កម្ពុជា​ថ្មី។​

លោក​ យឿន ម៉ា​ឌី គ្រូ​ពេទ្យ​ប្រចាំការ​នៅម​ន្ទី​ពេទ្យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នេះ ​តាម​ការ​សង្កេត​បាន​ឲ្យ​ដឹង​ថា មាន​កុមារ​ប្រមាណ​ជិត​១០​នាក់​ហើយ​កើត​មាន​ជម្ងឺ​ប្រភេទ​ខាង​លើ​នេះ​ ហើយ​លោក​មិន​ទាន់​សន្និ​ដ្ឋាន​ថា​ជា​ជម្ងឺ​អ្វី​នោះ​ទេ។ ចំណែក​ឯ​លោក​វេជ្ជ​បណ្ឌិត ស៊ុយ​ សុភាព ប្រធានម​ន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ស្ទឹង​ត្រែង​ បាន​បញ្ចាក់​ថា ជម្ងឺ​កើត​លើ​កុមារ​ដែល​មាន​ពង​បែក​នៅ​មាត់ និង​នៅ​បាត​ដៃ​ជើង​នេះ ហៅ​ថា​ជា​ជម្ងឺ​ពង​បែក ឬ​ចំហាយ​ក្តៅ ​ហើយ​​បើតាម​ព័ត៌​មាន​ដែល​បាន​ចេញ​ផ្សាយ​កន្លង​មក​នេះ​ផ្នែក​លើ​វិទ្យា​​ សាស្ត្រ គេ​ហៅ​ថាEV​-៧១​ ហើយ​ចំណែក​​ឯជ​ម្ងឺម្យ៉ា​ង​ទៀត​ដែល​ចេញ​រោល​ក្រហម​ពេញ​ខ្លួន​នោះ ហៅ​ថា​ជម្ងឺ​ឈីក។ លោក​វេជ្ជ​បណ្ឌិត បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ករណី​ជម្ងឺ​ដែល​កើត​មាន​ខាង​លើ​នេះ លោក​មិ​នទា​ន់ហ៊ា​ន​សន្និ​ដ្ឋាន​ឲ្យបាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ គឺ​រង​ចាំ​ធ្វើ​ការ​តាម​ដាន​តទៅ​ថ្ងៃ​មុខ​ទៀត។ តែ​ទោះ​ជា​យ៉ាង​ណា​ក្តី ជម្ងឺ​នេះ​បាន​កើត​ទៅ​លើ​កុមារ​នៅ​ឯ​រាជ​ធានី​ភ្នំពេញ ​និង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​រួច​មក​ហើយ។​

លោក​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ក៏​បាន​ធ្វើ​សេចក្តី​អំពាវ​នាវ​ឲ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​មាន​កូន​ អាយុក្រោ​ម​១០​ឆ្នាំ​ត្រូវ​នាំ​គ្នា​ប្រុង​ប្រយ័ត្ន ថែ​ទាំ​កូន​ឲ្យ​បាន​ល្អផង​ដែរ​ ហើយ​បើ​មាន​អាការៈ​ក្តៅ​ខ្លួន​មាន​ចេញ​រោគ​សញ្ញា​ដូច​ជម្ងឺ​ខាង​លើ ត្រូវ​រួស​រាន់​បញ្ជូន​កូន​មក​កាន់​ប៉ុស្តិ៍​សុខ​ភាព​ និង​ប្រញ៉ាប់​នាំ​មក​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ដើម្បី​ពិនិត្យ​ព្យាបាល ចៀស​វាង​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ ដល់​អាយុ​ជីវិត​ដោយ​មិន​ដឹង​មូល​ហេតុ​ច្បាស់​លាស់។​

