Morality

ជម្ងឺវក់ចិត្ដ

ការ​វក់ចិត្ដ​គឺជា​ជម្ងឺ​ផ្លូវចិត្ដ​ម្យ៉ាង​ដែល​ទាក់ទង​ជាមួយ​ សុខភាព​អារម្មណ៍ និង​ទម្លាប់​របស់​មនុស្ស។ ភាព​រសាប់​រសល់ ការ​ចង់ បាន​មិន​អស់​ចិត្ដ និង​ទម្លាប់​ដែល​ខ្វះ​ការ​គ្រប់​គ្រង់​សតិ​របស់​ខ្លួន​ឱ្យ​យល់ពី​ព្រំដែន​នៃ ​ទង្វើ​ទាំងនោះ ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោកអ្នក ធ្លាក់ខ្លួន​វង្វេង​ទៅ​ក្នុង​សកម្មភាព​របស់ខ្លួន​ដោយ​មិន​ដឹង និង​មិនអាច​ដក​ខ្លួន​ចេញ​ពី​ទម្លាប់​នោះ​បាន។
លោក​វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ ជាអ្នក​ជំនាញ​ឯកទេស​ផ្នែក​ជម្ងឺ​ផ្លូវចិត្ដ​នៅ​មន្ទីរពេទ្យ​មិត្ដភាព​ ខ្មែរសូវៀត នឹង​បកស្រាយ បំភ្លឺ​អំពី​ការ​វក់ចិត្ដ ជូន​ដល់​ប្រិយមិត្ដ​ឱ្យ​បាន​ជ្រាប និង​ទុកជា​ចំណេះ​ដឹង​តាម​រយៈ​ទស្សនាវដ្ដី សុខភាព​យើង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជម្ងឺ​វក់ចិត្ដ

ជម្ងឺ​វក់់ចិត្ដ​កើតមានឡើងលើ​មនុស្ស​ដែល​មាន​ទម្លាប់ និង​បន្ទុក​ច្រើន តម្រូវ​ឱ្យមាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុងការ​ដោះ ស្រាយ​កិច្ច​ការ​ទាំង​នោះ ឬ​ប្រភេទ​មនុស្ស​ដែល​គិត​អ្វីៗ​បែប​សាំញ៉ាំ ឆាប់​តូច​ចិត្ដ រហ័ស​ខឹង គ្មាន​ជំនឿ​ចិត្ដ​លើខ្លួន​ឯង និង​មាន​អារម្មណ៍ មិន​ដាច់​ស្រាច់ ឬជ្រះ​ស្រឡះ ដោយ​សារ​មាន​ការ​គ្រប់គ្រង​សតិ​ទាប ព្រោះតែ​ការ​ផ្ដោត​ចិត្ដ ឬ​ចង់បាន​ហួសហេតុ​ពេក។

រោគ​សញ្ញាណ​ជម្ងឺ​វក់​ចិត្ដ

យើងអាច​សម្គាល់​ឃើញ​ថា អ្នកដែល​មាន​អារម្មណ៍​ងប់ងល់ ឬ​អ្នក​ជម្ងឺ​វក់ចិត្ដ តាម​រយៈ​សកម្ម​ភាព និង​អាការ​មួយ​ចំនួន ដូច​ខាង​ក្រោម ៖

  • មាន​អារម្មណ៍វិ​លវល់ ចេះតែ​សង្ស័យ​ជាមួយ​នឹង​ភាព​ក្រៀមក្រំ ដែល​បង្ហាញ​ពីភាព​មិនដាច់​ស្រេច និង​ជ្រះ​ស្រឡះ​ពីការ ងារ​របស់​ខ្លួន តាម​រយៈ​ការសម្ដែង​ចេញ​តាម​ផ្ទៃមុខ​របស់​អ្នកជម្ងឺ។
  • ពុំមាន​អារម្មណ៍ ឬ​ពុំ​សប្បាយ​រីករាយ​ចំពោះ​អ្វីផ្សេងៗ​ទៀត ក្រៅ​ពី​សកម្មភាព​របស់​ខ្លួន​ឯង។
  • ភ្លេចភ្លាំង​ច្រើន ចូលចិត្ដ​ភាព​ឯកោ និង​ធ្វើអ្វី​ដែល​អាថ៌​កំបាំង ប្លែកៗ ដែល​មើលទៅ​មាន​បញ្ហា។
  • ទទួលទាន​ដំណេក​ពុំសូវ​លក់ គ្មាន​កម្លាំង​កំហែង បរិភោគ​មិនបាន ដោយ​សារ​ការ​ជំពាក់​ចិត្ដ​លើ​ការងារ។
  • អសកម្ម និង​គ្មាន​ទំនាក់​ទំនង​ចំពោះ​អ្នក​ជុំវិញ​ខ្លួន។
  • ខ្វាយខ្វល់ គិត​ព្រួយ​ច្រើន ផ្ចង់​អារម្មណ៍​ក្នុង​ការ​បំពេញ​ការងារ​ហួសកម្រិត ព្រោះ​តែស្លុង​ចិត្ដ។

មូលហេតុ​បង្កការ​វក់ចិត្ដ

ជា​ទូទៅ​ការ​វក់ចិត្ដ​អាច​បណ្ដាល​មកពី​មូល​ហេតុ​ច្រើន​យ៉ាង ដូច​ជា​កត្ដា​សុខភាព​ផ្លូវចិត្ដ កត្ដា​សុខភាព​ផ្លូវកាយ រួម​ទាំង មជ្ឈដ្ឋាន​ជុំវិញ​ខ្លួនជា​ដើម មូល​ហេតុ​ទាំង​អស់​នោះ​មាន​ដូចជា ៖

