Food

ចំណីអាហារ

ពេលនេះ​វីតាមីនអា​សត្វ​ដល់វេន​ត្រូវចូល​ខ្លួនមក​បង្ហាញ​ដល់​ មិត្ដ​អ្នកអាន​ទស្សនាវដ្ដី សុខភាពយើង នៅលើ​ទំព័រ​របស់ខ្លួន​លេខនេះ។ លោកអ្នក​បានជ្រាប​រួចមក​ហើយ​អំពី​វីតាមីនអា​រុក្ខជាតិ​កាលពី​លេខមុន។ ជាកិច្ច​បន្ដ សូមបន្ដ​ជ្រាប​អំពី​វីតាមីនអា​សត្វជាបន្ដ​ទៅទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

តួនាទី​វីតាមីនអា​សត្វ

វីតាមីនអា​សត្វ ឬហៅ​ជាភាសា​ជីវគីមី​សាស្ដ្រ​ថា រ៉េទីណុល អាច​ហៅជា​ភាសា​ប្រជាជនាថា ជាវីតាមីន​កាពារ។ វីតាមីនអា​សត្វមាន​តួនាទី​ពិសេសៗ​ដូចតទៅ។

  • ជួយភ្នែក ៖ ដោយសារ​វីតាមីនអា​នេះទើប​ភ្នែក​របស់​យើង​អាច​សម្រប​តម្រូវ​ទៅនឹង​ស្ថានភាព​ ងងឹត​សូន្យសុង និង​មើលឃើញ​ពណ៌មួយ​ចំនួន។ ម្យ៉ាងទៀត​វាមាន​តួនាទី​ពិសេស​ទៅលើ​រ៉េទីន ដូចដែល​មាន​ឈ្មោះ​ស្រាប់ថា រ៉េទីណុល។
  • ជួយ​សុខភាព​ទារក និង​កុមារ ៖ ប៉ុន្ដែ​វីតាមីនអា​សត្វនេះ អាច​មាន​តួនាទី​ទូលំទូលាយ​ជាងនេះ គឺជួយ​ឱ្យទារក​ក្នុងផ្ទៃ​លូតលាស់​បានល្អ ព្រមទាំង​ជួយឱ្យ​ទារក​ទើបនឹង​កើត និង​កុមារមាន​សុខភាព​លូតលាស់​ល្អ​ទៀតផង តាមរយៈ​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ការពារ​រាងកាយ។ ហេតុនេះ​ហើយទើប​វីតាមីនអា​នេះត្រូវ​បានយក​ទៅ​ប្រើប្រាស់​នៅក្នុង​ការព្យាបាល ​ជម្ងឺកញ្ជ្រឹល។
  • ជួយ​ស្បែក ៖ តួនាទី​ចុងក្រោយ វីតាមីនអា​សត្វនេះ​ជួយដល់​ការជា​សះស្បើយ​យ៉ាង​ឆាប់រហ័ស​នៃស្លាក​ស្នាម​របស់​ ស្បែក ធ្វើឱ្យ​មាន​ប្រក្រតី​ភាពនៃ​ការ​បញ្ចេញ​ក្រពេញ​ខ្លាញ់ និងញើស​នៅលើ​ស្បែក។

របប​អាហារ​រូបត្ថម្ភ​ប្រចាំថ្ងៃ​របស់​វីតាមីនអា​សត្វ

មនុស្សត្រូវ​ទទួលទាន​ចូលជា​ប្រចាំថ្ងៃ​ទៅក្នុង​ខ្លួន​នូវវីតាមីនអា​សត្វ​ ក្នុង​បរិមាណ​ចំនួន​៨០០ឯកតា​រ៉េទីណុល​(សម្រាប់​បុរស) ៧០០​ឯកតា​រ៉េទីណុល​(សម្រាប់​ស្ដ្រី) ពី៧០០​ទៅ៨០០ឯកតា​រ៉េទីណុល​(សម្រាប់​យុវជន) និង​ចំនួន​៦០០ឯកតា​រ៉េទីណុល​(សម្រាប់​យុវនារី)។

កង្វះជាតិ​វីតាមីនអា​សត្វនាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព

បើសិនជា​ខ្លួនប្រាណ​យើង​ទទួលទាន​ជាតិវីតាមីនអា​សត្វនេះ​មិន​គ្រប់គ្រាន់ អាចនាំ​ឱ្យប៉ះពាល់​ដល់​សុខភាព​គួរឱ្យ​កត់​សម្គាល់ ជាពិសេស​ក្នុង​ករណី​ដែល​មនុស្ស​មិនបាន​ទទួលទាន​ចំណី​អាហារ​ដែលមាន​សារធាតុ​ ខ្លាញ់​គ្រប់គ្រាន់ ឬ​តិចតួច​ពេក។ ផល​ប៉ះពាល់​ទាំងនេះ​មានដូចជា​ងងឹត​ភ្នែក (គំហើញ​ថយចុះ ឬអាច​ខ្វាក់ភ្នែក) ការរីក​លូតលាស់​នៃ​រាងកាយ​យឺតយ៉ាវ ស្ងួតស្បែក ឆាប់ខឹង មួម៉ៅ​ច្រើន ស្បែកឡើង​គគ្រើម​ពណ៌​ប្រផេះ និង​ស្រអាប់ ជម្ងឺ​ស្លេកស្លាំង ភ្នែក​ក្រហម និង​រលាក ភ្នែកចាញ់​ពន្លឺ ងាយកើត​រោគបង្ក​ដោយ​មេរោគ​ដដែលៗ និង​កើតជម្ងឺ​ក្រួស​តម្រង់​នោម។

ចំណី​អាហារ​ដែលមាន​វីតាមីនអា​សត្វ

វីតាមីនអា​សត្វ​មាននៅ​លើចំណី​អាហារ​មួយចំនួន​ដូចត​ទៅ ៖

  • សារធាតុ និង​អាហារ​ជាតិប័រ និងជាតិ​ទឹកដោះ​គោ
  • នៅក្នុង​ស៊ុត ឬពង​ពណ៌លឿង
  • ថ្លើម​សត្វ ជាពិសេស​ប្រេងថ្លើម​ត្រី។

ពេលដែល​ត្រូវ​ប្រើប្រាស់​វីតាមីនអា​សត្វ

ក្រុមមនុស្ស​ដែល​គួរតែ​ប្រើប្រាស់​វីតាមីនអា​សត្វ​ជាជំនួយ​បន្ថែម​មានដូច​តទៅ ៖

  • ស្ត្រី​ដែលកំពុង​ប្រើប្រាស់​ថ្នាំពន្យារ​កំណើត​(ជាពិសេស​ថ្នាំ​គ្រាប់)
  • អ្នក​ដែលមាន​ជម្ងឺ​ឆ្លងពី​មេរោគ
  • អ្នក​ដែល​ពិសា​សុរា ឬ​ប្រមឹក​ស្រា និងអ្នក​ជក់បារី
  • អ្នកដែល​តមជាតិ​ខ្លាញ់​ជាដើម។

តម្រូវការ​វីតាមីនអា​សត្វ​ជាប្រចាំ​ថ្ងៃ

ជាប្រចាំ​ថ្ងៃ​មនុស្ស​ត្រូវ​ទទួលទាន​វីតាមីន​ប្រមាណ​ពី៣០០០​ទៅ៧៥០០​ឯកតា​ រ៉េទីណុល។ ការ​ទទួលទាន​លើ​សកម្រិត​ជា​ករណី​កម្រ ប៉ុន្ដែ​អាចកើត​មាន ហើយ​អាចបង្ក​ជាវិបត្ដិ​ផ្សេងៗ​ដែលមាន​កម្រិត​ធ្ងន់ធ្ងរ​ខុសគ្នា ដូចជា​អស់​កម្លាំង វិលមុខ ចង្អោរ ក្អួត ឈឺ ក្បាល ស្បែក​បែកស្រកា (របក​ស្បែក ទម្រង់​ដូច​រលាក​ស្បែក​ពេលត្រូវ​កម្ដៅ​ថ្ងៃ) ជួនអាច​បង្កជា​ជម្ងឺ​រលាក​ថ្លើម និង​ក្រិនថ្លើម​បាន​ទៀតផង។ ចំពោះ​ស្ដ្រី​ដែល​ពពោះ ប្រសើរ​បំផុត​ត្រូវ​ទទួលទាន​បន្ថែម​នូវសារធាតុ​បែតតាការ៉ូទីន ជាជាង​វីតាមីនអា​នេះ។ ហើយប្រ​សើរ​បើ​ទទួលទាន​ក៏មិន​ត្រូវលើស​ពី១០០០​ឯកតា​រ៉េទីណុល​ដែរ។ សូម​ចងចាំ​ថា បើសិន​ជាទារក​ទទួលយក​វីតាមីនអា​សត្វ​ដល់ទៅ​៣០០០​ឯកតា​រ៉េទីណុល នោះទារក​ក្នុងផ្ទៃ​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់។ (សូម​អានបន្ដ​នៅលេខ​ក្រោយ)