ការ​បារម្ភ​នេះ ក៏​ត្រូវ​បាន​រាជ​រដ្ឋា​ភិបាល និង​អង្គការ​ដៃ​គូ​មួយ​ចំនួន បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ផង​ដែរ​ ដែល​កាល​ពី​ថ្ងៃ​ទី១៣​ ខែ​កក្កដា​ ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ បន្ទាប់​ពី​ធ្វើការ​តាម​ដាន និង​វិភាគ​រួម​គ្នា​រវាង​ក្រសួង​សុខា​ភិបាល​កម្ពុជា​ និង​អង្គ​ការ​សុខ​ភាព​ពិភព​លោក (WHO) បាន​ធ្វើ​បទ​បង្ហាញ នៃរ​បក​គំហើញ​ថ្មី​នៃ​វីរុស EV-​៧១ ដ​ល់​អ្នក​សារព័ត៌​មាន​ ក្រុម​គ្រូពេ​ទ្យ​ ក៏​ដូច​ជា​ផ្សព្វ​ផ្សាយ​ទៅ​ដល់​ប្រជា​ពល​រ​ដ្ឋ​កម្ពុជា ឲ្យ​មាន​ការ​យល់​ដឹង​អំពី​ជម្ងឺ​ប្រភេទ​ថ្មី​នៅ​កម្ពុជា​មួយ​នេះ​ផង​ដែរ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ ប្រទេស​ចិន​កាល​ពេល​ថ្មីៗ​នេះ ក៏​បាន​បញ្ចូន​ក្រុម​គ្រូ​ពេទ្យ ​និង​សម្ភារៈ​ជំនួយ​បច្ចេក​ទេស​មួយ​ចំនួន​មក​សង្គ្រោះ ​និង​ជួយ​ព្យាបាល​ជម្ងឺ​ប្រភេទ​ថ្មី​រួច​មក​ហើយ​ផង​ដែរ ក្រោយ​កិច្ច​ជំនួប​រវា​ង​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ និង​រដ្ឋ​មន្ត្រី​កាល​បរទេស​ចិន​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

​ប៉ុន្តែ​ការ​បាត់​បង់​ជីវិត​កូន​ដែល​ជា​ទី​ស្រលាញ់​របស់​ខ្លួន គឺ​ពិត​ជា​គួរ​ឲ្យសោ​ក​ស្តាយ​បំផុត​ចំពោះអា​ណាព្យា​បាល​មួយ​ចំនួន​ ដែល​​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន ទម្រាំ​រក​ឃើញ​មូល​ហេតុ​នៃ​ជម្ងឺ​ខាង​លើ​នេះ។ បើ​យោង​តាម​ប្រសាសន៍​របស់​លោក​វេជ្ជ​បណ្ឌិត​ ប៊ីត​ រីជ​ន័រ ប្រធាន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កក្កដា ដែល​ចេញ​ផ្សាយ​ដោយ​គេហ​ទំព័​រសារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​បានឲ្យដឹង​ថា​​ បើ​​ទោះ​បី​ជា​បាន​រក​ឃើញ​ប្រភេទ​ជម្ងឺ​​អ៊ីវី​៧១​នៅ​កម្ពុជា ជា​រឿង​សំខាន់​ក៏​ដោយ ​ក៏​ទំនង​ជា​មាន​កត្តា​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​អាច​បណ្តាល​ឱ្យ​កុមា​រស្លាប់​យ៉ាង​លឿន​បែប​នេះ។ លោក​ថា កាល​ពី​ជាង​៣​ខែ​មុន កុមារ​៦៦​នាក់ អាយុច​ន្លោះ​ពី​២​ទៅ​៣​ឆ្នាំ​ ត្រូវ​បាន​នាំ​យក​ទៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ហើយ​២​នាក់​ក្នុង​ចំណោម​កុមារ​ទាំង​អស់​បាន​ស្លាប់​យ៉ាង​អាថ៌​កំបាំង​ដោយ​ សារ​បញ្ហា​ផ្លូវ​ដង្ហើម​ និង​ប្រព័ន្ធ​ប្រសាទ​ធ្ងន់​ធ្ងរ។ កាល​ពី​ថ្ងៃ​អាទិត្យ​ពីរ​សប្តាហ៍​មុន មន្ត្រី​អង្គការ​សុខ​ភាព​ពិភព​លោក (WHO) បាន​រំឮក​ថា ​ការ​រាល​ដាល​នៃ​ជ​ម្ងឺ​នេះមិ​ន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​ទាំង​ស្រុង​ទេ គេត្រូ​វ​ការ​វិភាគ​បន្ថែម​ទៀត។ ប៉ុន្តែ​លោក​វេជ្ជ​បណ្ឌិត​ ប៊ីត រីជ​ន័​រ​ បាន​រិះ​គន់​ដល់​អង្គ​ការ​សុខ​ភាព​ពិភព​លោក​មួយ​នេះ​ចំពោះ​ការ​ធ្វើ​របាយ​ ការណ៍​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដោយ​មិន​មាន​ការ​ពិត​ច្បាស់​លាស់។​ ក្នុង​របាយ​ការណ៍​នោះ អង្គ​ការ​សុខ​ភាព​ពិភព​លោក បាន​ជូន​ដំណឹង​ដល់​ពិភព​លោក​ថា​ ជា​ជម្ងឺ​សម្លាប់​ជីវិត​អាថ៌​កំបាំង​ថ្មី​មួយ​កំពុង​រាត​ត្បាត​កម្ពុជា ​ដែល​វា​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រទេស​កម្ពុជា​ទៅ​វិញ។​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s