  • កត្ដា​សុខភាព​ផ្លូវចិត្ដ ៖ ដោយ​ផ្ដោត​ទៅលើ​សុខភាព​ផ្លូវចិត្ដ ការ​វក់ចិត្ដ​គឺជា​អាការ​មួយ​ដែល​បង្ក​ដោយ​ជម្ងឺ​ផ្លូវចិត្ដ ពិសេស ទាក់​ទង​ទៅ​នឹង​ការ​គិត​ច្រើន ការ​ចង់បាន ការ​មួម៉ៅ ការ​តូចចិត្ដ ភាព​ស្រពេច​ស្រពិល​ដែល​មាន​ប្រភព​ពីការ​ខ្វះជំនឿ​ជាក់។ ការ​ប៉ះទង្គិច​លើផ្លូវចិត្ដ​បែបនេះ នាំ​ឱ្យ​អារម្មណ៍​របស់​អ្នក​ជម្ងឺ​ជួប​បញ្ហា​ធ្ងន់ធ្ងរ អាច​ឈាន​ទៅដល់​ការ​បាត់បង់​អារម្មណ៍។
  • សុខ​ភាព​ផ្លូវកាយ និង​មជ្ឈដ្ឋាន​ជុំវិញ ៖ ដោយសារ​តែប្រព័ន្ធ​សរសៃ​ប្រសាទ​មិន​អាច​បែង​ចែក​ការងារ និង​ការគិត​ឱ្យបាន
    ល្អ ជា​មូលហេតុ​ដែល​ធ្វើឱ្យ​សរសៃ​ខួរក្បាល​រង​នូវ​សម្ពាធ​ធ្ងន់​ធ្ងរ​ក្នុង​ ទំនួល​ខុសត្រូវ​ចេញពី​ប្រភព​ការងារ គ្រួសារ បូករួម​នឹង​មជ្ឈដ្ឋាន
    ដែល​កំពុង​ត្រូវទទួលរង​បំពុល​ពីសារ​ធាតុ​ពុល និង​ជាតិ​គិមី​ផ្សេងៗ​នោះ មាន​ឥទ្ធិពល​លើដំណក​ដង្ហើម​របស់​មនុស្ស។ ការ​ស្រូប​ចូល សារ​ធាតុជាតិ​ពុល​គីមី​ទាំង​នោះ ជា​ដើម​ហេតុដែល​ធ្វើឱ្យ​មាន​ភាព​ចុះ​ខ្សោយញាណ​នៃ​ការ​ទទួល​ដឹងយល់ និង​បែង​ចែក​ចំណាត់​ថ្នាក់វត្ថុ នៅ​ជុំវិញ​ខ្លួន។

ផល​ប៉ះពាល់​នៃជម្ងឺ​វក់ចិត្ដ

ភាព​ងប់ងល់​នៃការ​វក់ចិត្ដ​នេះ​ធ្វើឱ្យ​លោក​អ្នក​ជួប​បញ្ហាជា​ច្រើន។ ការ​វក់​ចិត្ដ​មាន​ផលប៉ះពាល់​យ៉ាងច្រើន​ប្រការ​ចំពោះ​ខ្លួន លោក​អ្នក​ផ្ទាល់ខ្លួន និង​អ្នកដទៃ។ ការ​វក់​នេះ​ជា​មូលហេតុ​ដែល​បង្ក​ជា​ឧបសគ្គ​ក្នុង​ការងារ គ្រួសារ ធ្វើ​​ឱ្យ​លោក​អ្នក​មាន​ការ​ខ្វល់ ខ្វាយ​ច្រើន​ចំពោះ​កិច្ច​ការ​ដដែល ប៉ះ​ទង្គិច​ទៅ​លើផ្លូវ​ចិត្ដ បាត់​បង់​នូវ​ការ​គ្រប់គ្រង​អារម្មណ៍​បន្ដិច​ម្ដងៗ រហូត​បង្ក​ជា​ជម្ងឺផ្លូវ​ចិត្ដ​ធ្ងន់​ធ្ងរ ប្រសិន​បើលោកអ្នក​មិន​រកវិធី​ទប់ស្កាត់ ឬ​ក៏ព្យាបាល​ឱ្យបាន​ត្រឹម​ត្រូវតាម​ក្បួន​ចិត្ដ​វិទ្យា​នោះទេ។

វិធី​សាស្ដ្រ​ព្យា​បាល​ជម្ងឺ​វក់​ចិត្ដ

នៅពេល​ដែល​លោក​អ្នក​សង្កេត​ឃើញ និង​ដឹង​ថា​បុគ្គល​ណាម្នាក់​មាន​ជម្ងឺ​វក់ចិត្ដ លោកអ្នក​ត្រូវ​ខិតខំ​ពង្រឹង​ផ្លូវចិត្ដ​អ្នក​ទាំង នោះ​ជាប្រចាំ និង​រក​ដំណោះ​ស្រាយ។ ព្រោះ​ថា​អ្នក​ជម្ងឺ​ផ្លូវចិត្ដ​បែប​នេះ ពុំមាន​អារម្មណ៍​ប្លែក​ពី​សកម្មភាព​ខ្លួន​ឯង​ឡើយ ជា​ពិសេស​ពួក គាត់​ក៏មិន​អាច​ជួយ​ខ្លួនឯង​បាន​ផង​ដែរ។ មធ្យោបាយ​បំបាត់​ជម្ងឺនេះ​មាន​ច្រើន​បែប ដែល​អាច​ឱ្យយើង​យក​វិធីទាំង​នោះ​មក​អនុវត្ដ​បាន ដូចជា ៖

1. ចិត្ដ​សាស្ដ្រ ៖ សមា​ជិក​ក្រុមគ្រួសារ មិត្ដ​ភក្ដិ និង​អ្នកជុំវិញ​អ្នក​ជម្ងឺ​មាន​តួនាទី និង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលី​អ្នក​ជម្ងឺ។ លោកអ្នក​មាន​កាតព្វកិច្ច​ក្នុង​ការ​ចង្អុល​បង្ហាញ​ដល់​អ្នក​ជម្ងឺ​រាល់ភាព​ ប្រក្រតី​របស់​ពួក​គេ ដោយ​ការ​លើក​ទឹកចិត្ដ​ពោរពេញ​ដោយ​សម្ដីឬ ពាក្យ​ផ្អែម​ល្ហែម​ក្នុងការ​ពន្យល់​ប្រាប់​ពួកគេ វា​ជា​ប្រការ​មួយ​ដ៏ប្រសើរ​ដល់​អ្នក​ជម្ងឺ និង​ធ្វើឱ្យ​អ្នក​ជម្ងឺ​អាច​កាត់​បន្ថយ​នៃការ​វក់​នោះ​បាន មួយ​ផ្នែក។