ហូបប្រៃ​បង្ក​ជម្ងឺ​លើស​ឈាម

អំបិល​ជា​អាហារ​ចាំបាច់​សម្រាប់​ជីវិត​មនុស្ស ប៉ុន្ដែ​វា​ក៏​ផ្ដល់​មកវិញ​នូវ​ផល​លំបាក​ជាច្រើន​ផងដែរ ដូចជា​អាច​ធ្វើ​ឱ្យ​លោក​អ្នក កើត​ជម្ងឺ​លើស​ឈាម​ជាដើម។ ជម្ងឺ​លើស​ឈាម​គ្មាន​ចេញ​ជា​រោគ​សញ្ញា​អ្វីឱ្យ​ដឹង​នោះ​ទេ ប៉ុន្ដែ​ជម្ងឺ​នោះ​អាច​បង្កឱ្យ​មាន​វិបត្ដិ​យ៉ាង​ធ្ងន់ធ្ងរ ជាច្រើន ដូចជា​ដាច់​សរសៃ​ឈាម​ខួរក្បាល ស្លាប់​មួយ​ចំហៀង​ខ្លួន ជម្ងឺ​បេះដូង ខូច​តម្រង​នោម​ជាដើម។ ទាំងនេះ​គឺអាច​បង្ក​មកពី​ការ បរិភោគ​អាហារ​ដែលមាន​រសជាតិ​ប្រៃពេក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង ជួប​ជាមួយ​វេជ្ជបណ្ឌិត ទូច ឃុន ឯកទេស​ជម្ងឺ​ទឹកនោម​ផ្អែម និង​ជម្ងឺ​ទូទៅ​នៃ​មន្ទីរពេទ្យ ព្រះកុសុមៈ ដើម្បី​បកស្រាយ​ឱ្យ​កាន់​តែ​ច្បាស់​អំពី​ការ​ហូប​ប្រៃ​បង្ក​ឱ្យមាន​ជម្ងឺ​ លើស​ឈាម។

សារៈប្រយោជន៍​របស់​អំបិល

អំបិល​ជា​អាហារ​ចាំបាច់​សម្រាប់​ការ​រស់នៅ អំបិល​ត្រូវបាន​គេ​ប្រើប្រាស់​គ្រប់​ប្រទេស​នៅ​ជុំវិញ​ពិភពលោក។ អំបិល​មាន តួនាទី​សំខាន់​សម្រាប់​រក្សា​លំនឹង​ជាតិទឹក​នៅក្នុង​ជាលិកា​ក្នុងខ្លួន អាចធ្វើ​ឱ្យសាច់​ដុំកន្ដ្រាក់ ជា​ពិសេស​នៅ​សាច់​ដុំបេះ​ដូង ហើយ អំបិល​ក៏មាន​មុខងារ​មួយទៀត​គឺជួយ​ធ្វើឱ្យ​មាន​ភ្ញោច​សរសៃ​ប្រសាទ។ ដើម្បី​រក្សា​នូវ​សុខភាព គ្រូពេទ្យ​បាន​ណែនាំ​ឱ្យ​បរិភោគ​អាហារ ដែលមាន​រសជាតិ​អំបិល​មិនឱ្យ​លើស​ពី៥​ទៅ៦​ក្រាម​ក្នុង​មួយថ្ងៃ។

កត្ដា​ដែល​បង្ក​ឱ្យមាន​ជម្ងឺ​លើស​ឈាម

ជម្ងឺ​លើសឈាម​អាច​បណ្ដាល​មកពី​ការ​ឡើង​ទម្ងន់ ស្ដ្រេស្ស ឬការ​កើត​ទុក្ខ កត្ដា​ពូជ បារី ស្រា ភាព​ទំនេរ​គ្មាន​ការងារ​ធ្វើ ជម្ងឺ​ទឹកនោម​ផ្អែម កត្ដា​អាយុ ឬ​កត្ដាភេទ (ភេទប្រុស​មាន​អាច​កើត​ជម្ងឺ​លើសឈាម​ច្រើនជាង​ស្ដ្រី)។ ការ​បរិភោគ​អាហារ​ដែល​សម្បូរ ទៅដោយ​ជាតិខ្លាញ់ សម្បូរ​ទៅដោយ​ជាតិ​អំបិល ជា​ពិសេស​អាហារ​មិនសូវ​សម្បូរ​ជាតិ​បន្លែ និង​ផ្លែឈើ​ជា​ដើម។ សម្ពាធ​ឈាម អាច​ប្រែប្រួល​ទៅតាម​វ័យ មាន​ន័យ​ថា​កាន់​តែ​ចាស់​សម្ពាធ​ឈាម​កាន់តែ​ឡើងខ្ពស់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

រោគ​សញ្ញា​ជម្ងឺ​លើស​ឈាម

ភាគច្រើន​អ្នកដែល​កើតជម្ងឺ​លើស​ឈាម មិន​បាន​ដឹងថា​ខ្លួនមាន​ជម្ងឺ​លើសឈាម​នោះទេ ព្រោះ​មិនមាន​រោគសញ្ញា ឬ​វិបត្ដិ អ្វី​នោះទេ អ្នក​ជម្ងឺ​មាន​សភាព​ធម្មតា។ មាន​រោគសញ្ញា​ជាក់​ស្ដែងឡើង​ខ្លះៗ ដូចជា​ឈឺក្បាល​នៅពេល​យប់ ឬ​ពេល​ងើប​ពីការ​ទទួល ដំណេក​ពេលព្រលឹម នៅ​ពេល​ខ្លះមាន​ការ​ហ៊ឹងត្រចៀក អស់​កម្លាំង​គ្មាន​មូលហេតុ ពេលខ្លះ​ក៏​វិលមុខ​ជាដើម។ ជួនកាល​រោគសញ្ញា អាសន្ន​ដំបូង​មាន​ឈាម​ច្រមុះ ឬ​បែក​សរសៃ​ឈាម​ក្នុងភ្នែក។ ភាគច្រើន​ជម្ងឺ​លើសឈាម​ដែល​មិនបាន​ធ្វើការ​ព្យាបាល​អាច​បង្កជា​វិបត្ដិ ធ្ងន់ធ្ងរ​ជា​ច្រើន ដូចជា​មាន​ជម្ងឺ​ខ្សោយ​បេះដូង ខ្សោយ​តម្រង​នោម ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ហូរឈាម​ក្នុង​ខួរក្បាល​ជាដើម។

អំបិល​ជាកត្ដា​ដែល​បង្កឱ្យ​មាន​ជម្ងឺ​លើសឈាម

អំបិល​ដើរតួ​យ៉ាង​សំខាន់ ដែល​បង្កឱ្យ​មាន​ជម្ងឺ​លើស​ឈាម។ ជា​ទូទៅ​តម្រង​នោម​មាន​តួនាទី​សម្រាប់​ច្រោះ​ឈាម និង បញ្ចេញ​ទៅតាម​ទឹក​នោម​នូវ​កាក​សំណល់​ដែល​សរីរៈ​បាននាំមក​តាម​រយៈចំណី​អាហារ​ ដូចជា​អំបិល​ជា​ដើម។ ប៉ុន្ដែ​ក្នុង​ករណី​តម្រង​នោម ខ្សោយ តម្រង​នោម​នោះ​មិនអាច​មាន​លទ្ធភាព​បញ្ចេញ​ចោល​នូវ​ជាតិ​អំបិល​បាន​ត្រឹម​ ត្រូវ ដែល​ជាហេតុ​ធ្វើឱ្យ​កំហាប់​ជាតិ​អំបិល​កើន ឡើង​ច្រើន​នៅក្នុង​ឈាម រួចវា​ក៏​បណ្ដាល​ចាល់​ជា​ជាតិ​ទឹក។ បន្ទាប់​មក​សរសៃ​ឈាម​តូច រួមទាំង​សរសៃ​ធំៗពុំ​អាច​មាន​លទ្ធភាព​ពង្រីក បាន​ដូច​ពីមុន ជាហេតុ​ធ្វើឱ្យ​មាន​ការ​កើនឡើង​នូវ​សម្ពាធ​នៅក្នុង​សរសៃ​ឈាមដែល​គេ​ហៅថា​ ជម្ងឺ​លើស​ឈាម។ តាមការ​រៀបរាប់​ខាង លើនេះ ក៏​ជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​លោក​អ្នក​ស្រេកទឹក​នៅពេល​ដែល​បរិភោគ​អាហារ​ដែល​ មាន​រសជាតិ​ប្រៃពេក។ ការ​ទទួល​ទានប្រៃ ពេក ពុំ​គ្រាន់​តែ​បង្កឱ្យ​មាន​ជម្ងឺ​លើសឈាម​តែ​ប៉ុណ្ណោះ​ទេ វាអាច​បង្កឱ្យ​មាន​ជម្ងឺ​ផ្សេងៗ​ទៀត ដូចជា​អ្នក​ជម្ងឺ​ពុក​ឆ្អឹង​នៅពេល​ដែល បរិភោគ​អាហារ​ដែល​មាន​ជាតិប្រៃ​ពេក អាចបង្ក​ឱ្យ​ជម្ងឺ​ពុកឆ្អឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។ ម្យ៉ាងទៀត​ការ​ហូបប្រៃ​នេះ​អាច​បង្កើន​ឱ្យមាន គ្រោះថ្នាក់​សម្រាប់​អ្នក​ដែល​មាន​ជម្ងឺ​មហារីក​ក្រពះ ជម្ងឺ​សរសៃ​ឈាម​បេះដូង និង​តម្រង​នោម​ផង​ដែរ។