2. ការ​ព្យាបាល ៖ ជម្ងឺ​វក់ចិត្ដ​ជា​ជម្ងឺ​ដែល​អាច​ព្យាបាល​បាន បើសិន​ជាអ្នក​ជម្ងឺ​ពុំទាន់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នោះទេ។ ក្រុម គ្រួសារ​គួរ​គប្បី​នាំ​អ្នក​ជម្ងឺ​ទៅ​ពិគ្រោះ និង​ទទួល​ការ​ពិនិត្យ​ពី​សំណាក់​អ្នក​ឯកទេស​ផ្លូវចិត្ដ។

ដំបូន្មាន​អ្នកជំនាញ

សេច​ក្ដីសុខ​ខាង​អារម្មណ៍​ជា​កត្ដា​ចាំបាច់​របស់​មនុស្ស​ម្នាក់ៗ ដែល​កើត​មាន​ជាមួយ​មនុស្ស​តាំង​ពី​កំណើត​មក​ម្ល៉េះ។ ការ​ថែ រក្សា​សុខភាព​ផ្លូវចិត្ដ​ឱ្យ​បាន​ល្អ វា​ទាក់ទង​ទៅ​នឹ​ង​បរិស្ថាន​ជុំវិញ​ខ្លួន​របស់​មនុស្ស​ម្នាក់ រួម​មាន​គ្រួសារ មិត្ដ​ភក្ដិ អ្នក​នៅ​ជុំវិញ​ខ្លួន និងជំនឿ របស់សង្គមជាដើម។ មាតាបិតាគ្រប់រូបគួរយកចិត្ដទុកដាក់ និងស្ដីប្រដៅកូនចៅឱ្យបានល្អ ចៀសវាងពាក្យសម្ដី ឬ​សកម្ម​ភាព​ណាមួយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​អារម្មណ៍​របស់​ពួកគេ។

គ្រឿង​ស្រវឹង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ដ និង​ផ្លូវកាយ

សុរា​ជាសារធាតុ​ញៀន​ដែលអាច​ធ្វើឱ្យ​លោកអ្នក​មិនអាច​ផ្ដាច់ខ្លួន​ ចេញបាន​ដោយ​ងាយ​នោះទេ។ ការ​ទទួល​ទាន​គ្រឿង ស្រវឹង​ហួស​កំណត់​មិន​ត្រឹមតែ​ធ្វើឱ្យ​លោកអ្នក​មិនអាច​គ្រប់គ្រង​ខ្លួន​ ឯងបាន​នោះទេ ថែមទាំង​ផ្ដល់នូវ​គុណ​វិបត្ដិ​មួយចំនួន​ដល់​សុខភាព ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ដផងដែរ។ ដូចនេះ​លោកអ្នក​គប្បី​ស្វែងយល់​ឱ្យបាន​ច្បាស់ពី​ផលវិបាក​នៃការ​ទទួលទាន​ គ្រឿង​ស្រវឹង និង​គប្បី ទទួល​ទាន​ដូចម្ដេច​ទើប​ផ្ដល់នូវ​ផាសុកភាព​ចំពោះ​លោកអ្នក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ធ្វើការ​បកស្រាយ​ពីបញ្ហា​នេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​ធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​នឹង​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ដែល​ជាអ្នក​ឯកទេស​ផ្នែក​សុខភាព​ផ្លូវចិត្ដ​នៃ​គ្លីនិកសាន់រ៉ាយ។

ការ​ទទួលទាន​គ្រឿង​ស្រវឹង​ហួស​កម្រិត​ផ្ដល់​គុណ​វិបត្ដិ​ជាច្រើន

មាន​ទស្សនៈ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​បាន​យល់ឃើញ​ថា សុរា​គឺជា​ភេសជ្ជៈ និង​ថ្នាំ​ដែល​អាច​ព្យាបាល​អាការ​ឈឺរោយ សាច់ដុំ ឈឺក្បាល ជួយ​ធ្វើឱ្យ​ឈាម​រត់បាន​ស្រួល​ល្អ និង​ព្យាបាល​រោគ​បេះដូង។ តាមពិត​សុរា​គឺជា​សារជាតិ​ពុល​ទៅវិញ​ទេ ដែលអាច​បង្ក​ឱ្យមាន​ផល​ប៉ះពាល់ទៅ​ដល់​សុខភាព​ទាំងកាយ​ទាំងចិត្ដ ហើយ​វានឹង​ស្ដែង​ចេញ​បញ្ហា​ធ្ងន់ធ្ងរ​ឬស្រាល​នៅថ្ងៃ​ណាមួយ។ យ៉ាងណា​មិញ មិនមែន​ការ​ទទួល​សុរា​តិចតួច​អាចផ្ដល់​ផល​ប៉ះពាល់​ទាំងអស់​នោះទេ លុះត្រា​តែការ​ទទួលទាន​សុរា​ហួស​កម្រិត​ទើបអាច​ធ្វើឱ្យ​មាន​ផល​ប៉ះពាល់។ គ្រឿង​ស្រវឹង​គឺមាន​កម្រិត​នៃការ​ទទួលទាន ដែលគិត​ទៅតាម​កំហាប់​នៅក្នុង​ឈាម​របស់​លោកអ្នក បើ​យើង​ទទួល​ទាន លើសពី​ធម្មតា​សុរា​នឹងផ្ដល់​ផល​ប៉ះពាល់​ជាច្រើន ទាំង​សុខភាព​ផ្លូវកាយ និង​សុខភាព​ផ្លូវចិត្ដ។

គ្រឿង​ស្រវឹង​បង្ក​ផល​ប៉ះពាល់​ទៅលើ​សុខភាព​ផ្លូវចិត្ដ

ផល​ប៉ះពាល់​ទាំងនេះ​គឺមាន​ទំនាក់​ទំនង​រវាង​ផ្លូវកាយ និង​ផ្លូវចិត្ដ ដូចជា​ការ​ប៉ះពាល់ទៅ​ដល់​ខួរក្បាល​គឺអាច​ឈានទៅ​ដល់ ជម្ងឺ​វិកល​ចរិត​នៅពេល​ដែលមាន​កង្វះ​ជីវជាតិ​បេ១​(B1)។ មិនតែ​ប៉ុណ្ណោះ​ទេគឺ​អាចនាំ​ឱ្យមាន​ជម្ងឺថប់​អារម្មណ៍ បញ្ចេញ​រោគ​សញ្ញា​ទៅជា​ភ័យខ្លាច តក់ស្លុត បាក់​ស្បាត និង​អាចមាន​ជម្ងឺ​ធ្លាក់​ទឹកចិត្ដ​ទៀតផង។ មួយវិញ​ទៀត​គឺមាន​ផលប៉ះពាល់​ឱ្យទៅ​ជាមាន​ជម្ងឺ​ចាស់វង្វេង លោកអ្នក​មួយចំនួន​ដែល​ទទួលទាន​ស្រា​ហួស​កំណត់​គឺអាច​បណ្ដាល​មានការ​វង្វេង​ មុន​អាយុ គឺ​ដោយសារ​តែ​ជាតិស្រា​បានទៅ​បំពុល​កោសិកា​ខួរក្បាល ក្នុង​រយៈពេល​យូរ​ទៅនឹង​នាំឱ្យ​បាត់បង់​នូវ​តួនាទី​របស់​ខួរក្បាល​មិនអាច​ បំពេញ​បាន ដូចនេះ​គឺនាំ​ឱ្យមាន​ការ​វង្វេង​ច្រើន ភ្លេច​ច្រើន និយាយ​ជារួម​គឺវា​បានទៅ​ប៉ះពាល់​ដល់​តំបន់​ចងចាំ​នៃ​ខួរក្បាល។

រូបភាពទស្សនាវដ្ដីសុខភាពយើង

គ្រឿង​ស្រវឹង​បង្កផល​ប៉ះពាល់​ទៅលើ​សុខភាព​ផ្លូវកាយ

សុរា​ស្ទើរតែ​មានផល​ប៉ះពាល់​ចំពោះ​សរីរាង្គ​ទាំងអស់ តែមាន​សរីរាង្គ​មួយចំនួន​គឺងាយនឹង​ប៉ះពាល់ ដូចជា​ថ្លើម ប្រដាប់ រំលាយ​អាហារ ក្រពះ ពោះវៀន បេះដូង ប្រព័ន្ធ​សរសៃឈាម ឆ្អឹង ស្បែក សាច់ដុំ ខួរក្បាល ប្រព័ន្ធ​សរសៃ​ប្រសាទ ប្រដាប់​ភេទ ដែលអាច​បណ្ដាល​ឱ្យខ្សោយ​ផ្លូវភេទ ធ្វើឱ្យ​ប្រព័ន្ធ​ការ​ពាររាង​កាយចុះ​ខ្សោយ​ងាយនឹង​ឆ្លងជម្ងឺ​កង្វះ​អាហា​ រូបត្ថម្ភ និង​អាចឈាន​ទៅដល់ ជម្ងឺ​មហារីក។ ចំពោះ​ស្ដ្រី​ដែលមាន​ផ្ទៃពោះ​គឺ​រឹតតែ​មានផល​ប៉ះពាល់ ពិសេស​ប៉ះពាល់​ដល់​ទារក​ក្នុងផ្ទៃ ដែលអាច​បណ្ដាល​ឱ្យមាន​ពិការ ភាពពី​កំណើត។ ការ​ប៉ះពាល់​ទាំងនោះ​នឹងផ្ដល់​ផល​វិបាក​ដូច​ខាងក្រោម​នេះ។

1 . ថ្លើម ៖ បើសិន​ជា​លោកអ្នក​ទទួលទាន​សុរា​ហួស​កម្រិត​ហើយ​មាន​រយៈពេល​យូរ នឹងធ្វើ​ឱ្យលោកអ្នក​ប្រឈម​មុខនឹង ជម្ងឺ​ក្រិន​ថ្លើម ហើយ​បើ​នៅតែ​បន្ដ​ទទួលទាន​សុរា​ទៀតនោះ​នឹង​មាន​ជម្ងឺ​ទាចទឹក ក្នុង​ករណី​មិនឈប់​អាច​ឈាន​ទៅដល់​ជម្ងឺ​មហារីក ថ្លើម​ទៀតផង។

2 . ប្រដាប់​រំលាយ​អាហារ ៖ ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ហួស​កម្រិត​នឹងធ្វើ​ឱ្យ​រលាក​បំពង់​អាហារ ចំណី​អាហារ​នៅក្នុង​ក្រពះ​ត្រូវ​ភើឡើង​លើវិញ​ឱ្យទៅ​ជារលាក​ក្រពះ យូរៗ​ទៅគឺ​អាច​ធ្វើឱ្យ​ទៅជា​មហារីក​ពោះវៀន​តូច នាំឱ្យ​ការ​ជម្រាប​អាហារ​មិនបាន​ល្អ ដែល​បណ្ដាល​ឱ្យកង្វះ​អាហា​រូបត្ថម្ភ។ ជា​ធម្មតា​អ្នកផឹក​ស្រា​មិនសូវ​ញ៉ាំ​អាហារ​ទេ ជាហេតុ​នាំឱ្យ​ជាតិស្រា​បង្ក​ការ​រលាក​ពោះវៀន តូច ពោះវៀន​ធំ គឺធ្វើ​ឱ្យងាយ​បាត់បង់​សារជាតិ​ចិញ្ចឹម​សរីរាង្គ​កាយ។

3 . បេះដូង ៖ សុរា​ធ្វើឱ្យ​ចង្វាក់​បេះដូង​លោតខុស​ពី​ធម្មតា។ បើ​ទទួល​ទាន​ខ្លាំង​មែនទែន​អាចធ្វើ​គាំង​បេះដូង​ស្លាប់តែ​ម្ដង អាច​ធ្វើឱ្យ​លើស​ឈាម និង​ធ្វើឱ្យ​សាច់ដុំ​បេះដូង​ខ្សោយ​ដោយ​សារតែ​ការ​លោត​ញាប់​របស់​ចង្វាក់​ បេះដូង។