របប​អាហារ​ខ្មែរ​យើង​ភាគច្រើន​មាន​រសជាតិ​ប្រៃជ្រុល ដូច​ជា​ប្រហុក ផ្អក ត្រី​ប្រឡាក់ ត្រី​ងៀត ទឹកត្រឹ ទឹកស៊ីអ៊ីវ ទឹកជ្រលក់ និង​អាហារ​សមុទ្រ​ជាដើម គឺ​សុទ្ធតែ​ជាអាហារ​ដែលមាន​រសជាតិ​ប្រៃ ដែល​ផ្សំ​ឡើង​ដោយ​ប្រើ​បរិមាណ​អំបិល​ជាច្រើន។ បច្ចុប្បន្ន​នេះ​អត្រា​នៃ​អ្នក​កើត​ជម្ងឺ​លើសឈាម​នៅក្នុង​ប្រទេស​កម្ពុជា​ មាន​ការ​កើតឡើង​ខ្ពស់​ដែល​គួរឱ្យ​កត់​សម្គាល់ ជា​ពិសេស​គឺមាន ចាប់​ពី​អាយុ​៤០ឡើង​ទៅ។

ប្រការ​គួរ​ចៀសវាង

ដូចនេះ​ដើម្បី​ចៀសវាង​ការ​កើត​ជម្ងឺ​លើសឈាម និង​ជម្ងឺ​ផ្សេងៗ​ទៀត លោក​អ្នក​គួរ​បរិភោគ​អាហារ​ណា​ដែលមាន​រសជាតិ ប្រៃ​ល្មម មិន​ប្រៃ​ពេក​មិន​សាប​ពេក។ បើអាច​ចៀសវាង​បាន លោកអ្នក​គួរតែ​កុំ​បន្ថែម​នូវ​ទឹកត្រី ទឹកស៊ីអ៊ីវ ឬ​អំបិល​ឱ្យ​ច្រើន​នៅក្នុង ការ​បរិភោគ បើសិនជា​លោកអ្នក​បរិភោគ​ប្រហុក ផ្អក ត្រីប្រឡាក់ ត្រីងៀត ឬត្រីហើម លោកអ្នក​គួរតែ​បរិភោគ​ក្នុង​បរិមាណ សមរម្យ។

ដំបូន្មាន​អ្នកជំនាញ

ចំពោះ​អ្នកដែល​មានជម្ងឺ​លើសឈាម​គួរចៀសវាង​ការ​បរិភោគ​អាហារ​ណាដែល​សម្បូរ ​ទៅដោយ​រសជាតិ​ប្រៃខ្លាំងពេក និង អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិខ្លាញ់​ច្រើនពេក។ ប្រសិន​បើលោកអ្នក​មាន​ពេល​ទំនេរ លោកអ្នក​គួរ​តែព្យាយាម​ធ្វើ​លំហាត់​ប្រាណ ដើម្បី​ឱ្យ​កម្រិត​នៃ​ឈាម​ក្នុងខ្លួន​លោកអ្នក​មាន​ចលនា​ល្អ។ ប្រសិន​បើ​លោកអ្នក​អាច​អនុវត្ដ​បានតាម​កត្ដា​ខាង​លើនេះ នោះ​កម្រិត​នៃ​ជម្ងឺ លើសឈាម​ក៏អាច​មានការ​ថយចុះ​បាន​ផងដែរ ហើយ​ប្រសិន​បើ​លោកអ្នក​ចង់​បរិភោគ​អាហារ​ដែលមាន​ជាតិ​ប្រៃ ត្រូវ​បរិភោគ​តែ​បន្ដិច បន្ដួច​បាន​ហើយ។

វីតាមីន(ត) ៖ អ្នកដែលរងកង្វះវីតាមីន

តើ​មនុស្ស​ជំពូក​ណា​ខ្លះ​ដែល​រង​កង្វះ​ជាតិ​វីតាមីន? មនុស្ស​គ្រប់រូប​ត្រូវការ​វីតាមីន ទៅតាម​វ័យ ភេទ និង​ស្ថានភាព​សុខភាព​នានា។ ខាងក្រោម​នេះជា​ការ​រៀបរាប់​អំពី​ជំពូក មនុស្ស​ដែលមាន​តម្រូវការ​វីតាមីន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

1. ទារក​ទើបនឹង​កើត និង​កូន​កើត​មិន​គ្រប់ខែ ៖ ពួកគាត់​រង​នូវ​ការ​ខ្វះ​ជាតិ​វីតាមីន​យ៉ាង​ខ្លាំងក្លា ជា​ពិសេស​វីតាមីន​អា(A) វីតា​មីន​​ដេ(D) វីតាមីន​អឺ(E) និង​វីតាមីន​កា(K)។ ទាំងនេះ​ជា​ជំពូក​វីតាមីន​រលាយ​ក្នុង​ខ្លាញ់ ដែល​មិន​បាន​ឆ្លងកាត់​បាន​ល្អ​ទៅ​ទារក តាម​រយៈ​សុក និង​ទង​សុក។

2. អ្នក​លេងកីឡា និង​កីឡាករ ៖ ព្រោះថា​ការ​ធ្វើ​ឬ​តម្លើង​សកម្មភាព​ផ្លូវកាយ នាំឱ្យ​ស៊ី​ត្របាក់​លេប​ជាតិ​វីតាមីន។

3. ស្ដ្រី​មាន​ផ្ទៃពោះ ៖ ជា​ពិសេស​ចំពោះ​ស្ដ្រី​ដែល​ចាញ់កូន និង​មាន​អាការ​ក្អួត​ចង្អោរ​ញឹកញាប់​ពេក។

4. អ្នក​ដែល​មាន​ជម្ងឺរ៉ាំរ៉ៃ ៖ ឃើញ​មាន​កង្វះ​វីតាមីន​ច្រើន​តែ​កើត​លើ​អ្នក​ដែល​មាន​ជម្ងឺ​រ៉ាំរ៉ៃ ដូចជា​អ្នក​ជម្ងឺ​ទឹក​នោម​ផ្អែម អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍ អ្នក​មាន​ជម្ងឺ​ខ្សោយ​តម្រង​នោម​ជាដើម។

5. អ្នក​មាន​ជម្ងឺផ្លូវ​រំលាយ​អាហារ ៖ ជា​ពិសេស​អ្នកដែល​មាន​ជម្ងឺ​ពោះ​វៀនធំ ពោះវៀន​តូច ជម្ងឺ​ពោះវៀន​ក្រោន​ជា​ដើម។

6. អ្នក​ដែល​សម្រក​ទម្ងន់ ឬ​អ្នក​ដែល​មាន​របប​អាហារ​សម្រក​ទម្ងន់ ៖ ជា​ពិសេស​អ្នក​ដែល​ប្រើប្រាស់​របប​អាហារ​សម្រក ទម្ងន់ ដែល​ធ្វើឱ្យ​រាក​ខ្លាំង ស្រក​ទម្ងន់​លឿន​ពេក ឬ​របប​អាហារ​ចម្លែកៗ​ពេក។ ផ្ទុញ​ទៅវិញ របប​អាហារ បន្លែ ឬ​របប​អាហារ​បួស ដែល​អនុវត្ដ​បាន​ត្រឹមត្រូវ មិន​បង្ក​ជា​ការ​ប៉ះពាល់​ធ្វើឱ្យ​មាន​កង្វះ​ជាតិ​វីតា​មីន​នោះទេ។

7. អ្នក​ជក់បារី និង​អ្នកញៀន​សុរា ៖ ពួកគាត់​ក៏ទទួល​រង​នូវ​កង្វះ​ជាតិ​វីតាមីន​ដែរ។

8. អ្នក​ដែល​រង​ប្រតិកម្ម​ជាមួយ​ការ​បំពុល​បរិយាកាស ឬ​អ្នក​ដែល​ទទួល​រង​នូវ​អាការ​ស្ដ្រេស្ស​ជា​ប្រចាំ ៖ ពួកគាត់​ប្រាក​ដជា ទទួល​រង​នូវ​កង្វះ​វីតាមីន​មិន​អាច​ចៀស​ផុត​នោះ​ទេ។

9. អ្នក​ទើបនឹង​ជា​ពី​ជម្ងឺ​តម្កាត់

10. អ្នក​ទទួល​ការ​ព្យាបាល​ជម្ងឺ ៖ ពួក​គាត់​ទទួល​រង​នូវ​ឥទ្ធិពល​អាក្រក់​របស់​ឱសថ​ព្យាបាល​ជម្ងឺ​ទាំង​នោះ រហូត​ឈាន​ទៅ នាំ​ឱ្យ​មាន​កង្វះ​ជាតិ​វីតាមីន​មួយ​ចំនួន ជា​ពិសេស​អ្នក​ដែល​ព្យាបាល​ដោយ​ក័រ​ទីកូ​អ៊ីដ ឱសថ​សម្រួល​អារម្មណ៍ ថ្នាំ​ប្រឆាំង​នឹង​ជាតិ​អាស៊ីដ ក្រពះ ថ្នាំ​ផ្លូវចិត្ដ ថ្នាំផ្សះ ឬ​ថ្នាំអង់​ទី​ប៊ីយ៉ូទិក ថ្នាំ​ប្រឆាំង​ជម្ងឺ​មហារីក ថ្នាំ​ប្រឆាំង​ការ​រលាក និង​ថ្នាំដទៃ​ទៀត​ជាច្រើន​ជាដើម។

11. មនុស្ស​វ័យចាស់​ជរា ៖ ពួកគាត់​មិន​ត្រឹម​តែ​ទទួលទាន​បាន​តិច​ជាង​កាល​ពី​នៅក្មេង​ប៉ុណ្ណោះទេ ប៉ុន្ដែ​ថែម​ទាំង សមត្ថភាព​ក្នុង​ការស្រូប​ជាតិ​វីតាមីន​របស់ពួក​គាត់​មាន​កម្រិត​ស្រូប​ជាតិ​ វីតាមីន​ថមថយ​ទៀត​ផង។

មូលហេតុ​ដែលស្ដ្រី​មានផ្ទៃពោះ​រងកង្វះ​ជាតិ​វីតាមីន​

ស្ដ្រីមាន​ផ្ទៃពោះ ឬស្ដ្រី​ពពោះ មិន​ប្រាកដ​ថាជា​អ្នក​ជម្ងឺ​នោះទេ ប៉ុន្ដែ​ពួកគាត់​មាន​តម្រូវ​ការ​ជាតិ​វីតាមីន​កើន​ឡើង។ ពីព្រោះ ថា ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​កំពុង​លូតលាស់​ស្រូប​យក​សារធាតុ​ចិញ្ចឹម និង​វីតាមីន​មួយ​ភាគ​នៃ​តម្រូវ​ការ​របស់​ស្ដ្រី​ពពោះ​ដែល​ជា​ម្ដាយ។ ហេតុ​នេះ អាហា​រូបត្ថម្ភ​របស់​ទារក​ក្នុងផ្ទៃ អាច​ជា​ប្រធាន​បទ​មួយ​ក្នុង​ចំណោម​ប្រធាន​បទធំៗ​ជាច្រើន​របស់​វេជ្ជសាស្ដ្រ នា​ពេល អនាគត។

សុខភាព​របស់​ទារក​អាស្រ័យ​ទាក់ទង​យ៉ាងខ្លាំង​ទៅនឹង​អ្វី​ដែល​ជា​ការ​ទទួល ​របស់​ម្ដាយ មិន​ត្រឹមតែ​ពេល​គាត់​ពពោះ​ប៉ុណ្ណោះ ទេ ប៉ុន្ដែ​ថែមទាំង​មុនពេល​គាត់​ពពោះ​ទៀតផង។ ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ គឺការ​ថែទាំ​សុខភាព​របស់​ស្ដ្រី​ជាម្ដាយ​ពេល​ពពោះ សំខាន់​ខ្លាំង​ណាស់ ពី​ព្រោះថា មិន​អាច​ត្រូវ​សង​ទូទាត់​នៅ​ពេល​ក្រោយវិញ​នោះ​ទេ។

នៅ​ក្នុង​សង្គម​ខ្មែរ មាន​ជំនឿ និង​ទំនៀម​ទម្លាប់​ជាច្រើន​ទាក់ទង​នឹងស្ដ្រី​មាន​ផ្ទៃពោះ ជា​ពិសេស​ការ​ទទួល​ទាន​សុរា​ពេល​មាន ផ្ទៃពោះ និង​ក្រោយ​ពេល​សម្រាល ទោះ​បីជា​មាន​ការ​ហាមឃាត់​ពី​ក្រុម​គ្រូពេទ្យ និង​វេជ្ជបណ្ឌិត​យ៉ាង​ណាក្ដី។ សព្វ​ថ្ងៃនេះ យើង​ស្ទើរ​តែ គ្រប់គ្នា​ដឹង​ហើយ​ថា ស្ដ្រី​ជា​អនាគត​មាតា​ត្រូវហាម​មិន​ឱ្យ​ជក់បារី និង​ហាម​ទទួលទាន​សុរា ឬ​ស្រា ព្រោះ​ប្រយ័ត្ន​ចំពោះ​ការ​ប៉ះពាល់ សុខភាព​ទារក។ នា​ពេល​អនាគត បម្រាម​ទាំង​នេះ​នឹង​ត្រូវ​បានបញ្ជាក់​ច្បាស់​ជាង​នេះ និង​តឹងរ៉ឹង​ជាងនេះ។

ពុល​អាហារ

គោល​បំណង​សំខាន់​នៃការ​បរិភោគ​អាហារ​ប្រចាំថ្ងៃ​របស់​មនុស្ស​ យើងម្នាក់ៗ​គឺ​ដើម្បី​ទ្រទ្រង់សុខភាព​រាងកាយ និងការ​រស់រាន​មាន​ជីវិត។ ការ​បរិភោគ​អាហារ​ត្រូវបាន​ទទួល​ការយក​ចិត្ដទុកដាក់​យ៉ាងខ្លាំង​ពី​សំណាក់​ អ្នក​បរិភោគ ព្រោះថា​ប្រសិន​បើការ បរិភោគ​មិនបាន​ត្រឹមត្រូវ វា​ធ្វើឱ្យ​លោកអ្នក​មាន​គ្រោះថ្នាក់​ផ្សេងៗ​បាន។ ការ​ពុល​អាហារ​ត្រូវបាន​លោកអ្នក​គ្រប់គ្នា​ខ្លាច​រអា។ ហេតុនេះ​លោកអ្នក​ត្រូវតែ​មាន​វិធី​ការពារ និងចេះ​ជ្រើសរើស​អាហារ​យកមក​បរិភោគ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូម​លោកអ្នក​ស្វែង​អំពី​ការពុល​អាហារ តាមរយៈ​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត សែន ពិសិដ្ឋ អនុប្រធាន​មន្ទីរ សុខាភិបាល​រាជធានី​ភ្នំពេញ ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។ ដោយ​សារ​បទសម្ភាសន៍​នេះវែង ទស្សនាវដ្ដី សុខភាពយើង នឹង​ធ្វើការ ចេញ​ផ្សាយ​ជាវគ្គ​បន្ដបន្ទាប់​គ្នា​នៅលើ​ទំព័រ​របស់ខ្លួន។

អ្វីដែល​ជាការ​ពុល​អាហារ?

អាហារ​ក្នុង​ទ្រង់ទ្រាយ​ផ្សេងៗ​ហើយ​ខុសៗ​គ្នា វាមាន​សក្ដានុពល​អាចបង្ក​បង្កើត​ឱ្យមាន​ការ​ប៉ះពាល់​សុខភាព។ ពុល​អាហារ​គឺ ជាជម្ងឺ​មួយដែល​កើតមាន​ឡើង​ក្នុង​រវាង​១ម៉ោង​ទៅ៧២ម៉ោង បន្ទាប់ពី​បរិភោគ​អាហារ​ពុល ដោយ​មាន​រោគ​សញ្ញា​ដូចតទៅ ៖ ឈឺពោះ ក្អួត​ចង្អោរ ឈឺក្បាល រមួល​ក្រពើ គ្រុន រាក ហើយ​ក្នុង​ករណី​ជាច្រើន​អាចមាន​ស្លាប់។ ឧទាហរណ៍ ៖ គេរក​ឃើញ​ករណី​ពុលអាហារ​គ្រប់​ទីកន្លែង​ទាំងអស់ ដោយ​ហេតុនេះ​ហើយ​អាហារ​ដែល​ចម្អិន​សម្រាប់​លក់ដូរ​មិនអាច​ផលិត​ឡើង​ដោយគ្មាន ​វត្ដមាន​មេរោគ​នោះ​បានទេ។