4 . ខួរ​ក្បាល ៖ សុរា​ធ្វើឱ្យ​ការ​ចងចាំ​មិនបាន​ល្អ​ចំពោះ​រឿងរ៉ាវ​ដែលបាន​កើតឡើង ពោល​គឺមាន​ការ​ប៉ះពាល់​ទៅដល់​តំបន់ ចងចាំ ទៅ​បំពុល​កោសិកា​ខួរក្បាល​រហូត​ដល់​ស្លាប់។ បើ​ទទួល​ទាន​កាន់តែ​យូរនឹង​បង្កឱ្យ​មាន​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ អ្នកជម្ងឺ​ចាប់ផ្ដើម និយាយ​ត្រដិត វង្វេង ភ្លេច​ភ្លាំង លែងចេះ​គិត​ពិចារណា។ បើរឹត​តែយូរ​ថែមទៀត​គឺនឹង​ធ្វើឱ្យ​អ្នកជម្ងឺ​បាត់បង់​វីតាមីន​បេ១ បង្ក​មាន​ជម្ងឺ​វិកល​ចរិត​ទៀតផង។

5 . ផ្លូវភេទ ៖ នៅពេល​ដែល​ទទួល​ទាន​គ្រឿង​ស្រវឹង​ហួស​កម្រិត​នឹង​នាំឱ្យ​សមត្ថភាព​នៃការ​រួម ​សង្វាស​ថយចុះ ដូចនេះ​ការ ទទួល​សុរា​កាន់តែ​ច្រើន​កាន់តែ​បំផ្លាញ​សុខភាព និង​សេចក្ដី​សុខ​របស់​ខ្លួន។

ដំបូន្មាន​អ្នក​ជំនាញ

ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ហួស​កំណត់​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ សុខភាព​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្កឱ្យ​មាន​អំពើ​ហិង្សា ក្នុង​គ្រួសារ ឃាតកម្ម ចោរកម្ម ការ​ចាប់​រំលោភ ប្លន់សម្លាប់ ខាតបង់​ពេល​វេលា​រកស៊ី និង​ខ្ជះខ្ជាយ​ថវិកា​ទៀតផង។ ដូចនេះ លោកអ្នក​គប្បី​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​ត្រឹមត្រូវ ទើប​មិនបង្ក​ឱ្យមាន​បញ្ហា​ចំពោះ​ខ្លួនឯង និង​អ្នកដែល​នៅជុំវិញ​ខ្លួន។

ប្រើ​ថ្នាំ​ងងុយ​គេង​កើត​ជម្ងឺ​ផ្លូវចិត្ដ

កើត​ជា​មនុស្ស​មិន​អាច​គេចផុត​ពីការ​ព្រួយ​បារម្ភ​ខ្វល់ខ្វាយ​ ចំពោះ​រឿង​ដែល​នៅ​ជុំវិញ​ខ្លួនបាន​ទេ។ មាន​លោកអ្នក​មួយ​ចំនួន មាន​ការ​គិត​គូរ​ខ្វល់ខ្វាយ​ច្រើន​ពេក រហូត​បណ្ដាល​ឱ្យគេង​មិន​សូវលក់​ស្រួល និង​មាន​លោកអ្នក​មួយ​ចំនួន​ទៀត​គេង​មិនលក់​តែម្ដង ដែល​ចាំបាច់​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ងងុយ​គេង​សម្រាប់​ដោះស្រាយ​បញ្ហា​គេង​ មិន​លក់នេះ។ នេះ​ជា​បញ្ហា​មួយ​ដែល​មិន​មាន​ភាព​ប្រសើរ ចំពោះ​សុខភាព​របស់​លោកអ្នក​ទៅថ្ងៃ​មុខ​ទេ។ ដូច​នេះ​លោកអ្នក​ចាំបាច់​ស្វែង​យល់​ពី​បញ្ហា​នេះ​ឱ្យ​បាន​ល្អិតល្អន់​ សម្រាប់​បញ្ហា​សុខភាព លោកអ្នក មុន​នឹង​សម្រេច​ចិត្ដ​ប្រើ​ប្រាស់​ថ្នាំ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី ​ធ្វើការ​បកស្រាយ​បញ្ហា​នេះ ទស្សនាវដ្ដី សុខភាព​យើង បាន​ជួប​សម្ភាស​ជាមួយ​វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នក​ឯកទេស​ផ្នែក​សុខភាព​ផ្លូវចិត្ដ។

ទំនាក់​ទំនង​រវាង​ដំណេក និង​ជម្ងឺផ្លូវចិត្ដ

ផ្លូវចិត្ដ​ជា​សុខភាព​មួយ​ដ៏សំខាន់​ដែល​ត្រូវ​ធ្វើការ​យកចិត្ដ​ទុកដាក់​ ឱ្យបាន​ល្អ។ ដំណេក​គឺជា​បញ្ហា​មួយ​ដែល​ទាក់ទង​នឹង​សុខ ភាព​ផ្លូវចិត្ដ នៅពេល​ដែល​លោកអ្នក​មាន​បញ្ហា​ខាង​ដំណេក​នេះ​ហើយ គឺ​តែងតែ​មាន​អារម្មណ៍​ធុញថប់ គេង​មិន​លក់ ដែល​បណ្ដាល មក​ពីការ​ខ្វាយខ្វល់​ច្រើន គិត​ច្រើន និង​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​រឿង​អ្វី​មួយ។ បញ្ហា​ដំណេក​គឺជា​បញ្ហា​សុខភាព​ផ្លូវចិត្ដ មាន​លោក អ្នក​មួយ​ចំនួន​នៅ​ពេល​ដែល​គេង​មិនលក់ តែងតែ​ទៅ​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង​ដើម្បី​គេង​លក់​កុំឱ្យ​គិត​ច្រើន ធ្វើឱ្យ​ប៉ះពាល់​ដល់​បញ្ហា ដំណេក​ទៅ​ថ្ងៃ​មុខ ហើយ​អាច​ប្រឈម​មុខ​នឹង​ជម្ងឺ​ផ្លូវចិត្ដ​ទៀត​ផង។