លក្ខណៈ​នៃការ​ពុល​អាហារ

ការពុល​អាហារ​ត្រូវបាន​គេធ្វើ​ការកត់​សម្គាល់​ទៅលី​ប្រភព​ចម្លង​មេរោគ​ ទៅនឹង​ចំណី​អាហារ ដូចជា​ពពួក​អតិសុខុម​ប្រាណ ដែល​បណ្ដាលឱ្យ​កើតជា​ជម្ងឺ ក្នុងនោះ​មាន​បាក់តេរី​ វីរុស និង​ផ្សិត។ បាក់តេរី​មាន​មូលហេតុ​ច្រើនជាង​គេ ក្នុងការ​បង្កឱ្យ​មានការ​ពុលអាហារ​ដោយ​បាក់តេរី។ ទោះបី​យ៉ាងណា​ក្ដី​ចំណេះដឹង​ក្រៅ​ពីនេះ ដូចជា​ការពុល​ដោយ​គីមី ឬ​ករណី​ពុល​ផ្សេងៗ​ទៀត​ក៏មាន​សារៈសំខាន់​ដូចគ្នា​ដែរ។

1 . ការចម្លង​ជាតិ​គីមី​ពុល​ទៅលើ​អាហារ ៖ តាមរយៈ​សារធាតុ​ពុល​ផ្សេងៗ ដូចជា​ថ្នាំសម្លាប់​សត្វល្អិត​ដែលបាញ់​ទៅលើ​អាហារ​ ឬ​សម្ភារៈ​ប្រើប្រាស់។ លោហៈ​ធាតុ​ដែល​ស្រោប ឬ​ផ្សារ គឺមិន​ត្រឹមត្រូវ​ជា​សម្ភារៈ​សម្រាប់​ទុកដាក់​អាហារ និង​ភេសជ្ជៈ​ឡើយ។ ឧទាហរណ៍ ៖ សម្ភារៈ​ប្រើប្រាស់​ដែលស្រោប ឬ​ជ្រលក់​ដោយ​សង្ក័សី​ងាយនឹង​រលាយ​ជាតិ​ចូល​ជាមួយ​អាហារ នឹងធ្វើ​ឱ្យ​អាហារ​ពុល​បាន។ ប្រសិន​ណាគេ​មិនបាន​ថែរក្សា​ស្ពាន់ឱ្យ​បាន​ស្អាតល្អ​ឥតខ្ចោះទេ អាហារ​អាច​ជ្រាប​ចូល​ជាមួយ​លោហៈ​ពុល​បង្កើត​ឱ្យមាន​ជម្ងឺ។ ការ​លាបថ្នាំ​លើ​សម្ភារៈ ដូចជា​ចាន ឆ្នាំង និងលើ​ចំណារ​ក្បាច់នៃ​សម្ភារៈ​បង្កើត​ឱ្យមាន​លោហៈ​ពុល ព្រោះ​ក្នុងថ្នាំ​លាបនេះ​មាន​លោហៈ​ធ្ងន់ ដូចជា​សំណ និង​កាត់មីញ៉ូម។ ប្រសិន​ណា​ជាគេ​ប្រើប្រាស់​ថ្នាំ​លាប​នេះមិនបាន​ត្រឹមត្រូវ​សម​ស្រប​ទេ ហើយ​ផ្ទៃនៃ​សម្ភារៈ​ប្រើប្រាស់ ដែល​លាប​ដោយ​ថ្នាំ​នោះនឹង​ជ្រាប​ចូលក្នុង​អាហារ ជាពិសេស​សម្ភារៈ​ដែលមាន​តម្លៃ​ថោកៗ។ ដូច្នេះ​ត្រូវប្រើ​តែ​សម្ភារៈ​ដែល​មា គុណភាព​ខ្ពស់​ទើប​ប្រសើរ។

2 . ការ​ចម្លង​ជាតិពុល​តាម​រយៈ​ការ​បន្ថែម​គ្រឿង ៖ ការ​បន្ថែម​គ្រឿង​បែប​គំរូ​គ្មានការ​អនុញ្ញាត ឬក៏​បន្ថែម​គ្រឿង​លើស ចំនួន​ទាំង​ចេតនា ឬ​អចេតនា អាចបង្កើត​ឱ្យមាន​ជម្ងឺ។ ឧទាហរណ៍ ប៊ីចេង ទោះបី​ជាការ​បន្ថែម​ដែលត្រូវ​យល់ព្រម​ឱ្យដាក់​ក្នុង​អាហារ​ខ្លះ​ក៏ដោយ ក៏អាច​បណ្ដាល​ឱ្យកើត​មាន​ប្រតិកម្ម​ដល់​មនុស្ស​ខ្លះៗ​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

3 . ការ​ចម្លង​រោគ​ដោយ​រូបសាស្ដ្រ​ទៅលើ​អាហារ ៖ វា​កើតឡើង​នៅពេល​មានវត្ថុ​ពី​ខាងក្រៅ មាន​វត្ដមាន​នៅក្នុង​អាហារ ឬ​នាំមក​ដោយ​សត្វល្អិត​ទៅប៉ះ​លើ​អាហារ វាកើត​មាន​ដែរ​នៅពេល​មានការ​បិទរូប​ឬក្បាច់​ជា​លំអ និង​នៅក្នុង​ទឹកកក។ របៀប​ដែល​អាច​ការពារ​ហាក់​ដូចជា​ជាក់ច្បាស់ តែជា​រឿយៗ​ច្រើនតែ​គេមិន​អើពើ។ របៀប​ការពារ​បាននាំ​មកនូវ​ការខាត​ផល​ប្រយោជន៍ និង​បាត់បង់​អតិថិជន។

4 . ការ​ចម្លង​ដោយ​សារជាតិ​ពុល ៖ សារជាតិ​ពុល​ធម្មជាតិ​មាន ផ្សិត​ពុល គ្រឹង​ដំឡូង និង​ត្រីពុល​(ត្រីកំពត)។ ការពុល​របស់​ផ្សិត​ដែលផ្សិត​ខ្លះ​ដុះចេញ​ពីសណ្ដែក​ដី និង​គ្រាប់​ធញ្ញ​ជាតិអាច​បណ្ដាល​ឱ្យកើត​ជម្ងឺ​ធ្ងន់បាន ដូចជា​ជម្ងឺ​រលាក​ថ្លើម និង​ផ្ដើមឱ្យ​មាន​មហារីក​ជាដើម។

5 . ការ​ចម្លង​ដោយ​វីរុស ៖ ជម្ងឺ​ដែល​បង្កឡើង​ដោយ​វីរុស​តាមការ​បរិភោគ​អាហារ​ជាធម្មតា​តែងតែ​មានសភាព​ ធ្ងន់ ហើយ មនុស្ស​ភាគច្រើន​ទំនង​ជាត្រូវ​បាន​ទទួល​រងនូវ​ជម្ងឺនេះ។ វីរុស​មិនបំបែក​ខ្លួនឱ្យ​មានចំនួន​ច្រើន​នៅក្នុង​អាហារ​ឡើយ គឺ​គ្រាន់តែ​ប្រើ​អាហារ​ជាយាន​ចម្លង​ដើម្បី​នឹង​ចូលទៅ​ខ្លួន​មនុស្ស។ មូលហេតុ​នៃការ​ចម្លង​នេះគឺ​បណ្ដាល​មកពី​អ្នកធ្វើ​ម្ហូប​អាហារ​មានជម្ងឺ​ បង្កដោយ​វីរុស។ ឧទាហរណ៍ ៖ ជម្ងឺ​រលាក​ថ្លើម​ដោយ​វីរុសអា និង​ជម្ងឺ​រលាក​ក្រពះ​ពោះវៀន​ដោយ​វីរុស។

6 . ការពុល​អាហារ​ដោយ​បាក់តេរី ៖ ភាគច្រើន​នៃ​ករណី​ពុល​អាហារ​គឺជា​ការពុល​អាហារ​ដោយ​បាក់តេរី។ តែគេ​មិនបាន សន្និដ្ឋាន​ថា បាក់តេរី​ទាំងអស់​សុទ្ធតែ​មាន​គ្រោះថ្នាក់​នោះទេ បាក់តេរី​ជាច្រើន​មានផល​ប្រយោជន៍​ដល់​មនុស្ស ដូចជា​គេយក​ទៅធ្វើ​ហ្វ្រូម៉ាស ទឹកដោះ​គោជូរ និង​ឱសថ​មួយ​ចំនួន។

  • បាក់តេរី​ដែលធ្វើ​ឱ្យស្អុយ​រលួយ ផ្អូម​ដល់​អាហារ​ធ្វើឱ្យ​អាហារ​មានក្លិន និង​រសជាតិ​មិនល្អ។ ឧទាហរណ៍ ៖ សាច់ជាំ​ខៀវ នំប៉័ង​ដុះផ្សិត
  • បាក់តេរី​ដែលធ្វើ​ឱ្យពុល​អាហារ​គឺ ៖ ជា​បាក់តេរី​ដែលអាច​បង្កើត​ឱ្យមាន​ជម្ងឺ​ក្រៅ​ពីការ​ប្រើមីក្រូទស្សន៍​គ្មាន ​មធ្យោបាយ ណាដែល​ប្រាប់ថា​មាន​បាក់តេរី​ធ្វើឱ្យ​ពុលដល់​អាហារ​ឡើយ។ ពោល​អាហារ​មានក្លិន និង​រសជាតិ​ដូច​ធម្មតា។ ឱកាស​ដ៏ល្អ​ត្រឹមត្រូវ​បាន ត្រូវផ្ដល់​ឱ្យ​បាក់តេរី​អាចបង្ក​បង្កើត និង​បំបែក​ខ្លួន​រៀងរាល់​២០នាទី​បាន ប្រសិនបើ​រយៈពេល​នោះល្មម​គ្រប់គ្រាន់ បាក់តេរី​តែ​បន្ដិច​បន្ដួច អាចនឹង​បំបែក​ខ្លួន​រហូត​ដល់​អាច​បង្កើត​ឱ្យក្លាយ​ទៅជា​ការពុល​ដែលមាន​ នៅក្នុង​អាហារ។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​នៅពេល​បរិភោគ ឬ​ចម្អិន​គ្រប់​ចំណី​អាហារ​ទាំងអស់ ត្រូវយក​ចិត្ដទុក​ដាក់ជា​ចម្បង​ទៅលើ​អនាម័យ លក្ខណៈ​ដែលអាច​បង្ក​ជាការ​ពុលអាហារ​បាន។ នៅលេខ​ក្រោយទៀត​លោកអ្នក​អាចស្វែង​យល់​កាន់តែ​ច្បាស់​អំពី​មូលហេតុ​ដែល​ បង្កឱ្យ​មានការ​ពុល​អាហារ​នេះ និង​ប្រការ​ផ្សេងៗ​ទៀត​ទាក់ទង​នឹងការ​ពុល​អាហារ​នេះ។

សម្លម្ជូរព្រៃ

  • បរិមាណ​មនុស្ស​ទទួលទាន ៖ ២នាក់
  • រយៈពេល​រៀបចំ​គ្រឿងផ្សំ ៖ ១៥នាទី
  • រយៈ​ពេល​ចម្អិន ៖ ១៥នាទី

គ្រឿងផ្សំ

  • ខ្ទឹមក្រហម ២កំពឹស
  • ខ្ទឹមបារាំង មួយចំហៀង
  • ម្រះព្រៅដាក់តាមការចូលចិត្ដ
  • ស្ករស ១ស្លាបព្រាកាហ្វេ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ
  • ផ្លែសណ្ដាន់ ដាក់តាមការចូលចិត្ដ
  • សាច់ អាចដាក់សាច់ត្រី សាច់មាន់ សាច់ជ្រូក ឬត្រីឆ្អើរក៏បាន ២០០ក្រាម
  • ប្រហុក ២កន្ទុយតូច
  • ម្ទេស ២គ្រាប់
  • គល់ស្លឹកគ្រៃ ១គល់
  • ស្លឹកក្រូចសើច ២សន្លឹក
  • រំដេង ១ចំណិត
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

របៀបរៀបចំគ្រឿងផ្សំ

  • ខ្ទឹមក្រហម ត្រូវលាងឱ្យស្អាត រួចហាន់ជាបន្ទះស្ដើងៗ
  • ខ្ទឹមបារាំង ត្រូវលាងឱ្យស្អាត រួចហាន់ជាបន្ទះស្ដើងៗ
  • ម្ទេសត្រូវលាងឱ្យស្អាត រួចហាន់បញ្ឆិតស្ដើងៗ
  • ខ្ទឹមបារាំងត្រូវលាងឱ្យស្អាត រួចហាន់ស្ដើង
  • ម្រះព្រៅ ផ្លែសណ្ដាន់ ត្រូវលាងឱ្យស្អាត
  • ប្រហុកត្រូវលាងឱ្យស្អាត
  • ត្រីត្រូវលាងឱ្យស្អាត ហាន់ជាបីកង់
  • គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ត្រូវលាងឱ្យស្អាត។

របៀបធ្វើ

ដំបូង ​ត្រូវដាក់​ដាំទឹក ដាក់​គល់​ស្លឹកគ្រៃ ស្លឹក​ក្រូច​សើច និង​រំដេង នៅ​ពេល​ដែល​ទឹកពុះ​ត្រូវដាក់​ប្រហុក​ដែល​ជ្រំរួច​យក តែ​ទឹក​ប្រហុក បន្ទាប់​មក​ដាក់សាច់​ត្រី​ទុកឱ្យ​ពុះ ហើយ​ត្រូវដាក់​ប៊ីចេង ស្ករស អំបិល ផ្លែសណ្ដាន់ ម្សៅស៊ុប លៃ​ឱ្យសម​ល្មម បន្ទាប់​មក​ត្រូវដាក់​ម្ទេស រួច​លើក​ចុះ ហើយ​ដាក់​ម្រះព្រៅ រួច​ដួសដាក់​ចាន​ជាការ​ស្រេច។
បញ្ជាក់ ៖ ម្ហូបនេះ​អាច​ទទួលទានបាន​ជាមួយ​បាយស។

កាពិផាវ

រូបភាពទស្សនាវដ្ដីសុខភាបយើង

  • បរិមាណ​មនុស្ស​ទទួលទាន ៖ ២នាក់
  • រយៈពេល​រៀបចំ​គ្រឿង​ផ្សំ ៖ ២០នាទី
  • រយៈពេល​ចម្អិន ៖ ១៥នាទី

គ្រឿង​ផ្សំ

  • ខ្ទឹម​ក្រហម ៥០ក្រាម
  • ខ្ទឹមស ៥០​ក្រាម
  • ម្ទេស​ឆ្អើរ ៥០ក្រាម
  • សាច់ជ្រូក​សាច់សុទ្ធ ២០០​ក្រាម
  • ត្រីឆ្អើរ ២កន្ទុយ​ធំៗ​ល្មម
  • កាពិ ២៥​ក្រាម
  • ត្រសក់ ២ផ្លែ
  • ការ៉ុត ១មើម
  • ត្រប់​ស្រួយ ២ផ្លែ
  • ប៉េង​ប៉ោះ ១ផ្លែ
  • ស្ពៃក្ដោប មួយ​ចំណិត
  • សណ្ដែក​កួរ ៣កួរ
  • ស្ករស ១ស្លាបព្រា​កាហ្វេ
  • ប៊ីចេង ១ស្លាប​ព្រាកាហ្វេ
  • ខ្លាញ់ ៥០ក្រាម

រូបភាពទស្សនាវដ្ដីសុខភាពយើង

របៀប​រៀបចំ​គ្រឿង​ផ្សំ

  • ត្រីឆ្អើរ​ត្រូវ​បកស្បែក​ចេញ​បេះតូចៗ ហើយ​យកទៅ​លាងទឹក​ឱ្យស្អាត
  • សាច់ជ្រូក​លាងឱ្យ​ស្អាត ហើយ​ចិញ្ច្រាំ​ឱ្យម៉ដ្ឋ
  • ម្ទេសឆ្អើរ​ត្រូវយក​គ្រាប់ចេញ ត្រាំទឹក​មួយសន្ទុះ​លាងទឹក​ឱ្យស្អាត ហើយ​យកមក​ចិញ្ច្រាំ​ឱ្យម៉ដ្ឋ
  • ខ្ទឹមស និង​ខ្ទឹម​ក្រហម ត្រូវបក​សម្បក​ចេញ​ហើយ​លាង​ទឹកឱ្យ​ស្អាត បន្ទាប់មក​ហាន់​ស្ដើងៗ
  • ត្រសក់ ការ៉ុត ត្រប់ស្រួយ និង​ប៉េងប៉ោះ ត្រូវ​លាងទឹក​ឱ្យស្អាត​ចិតបញ្ឆិត​ស្ដើងល្មម រៀប​ដាក់ចាន​ឱ្យមាន​លំដាប់​លំដោយ
  • ស្ពៃក្ដោប និង​សណ្ដែក​កួរ​ត្រូវលាង​ទឹក​ឱ្យស្អាត​កាត់ឱ្យ​ល្មម ហើយ​រៀបដាក់​ចាន។

របៀប​ធ្វើ

ដំបូង​សូមយក​ខ្ទឹមស និងខ្ទឹម​ក្រហម​ទៅ​បំពង​ជាមួយ​ខ្លាញ់ បន្ទាប់​មកយក​ម្ទេសឆ្អើរ​មកឆា​ជាមួយ​ខ្ទឹម​ក្រហម​ខ្ទឹមស ទើប ដាក់​សាច់ជ្រូក​ចូលទុក​មួយ​សន្ទុះ។ ពេល​សាច់ជ្រូក​ឆ្អិន​ត្រូវដាក់​ត្រីឆ្អើរ​ចូលឆា​ឱ្យសព្វ​ចូលគ្នា រួចដាក់​កាពិចូល បន្ទាប់​មក​ត្រូវដាក់​ប៊ីចេង និង​ស្ករស ទុកមួយ​សន្ទុះ ភ្លក់ឱ្យ​សមល្មម រួច​ដួសដាក់​ចាន​ជាការ​ស្រេច។
បញ្ជាក់ ៖ ម្ហូបនេះ​អាច​ទទួលទាន​បាន​ជាមួយ​បាយស ឬ​នំប៉័ង។