មូលហេតុ​នៃការ​ប្រើថ្នាំ​ងងុយ​គេង

ការ​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង​បណ្ដាល​មក​ពី​លោកអ្នក​មាន​វិបត្ដិ​ដំណេក។ វិបត្ដិ​ដំណេក​គឺ​បណ្ដាល​មកពី​លោកអ្នក​គេង​មិនបាន គ្រប់គ្រាន់ ហើយ​មិន​កំណត់​ពេល​វេលា​ចូល​គេង​ឱ្យបាន​ត្រឹមត្រូវ។ នៅពេល​លោកអ្នក​មាន​អាការ​គេង​មិនលក់ ហើយ​ការ​ទទួល ទាន​ដំណេក​តិចជាង​៦ម៉ោង​លើសពី​មួយសប្ដាហ៍​ឡើងទៅ នេះ​ជា​សញ្ញា​បង្ហាញ​ថា​លោកអ្នក​មាន​បញ្ហា​វិបត្ដិ​ដំណេក។ វិបត្ដិ​ដំណេក​អាច កើត​មាន​ចំពោះ​មនុស្ស​ធម្មតា និង​ចំពោះ​លោក​អ្នក​ដែលមាន​បញ្ហា​សុខភាព​ផ្លូវចិត្ដ​ផងដែរ។ វិបត្ដិ​ដំណេក​មាន​ចំនួន​៣០​ភាគរយ​នៃ ប្រជា​ពលរដ្ឋ​ទូទៅ ដែល​ភាគច្រើន​កើត​នូវ​ប​ញ្ហា​ពិបាក​ចូលគេង និង​គេង​មិន​លក់ស្រួល។

វិបត្ដិ​ដំណេក​មាន​៤បញ្ហាគឺ

1. បញ្ហា​ពិបាក ក្នុង​ការ​ចូលគេង ឬគេង​មិន​លក់ស្រួល
2. បញ្ហា​គេង​ច្រើន​ហួស​កំណត់​លើសពី​៨ម៉ោង ដែល​បណ្ដាល​មកពី​ការ​ពិបាក​ចិត្ដ​ច្រើន ឬ​គេង​ដូច​សន្លប់ ហើយ​នេះជា​បញ្ហា មួយ​ដែល​កម្រ​ឃើញ បញ្ហា​គេង​ស្រមុក ហើយ​នៅពេល​ដែលគេង​មាន​កន្ដ្រាក់​ជើង
3. ការ​ទទួលទាន​ដំណេក​ខុស​ពេលវេលា ដូច​ជាធ្លាប់​គេងយប់​មក​គេងថ្ងៃ ដែល​បញ្ហា​នេះ​ភាគច្រើន​មានចំពោះ​អ្នករក ស៊ី​ពេល​យប់
4. ការ​គេង​មមើ ដូច​ជាការ​ដើរ ឬ​និយាយ ហើយ​មាន​យល់សប្ដិ​អាក្រក់​ស្រែក​ឡូឡា ភ័យ​រន្ធត់​នៅពេល​ដែល​ភ្ញាក់​ឡើង។ បញ្ហា​នេះ​ភាគច្រើ​នកើត​មាន​ចំពោះ​កុមារ។ វិបត្ដិ​ដំណេក​នេះ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់វ័យ ហើយ​ដើម្បីចៀស​ផុតពី​វិបត្ដិ ដំណេក​នេះ ទាមទារ​ឱ្យលោក​អ្នក​គេងបាន​ពី៦​ម៉ោង​ទៅ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ប្រើថ្នាំ​ងងុយ​គេងជា​ជម្ងឺផ្លូវ​ចិត្ដ

អ្នក​ដែលមាន​វិបត្ដិ​ដំណេក​ហើយ អ្វី​ដែល​គួរ​ព្រួយ​បារម្ភ​ជាងគេ​នោះ គឺការ​ពិបាក​ក្នុងការ​ចូល​គេង ឬ​គេង​មិន​លក់​ស្រួល ដែល​ធ្វើឱ្យ​លោកអ្នក​សម្រេច​ចិត្ដ​ព្យាបាល​ដោយ​ខ្លួនឯង​ដោយ​ការ​ទិញថ្នាំ​ ងងុយ​គេង​មក​ទទួល​ទាន។ តាម​លក្ខណៈ​វេជ្ជសាស្ដ្រ​សន្និដ្ឋាន ថា ការ​ប្រើ​ថ្នាំ​ងងុយ​គេង​ចំពោះ​បញ្ហា​វិបត្ដិ​ដំណេក​ពិបាក​ចូល​គេង និង​គេង​មិន​បាន​លក់​ស្រួល​ភាគ​ច្រើន​គឺ​ជា​ជម្ងឺ​ផ្លូវចិត្ដ ដែ​លស្ថិត​នៅ​ក្នុង ប្រភេទ​ជម្ងឺ​ថប់​អារម្មណ៍ និង​ជម្ងឺធ្លាក់​ទឹក​ចិត្ដ។ លោកអ្នក​ដែល​មាន​អាការ​នេះ តែង​ទៅ​រកទិញ​ថ្នាំងុយ​គេង​ពី​ឱសថស្ថាន ព្រោះ​គិតថា អាច​ព្យាបាល​បាន។ តែ​ផ្ទុយ​ទៅវិញ​ថ្នាំអាច​ធ្វើឱ្យ​មាន​ផលប៉ះ​ពាល់​ចំពោះ​សុខភាព​ទៅថ្ងៃ​មុខ ហើយ​ការ​ដែល​ប្រើថ្នាំ​ងងុយ​គេង​នេះ​យូរ ទៅ​អាច​ញៀន​តែម្ដង។