ឆាឆ្អឹងជំនីរបំពងម្នាស់

រូបភាពទស្សនាវដ្ដីសុខភាពយើង

  • បរិមាណមនុស្សទទួលទាន ៖ ២នាក់
  • រយៈពេលរៀបចំគ្រឿងផ្សំ ៖ ១០នាទី
  • រយៈពេលចម្អិន ៖ ១៥នាទី

គ្រឿងផ្សំ

  • ឆ្អឹងជំនីរជ្រូក ៣០០ក្រាម​(​៣ខាំ)
  • ម្នាស់ ១ចំហៀង
  • ខ្ទឹមស ៥០ក្រាម
  • ទឹកត្រី ១០មីលីលីត្រ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ស្ករស ១ស្លាបព្រាកាហ្វេ
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ
  • ស្លឹកខ្ទឹម ២មើម
  • ខ្លាញ់ ៥០ក្រាម

រូបភាពទស្សនាវដ្ដីសុខភាពយើង

របៀបរៀបចំគ្រឿងផ្សំ

  • ឆ្អឹង​ជំនីរ​ជ្រូក​ត្រូវលាង​ឱ្យស្អាត កាប់​តូចៗ​ល្មម
  • ម្នាស់​ត្រូវលាង​ទឹក​ឱ្យស្អាត​ពុះជា​ពីរ ចិត​ជាចំណិត​បញ្ឆិត​មិន​ស្ដើងពេក និង​មិនក្រាស់​ពេក
  • ស្លឹក​ខ្ទឹម​ត្រូវលាង​ឱ្យស្អាត រួចហាន់​ខ្លីល្មម
  • ខ្ទឹមស​ត្រូវបក​សម្បក​ចេញ​លាង​ទឹក​ឱ្យ​ស្អាត ហើយ​ចិញ្ច្រាំ​កុំឱ្យ​ម៉ដ្ឋ​ពេក

របៀបធ្វើ

ដំបូង​ត្រូវដាក់​ខ្ទះឱ្យ​ក្ដៅ ហើយ​ដាក់​ខ្លាញ់​ចូលទុក​ឱ្យក្ដៅ​ដាក់ខ្ទឹម​ស​ចូលទុក​ឱ្យក្រហម​ប្រឿងៗ បន្ទាប់​មក​ដាក់​ឆ្អឹង​ជំនីរ​ជ្រូក បំពង​ឱ្យ​ក្រហម ទើ​បដាក់​ម្នាស់​ចូល​ជាមួយ​ទឹកត្រី ស្ករស ប៊ីចេង អំបិល លៃ​ឱ្យសម​ល្មម ទុក​មួយ​សន្ទុះ រួច​ដួសដាក់​ចាន​ហើយ​ត្រូវ ដាក់​ស្លឹកខ្ទឹម​រោយ​ពីលើ​ជាការ​ស្រេច។

បញ្ជាក់ ៖ ម្ហូបនេះ​អាចទទួលទាន​បានជា​មួយ​បាយស។

ចំណី​អាហារ​សម្រាប់​អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម

សម្រាប់​អ្នកជម្ងឺ​ ទឹកនោម​ផ្អែម ក្រៅពី​ការ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អហើយ ទាមទារ​ឱ្យមាន​ការយក​ចិត្ដទុក​ដាក់ទៅ​លើចំណី​អាហារ​ជាចាំ​បាច់។ ជាពិសេស​ចំណីអាហារ​ដែលមិន​ធ្វើឱ្យ​មានផល​ប៉ះពាល់​ទៅលើ​ជាតិស្ករ។ របប​អាហារ​សម្រាប់​អ្នកជម្ងឺ​ទឹកនោម​ផ្អែមពិត​ជាមាន​សារៈ​សំខាន់។ សម្រាប់​សុខភាព​ពេល​ទទួល​ទាន​ចំណី​អាហារ ត្រូវពិនិត្យ​មើល​ឱ្យបាន​ត្រឹមត្រូវ។ មិន​គួរបរិភោគ​ទៅ តាមអ្វី​ដែលនឹក​ឃើញ​នោះទេ។ តើចំណី​អាហារ​បែប​ណា ដែល​អ្នកជម្ងឺ​ទឹក​នោមផ្អែម​គួរបរិភោគ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

សន្ទស្សន៍​ជាតិស្ករ​ដែល​មាន​នៅក្នុង​ចំណី​អាហារ

ដើម្បី​កុំឱ្យ​អត្រាជាតិ​ស្ករក្នុង​ឈាម​ឡើង​ខ្ពស់ខ្លាំង អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​ត្រូវជ្រើស​រើស​យកចំណី​អាហារ​ណាដែល​មានសន្ទស្សន៍​ ជាតិស្ករ​ទាប​ជាងគេ។ ចំណី​អាហារ​ទាំងអស់​មាន​សន្ទស្សន៍​ជាតិស្ករ​ខុសៗគ្នា​ដែលគិត​ជាភាគ​រយ​តាម​ កម្រិតពី​(ក)ដល់​(ឃ)​គឺមាន​កម្រិត​ជាតិស្ករ​ពីតិច​ទៅ​ច្រើន។

ប្រភេទក ៖ សន្ទស្សន៍​ទាប​ជាងគេ គឺក្រោម​៤០​ភាគរយ។ ប្រភេទ​នេះធ្វើ​ឱ្យអត្រា​ជាតិស្ករ​ក្នុងឈាម​ឡើងយឺត។

ប្រភេទខ ៖ សន្ទស្សន៍​ទាប​មធ្យម គឺលើស​ពី៤០​ភាគរយ។ ប្រភេទ​នេះធ្វើ​ឱ្យអត្រា​ក្នុងឈាម​ឡើងយឺត​មធ្យម។

ប្រភេទគ ៖ សន្ទស្សន៍​ខ្ពស់ គឺលើស​ពី៦០​ភាគរយ។ ប្រភេទ​នេះធ្វើឱ្យ​អត្រា​ក្នុងឈាម​ឡើង​លឿន។

ប្រភេទឃ ៖ សន្ទស្សន៍​ខ្ពស់ខ្លាំង គឺ១០០​ភាគរយ។ ប្រភេទ​នេះធ្វើ​ឱ្យអត្រា​ក្នុងឈាម​ឡើង​លឿន​ខ្លាំង។

ចំណី​អាហារ​ដែល​អ្នកជម្ងឺ​ទឹកនោម​ផ្អែមគួរ​បរិភោគ

1. អាហារ​ក្រុមទី១៖ ចំណី​អាហារ​ដែលមាន​សន្ទស្សន៍​ជាតិ​ស្ករខ្ពស់ អ្នក​ជម្ងឺទឹក​នោម​ផ្អែម​គួរ​បរិភោគ​តិចតួច​បំផុត រួម មាននំប៉័ង​ដំឡូង​បំពង បាយស ទឹកក្រូច​គ្រប់ប្រភេទ ស្ករស ឪឡឹក ម្នាស់ នំដែល​មាន​ជាតិប្រេង ឬខ្លាញ់ ដំណាប់ កូកា​ជាដើម។

2. អាហារ​ក្រុមទី២៖ អ្នកជម្ងឺ​ទឹកនោម​ផ្អែម​អាច​បរិភោគ​ច្រើនបាន មានដូច​ជាមី គុយទាវ តាំងហ៊ុន នំប៉័ងខ្មៅ បាយអង្ករ សម្រូប​គ្រាប់​សណ្ដែក​គ្រប់​ប្រភេទ។

3. អាហារ​ក្រុមទី៣៖ ទាក់ទង​នឹងបន្លែ​ដែលអ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​បរិភោគ​ច្រើន​បានមាន​ដូចជា​ ផ្កាខាត់​ណា ម្ទេស​បោ្លក​សណ្ដែក​ហោឡាំង​តាវ មើម​ស្ពៃ​ក្រហម ខ្ទឹមស ត្រាវ ឃ្លោក ជីវ៉ាន់​ស៊ុយ ក្រូចឆ្មារ អារទីសូត៌ ខ្ញី ពោត ផ្សិត សណ្ដែកបារាំង ត្រឡាច មើមឆៃថាវ​ននោង​ម្រះ ត្រប់ ប៉េងប៉ោះ​ជាដើម។

4. អាហារ​ក្រុមទី៤៖ ពពួក​ផ្លែឈើ​ដែល​អ្នកជម្ងឺ​ទឹកនោម​ផ្អែម​បរិភោគ​ច្រើនបាន​ដូចជា​ប៉ោម សារី ស្វាយ ស្ទ័រប៊ឺររី ចេក ល្មុត​ទំញំង​បាយជូរ កន្ទឹម ល្ហុង​ជាដើម។