វិធី​គួរ​ប្រតិបត្ដិ​នៅ​ពេលមាន​វិបត្ដិ​ដំណេក

នៅពេល​ដែល​លោកអ្នក​សង្កេត​ឃើញថា​ខ្លួន​មាន​អាការ​ទាំងអស់​នេះ គប្បី​ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ខាង ផ្លូវចិត្ដ​នេះ​ដើម្បី​ឱ្យដឹង​ថា​វិបត្ដិ​ដំណេក​ទាំងឡាយ​ដែល​កើត​មាន​ស្ថិត​ ក្នុង​បញ្ហា​មួយណា ហើយ​អាច​នឹង​មាន​ជម្ងឺផ្លូវ​ចិត្ដ​ឬ​ទេ ទើប​អាច វាយ​តម្លៃ​បាន និង​ធ្វើការ​ព្យាបាល​ឱ្យបាន​គេង​លក់​ស្រួល។ បើ​ក្នុង​ករណី​អ្នក​មាន​បញ្ហា​គេង​មិន​លក់​មាន​ជម្ងឺ​ផ្លូវ​ចិត្ដ អាច​ព្យាបាល​ទាន់ ពេលវេលា។ វិបត្ដិ​ដំណេក​គេងមិន​លក់​នេះ​គឺជា​រោគសញ្ញា​មួយ​ក្នុងចំណោម​រោគសញ្ញា​ដ៏​ ច្រើន​ផ្សេង​ទៀត​នៃ​ជម្ងឺផ្លូវ​ចិត្ដ។ ដូចនេះ ទាមទារ​ឱ្យ​លោកអ្នក​ទៅ​ជួប​ពិគ្រោះ​ជាមួយ​នឹង​វេជ្ជបណ្ឌិត​ជំនាញ​ខាង​ ផ្លូវចិត្ដ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ឱ្យដឹង​ថា​មាន​រោគ​សញ្ញា​អ្វីផ្សេងៗ ទៀត ពាក់ព័ន្ធ​នឹង​វិបត្ដិ​ដំណេក​នេះ។

គុណ​វិបត្ដិ​នៃការ​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង

លោកអ្នក​មួយ​ចំនួន​បាន​ទៅ​ស្វែង​រក​ការ​ព្យាបាល​ខ្លួនឯង​ដោយ​ការ​ទៅទិញ​ ថ្នាំ​ឱសថ​បុរាណ​ពុំមាន​ប្រភព​ច្បាស់លាស់ និង គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ដូចជា​ទិញថ្នាំ​ខ្មែរ ឬ​ថ្នាំសូន​ជា​ដើម ដើម្បី​ឱ្យ​គេង​លក់​ស្រួល។ នេះ​ជារឿង​មួយ​ដែល​មាន ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ផ្លូវកាយ​ធ្ងន់ធ្ងរ ដូចជា​បញ្ហា​ធ្លាយ​ក្រពះ បញ្ហា​ថ្លើម និង​បញ្ហាត​ម្រង់នោម​ជាដើម។ ចំពោះ​អ្នក​ដែល ទទួល​ទាន​ថ្នាំ​ងងុយ​គេង​ច្រើន​អាច​ធ្វើឱ្យ​មាន​គ្រោះថ្នាក់ ដូចជា​កាត់​បន្ថយ​អាយុ មាន​ការ​ភ្លេចភ្លាំង​ច្រើន ផ្ចង់​អារម្មណ៍​មិន​បាន​ល្អ និង​ធ្វើឱ្យ​ញៀន​ថ្នាំងងុយ​គេង​ទៀត​ផង។ ដូចនេះ​ចាំបាច់​ទៅ​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ខាង​សុខភាព​ផ្លូវចិត្ដ​ជាមុន​ សិន ទើប​ប្រើ ប្រាស់ថ្នាំ។

ដំបូន្មាន​អ្នកជំនាញ

គេង​មិនលក់​អាចបាន​កើត​ឡើង​ចំពោះ​មនុស្ស​ទូទៅ។ ការ​ទិញ​ថ្នាំ​ងុយគេង​ដើម្បី​ឱ្យ​គេង​លក់​ជា​រឿង​មួយ​មិន​គួរ​ធ្វើទេ ព្រោះ មិន​អាច​ដឹង​លោក​អ្នក​មាន​វិបត្ដិ​ដំណេក​ក្នុងបញ្ហា​មួយណា ឬ​មាន​ជម្ងឺផ្លូវ​ចិត្ដ​ឬ​អត់។ ការ​ប្រើ​ថ្នាំងុយ​គេង​ដោយ​មិនមាន​ការ​ពិគ្រោះ ជា​មួយ​វេជ្ជបណ្ឌិត​ជំនាញ​ឱ្យបាន​ត្រឹមត្រូវ​ទេ គឺអាច​បណ្ដាល​ឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​ផ្នែក​សុខភាព​ផ្លូវកាយ ពិសេស​នោះ​គឺបញ្ហា​សុខភាព​ផ្លូវ ចិត្ដ។ ដូចនេះ​បើសិន​ជាលោកអ្នក​មានអាការ​ដូច​ដែល​បានរៀបរាប់​ជូនខាង​លើនេះ គប្បី​ទៅ​ជួប​ពិគ្រោះ​ជាមួយ​នឹង​អ្នក​ជំនាញ​ខាងសុខភាព​ផ្លូវចិត្ដ ដើម្បី​ធ្វើការ​ព្យាបាល​ឱ្យទាន់​ពេល​វេលា កុំឱ្យ​ឈាន​ដល់ដំណាក់​កាល​ធ្ងន់ធ្ងរ។

មនុស្ស​ខូចចិត្ដ

ចិត្ដគំនិត​របស់​មនុស្ស​គឺជា​មុខ​សញ្ញាមួយ​សម្រាប់​តម្រង់​ទិសទៅ ​មុខ​ក្នុងការ​ប្រព្រឹត្ដ​អ្វីមួយ ក្នុង​ន័យ​ជាច្រើន​ដែល​មនុស្ស មួយចំនួន​ប្រព្រឹត្ដ​អំពើ​ផ្ដេសផ្ដាស។ មួយចំនួន​ទៀត​គេ​ជ្រើសរើស​យកការ​ប្រព្រឹត្ដ​ត្រឹមត្រូវ​សមស្រប​ទៅតាម​គតិ​ បណ្ឌិត​ឬការ​ច្នៃប្រឌិត។ ប៉ុន្ដែ​បើ​លោកអ្នក​មួយចំនួន​បាក់​ទឹកចិត្ដ និង​ខូចចិត្ដ​ទៅលើ​បញ្ហា​អ្វីមួយ​ដែលបាន​កើតឡើង​ហើយ តើវា​អាច​ប៉ះពាល់​អ្វីខ្លះ​ដល់ សង្គម​គ្រួសារ និង​ខ្លួនឯង?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ខាងក្រោម​នេះ តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង គឺជា​ការ​បកស្រាយ​ចំពោះ​មនុស្ស​ខូចចិត្ដ ដោយ​លើកយក​ប្រសាសន៍ ផ្ទាល់​របស់​វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ ឯកទេស​ជម្ងឺ​ផ្លូវចិត្ដ នៃ​មន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរ-សូវៀត។

ខូចចិត្ដ​គឺជា​អ្វី?

ខូចចិត្ដ​គឺការ​ស្ដែងឱ្យ​ឃើញនូវ​អាកប្ប​កិរិយា​ឈឺផ្សា ចុកចាប់ បង្ហាញ​នូវភាព​សោក​សៅ សោក​សង្រេង ចូលចិត្ដ​នៅម្នាក់​ឯង ។ ជាពិសេស​មនុស្ស​ដែល​ខូចចិត្ដ​នេះអាច​ប្រព្រឹត្ដ​អំពើ​ផ្ដេសផ្ដាស ឈាន​ដល់ការ​សម្លាប់​ខ្លួនឯង​ទៀតផង ដោយការ​សោកស្ដាយ​ទៅ លើ​រឿងរ៉ាវ​មួយចំនួន​ដែលខ្លួន​បាន​ប្រព្រឹត្ដ ឬគេ​ប្រព្រឹត្ដ​មកលើ​ខ្លួនឯង​ជាដើម។ មនុស្ស​ប្រភេទ​នេះឆាប់​បង្ហាញ​ឱ្យដឹង​នូវ​កាយ​វិការ ដោយ​មានការ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស ទាំង​សម្ដី និង​រូបភាព​ផ្សេងៗ​ជាដើម។

មូលហេតុ​ដែល​ធ្វើឱ្យ​ខូចចិត្ដ

មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ខូចចិត្ដ គឺដោយ​សារតែ​ការ​ប៉ះទង្គិច​លើ​ផ្លូវ​អារម្មណ៍ ជាពិសេស​ផុសចេញ​ពីការ​សោកស្ដាយ​ចំពោះ​ហេតុការណ៍​ដែលបាន​កើតឡើង ដែលបាន​ជំរុញ​ឱ្យមាន​ភាព​រន្ធត់​ញាប់ញ័រ​ដល់​ប្រព័ន្ធ​បញ្ជា​នានា ដូចជា​ខួរក្បាល បេះដូង និង សរីរាង្គ​ផ្សេងៗ​ទៀត ដែលបាន​កន្ដ្រាក់​មកពី​ការ​ភ័យខ្លាច​របស់ចិត្ដ​លោកអ្នក។ បើតាម​ផ្នែក​វេជ្ជសាស្ដ្រ គេបាន​កត់​សម្គាល់​ថា មូលហេតុ​ដែល​ឆាប់ឱ្យ​មនុស្ស​ខូចចិត្ដ​នោះ គឺ​បណ្ដាល​មកពី​តំណ​ពូជ ឬ​កើតឡើង​ដោយ​សារតែ​ភាព​រន្ធត់ និងការ​តក់ស្លុត​ដែលកើត​មាន ជា​ញឹកញាប់ ឬ​កើតមាន​តែម្ដង​ហើយ​បង្កជា​មហាវិនា​សកម្ម​ធំធេង។ ឧទាហរណ៍​ដូចជា​គ្រួសារ​ត្រូវភ្លើង​ឆេះផ្ទះ​ហើយ​ស្លាប់​ទាំងអស់ ដោយ​ពុំមាន​សល់​ទ្រព្យ​សម្បត្ដិ ឬ​គ្រួសារ​ត្រូវ​រងគ្រោះ​ថ្នាក់​ចរាចរណ៍​ជាដើម។ ជាពិសេស​យុវវ័យ​មួយចំនួន​បាត់បង់​មនុស្ស​ដែល​ខ្លួន ស្រឡាញ់​បែកចិត្ដ​ទៅ​រៀបការ​ចោល​ក៏បង្កឱ្យ​មាន​អារម្មណ៍​មួយ​ដែលខូចចិត្ដ​ បាន​ដែរ។ អាការ​ខូចចិត្ដ​ប្រភេទ​នេះគឺ​លំបាក​ក្នុងការ​ព្យាបាល។ ហេតុនេះ​គួររក​មនុស្ស​ណាម្នាក់​ដែល​ស្និទ្ធស្នាល​ជាមួយ​អ្នក​ខូចចិត្ដ​ ដើម្បី​ជួយ​ពន្យល់ និង​ដើរ​លេង​កម្សាន្ដ​ជាមួយ ហើយ​ផ្ដល់​ប្រឹក្សា​ល្អៗ ណែនាំ​ច្រើន​លើក​ច្រើន​សា អាច​ធ្វើឱ្យ​អ្នក​ខូចចិត្ដ​វិលទៅ​រកសភាព​ដើម​វិញ។ ជា​រួមការ​ខូចចិត្ដ​គឺ​កើតឡើង​ដោយសារ​សតិ អារម្មណ៍​របស់​ខ្លួន និង​ភាព​សោកស្ដាយ។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​គួរតែ​កាត់ចិត្ដ​នូវអ្វី​ដែលបាន​កើតឡើង​រួចហើយ ទោះបី​អាក្រក់​ក្ដីល្អ​ក្ដី ដែល​បង្កភាព​សោកសៅ ឬ​រន្ធត់ យ៉ាងណា​ក៏ដោយ មិនត្រូវ​រក្សាទុក​ក្នុង​ខួរក្បាល ឬ​មិនត្រូវ​រម្លឹក​នូវរឿង​រ៉ាវ​ទាំងនេះ​ឡើយ។ ព្រោះ​អាចបង្ក​ឱ្យ​លោកអ្នក​មានការ​លំបាក ទៅថ្ងៃ​មុខ មាន​ជម្ងឺ​ប្រចាំ​កាយ និងមាន​គំនិត​ខ្មាសគេ នឹង​អាច​ក្លាយជា​មនុស្ស​ចង់​សម្លាប់​ខ្លួនទៀត​ផង។ ដូច្នេះ​លោកអ្នក​ត្រូវតែ កាត់ចិត្ដ​ឱ្យបាន ហើយ​ជ្រើស​រើសយក​វិធី​ដែល​ល្អៗ ដើម្បី​ចូលរួម​ក្នុង​សង្គម និង​គ្រួសារ ដោយ​សុភមង្គល។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s