ចំពោះ​ខ្លាញ់ត្រី អ្នក​ជម្ងឺទឹក​នោមផ្អែម​គួររបរិភោគ​ឱ្យបាន​ច្រើន។ មិនថា​តែត្រីទឹក​សាប ឬត្រីទឹក​ប្រៃ​នោះទេ វាមាន​លក្ខណៈ​ពិសេស​មួយ​ខុសពី​ខ្លាញ់​សត្វដទៃ។ ខ្លាញ់ត្រី​អាចជួយ​ការពារ​ជម្ងឺ​បេះដូង សរសៃ​ឈាម និង​ជម្ងឺ​ផ្សេងៗ។ ពពួក​គ្រឿង​សមុទ្រ​អ្នកជម្ងឺ​ទឹកនោម​ផ្អែម​អាច​បរិភោគ​បាន ព្រោះវា​មិនសូវ​សម្បូរ​ជាតិខ្លាញ់ ឬមាន​ជាតិខ្លាញ់​តិច មានដូច​ជាលៀស គ្រំ ខ្ចៅ ខ្យង ក្ដាមជា ដើម។ ចំណែក​ឯការ​ប្រើប្រាស់​ប្រេង​ដែល​បានមក​ពីប្រភព​ធម្មជាតិ បន្លែផ្លែ​ឈើ​មាន​គុណភាពល្អ​ជាង​ខ្លាញ់​សត្វ។ ដូច្នេះ​អ្នក​ជម្ងឺទឹក នោម​ផ្អែមគួរ​ចេះ​ជ្រើសរើស​យក​ប្រេង​រុក្ខជាតិ​ណាដែល​ផ្ដល់​ប្រយោជន៍ មុននឹង​ទិញត្រូវ​មើលទៅ​លើផ្លាក និង​ស្វែងយល់​ពីប្រភព របស់វា។ ប្រេង​ទាំងនោះ​មានប្រេង​សាហ្វហ្លូវ័រ ប្រេង​បន្លែ​រុក្ខជាតិ​ប្រេងផ្កា​ឈូករត្ន័ ប្រេង​អូលីវ​ជាដើម។

ចំណី​អាហារ​ដែល​អ្នកជម្ងឺ​ទឹក​នោមផ្អែម​មិនគួរ​បរិភោគ

ចំណី​អាហារ​ទាំងនោះ​មាន​ឪឡឹក ម្នាស់ ល្ពៅ ទៀប ខ្នុរ ធូរេន អំពៅ មៀន ការ៉ុតឆ្អិន និង​ដំឡូង​បារាំង​គ្រប់​ប្រភេទ។ ប្រសិន​បើ​លោកអ្នក​ចង់​បរិភោគ​ខ្លាំង​ដោយមិន​អាចតម​បាន គួរ​បរិភោគ​តិចតួច​បានហើយ ជាពិសេស​នៅក្រោយ​ពេល​ទទួលទាន​បាយ រួចភ្លាម។

ចំពោះ​សាច់​សត្វ ឬខ្លាញ់​សត្វដែល​អ្នកជម្ងឺ​ទឹក​នោមផ្អែម​មិនគួរ​បរិភោគ មានដូច​ជា​សាច់គោ សាច់ចៀម មាន់ ទា ក្ងានជា ដើម។ តែបើ​លោកអ្នក​ចង់​បរិភោគ​មិនអាច​តមបាន គួរជ្រើស​រើសសាច់​កន្លែង​ណាដែល​មិនសូវ​សម្បូរ​ខ្លាញ់ ដូចជា​សាច់ដើម​ទ្រូងជា ដើម។ គួរចៀស​វាង​នូវការ​បរិភោគ​ស្បែក​សត្វ ស្លាបសត្វ និង​ជើង​សត្វ​ជាដើម ព្រោះ​សម្បូរ​ទៅដោយ​ខ្លាញ់។ ជាពិសេស​គួរធ្វើ​ការចម្អិន ដោយ​ចំហុយ ស្ងោរ និង​អាំង​ព្រោះអាច​ជួយកាត់​បន្ថយ​ជាតិខ្លាញ់​បានយ៉ាង​ប្រសើរ។ ចៀស​វាងការ​ទទួលទាន​សុរា ឬបារី​ច្រើន​ពេក បើអាច​បញ្ឈប់​បានរិត​តែល្អ។

ប្រការ​ដែលអ្នក​ជម្ងឺទឹក​នោម​ផ្អែម​គួរ​ប្រតិបត្ដិ

មនុស្ស​ទូទៅ​បរិភោគ​ចំណីអាហារ​ប្រចាំ​ថ្ងៃ៣ដង​ក្នុង​មួយថ្ងៃ គឺពេល​ព្រឹក ពេលថ្ងៃ និង​ពេលល្ងាច​យ៉ាង​ទៀងទាត់​ពេល។ ចំពោះ​អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​ចំណី​អាហារ គួរបរិភោគ​តិចៗ​បានហើយ តែច្រើន​ដង​អាច៤ ឬ៥ដង​ក្នុងមួយ​ថ្ងៃ ហើយ​ក៏ត្រូវឱ្យ​ទៀង​ទាត់ពេល​វេលា​ដែរ។ ព្រោះវា​អាចជួយឱ្យ​អត្រា​ជាតិស្ករ​ក្នុងឈាម​មាន​លំនឹង​ល្អ ចៀស​វាងនូវ​អត្រាជាតិ​ស្ករ​ឡើង​ខ្ពស់។ ម្យ៉ាង​ទៀតវា អាចជួយ​ការពារ​ការខ្វះ​ជាតិស្ករ​ឬអត្រា​ស្ករ​ក្នុងឈាម​ធ្លាក់​ចុះខ្លាំង។ ការ​ទទួលទាន​ម្ហូបអាហារ​ត្រូវកំណត់​ពេល។

  • ចំនួនដង ៖ បើ​លោកអ្នក​ទទួល​ទាន​អាហារ​៣ ឬ៤ដង​ក្នុង​មួយថ្ងៃ ត្រូវ​ធ្វើឱ្យ​បានទៀង​ទាត់​ជារៀង​រាល់ថ្ងៃ។
  • កំណត់​ម៉ោង ៖ គួរកំណត់​ម៉ោងឱ្យ​បានច្បាស់ ពេលព្រឹក​បរិភោគ​នៅម៉ោង​ប៉ុន្មាន ពេលថ្ងៃ ពេលល្ងាច និង​ពេលយប់ ត្រូវ​ឱ្យទៀង​ទាត់​ជារៀង​រាល់ថ្ងៃ។ ទោះបី​រវល់យ៉ាង​ណា​ក៏ដោយ ឬមិន​ទាន់ឃ្លាន​ក្ដី ត្រូវតែ​បរិភោគ​ទៅតាម​ពេល​កំណត់។

ក្រៅ​ពីចំណី​អាហារ អ្នកជម្ងឺ​ទឹក​នោមផ្អែម​ក៏ត្រូវ​ធ្វើ​លំហាត់​ប្រាណឱ្យ​បាន​ទៀង​ទាត់ ត្រូវ​បង្កើន​សកម្មភាព​ពលកម្ម​ក្នុងជីវ ភាពប្រចាំ​ថ្ងៃ​និង​ការ​កម្សាន្ដ​ផ្សេងៗ​ឱ្យបាន​កាន់តែ​ច្រើន។ សកម្មភាព​ទាំងនោះ​គឺផ្លាស់ប្ដូរ​ពីការ​ធ្វើដំណើរ​ដោយ​យានយន្ដ​មកដើរ​(បើមាន​ ពេល​ដែលអាច​ធ្វើបាន)​ព្រមទាំង​ឡើង​ជណ្ដើរ​ដោយ​ជើង ជាជាង​ប្រើដោយ​ជណ្ដើរ​យន្ដ លេងកីឡា​ដូចជារត់ លោត ធាក់កង់ វាយកូន​គោល​ជាដើម។ ចំពោះ​សកម្មភាព​ប្រចាំថ្ងៃ​ដូចជា​បោសផ្ទះ ជូតផ្ទះ ដើរ​កម្សាន្ដ រាំកម្សាន្ដ ហែលទឹក ឬដើរ​ទិញឥវ៉ាន់​ជាដើម ជាចំណែក​ជួយ​ឱ្យអត្រា​ជាតិស្ករ ជាតិ​ខ្លាញ់​ក្នុង​ឈាម និង​សម្ពាធ​ឈាមថយ​ចុះបាន​មួយ​កម្រិត។ ហើយ​វាក៏អាច​ជួយការ​ពារមិនឱ្យ​មាន​កំណក​ខ្លាញ់ ក្នុង​សរសៃ​ឈាម​និង​ជួយ​កាត់បន្ថយ​នូវការ​ប្រើប្រាស់​ថ្នាំទឹក​នោមផ្អែម ថ្នាំលើស​ឈាម ថ្នាំលើស​ជាតិខ្លាញ់​ជាដើម។

បណ្ដាំផ្ញើ

ចំណី​អាហារ​ដែល​បានរៀប​រាប់​ខាងលើ អាច​មានគុណ​សម្បត្ដិ និង​គុណវិបត្ដិ​សម្រាប់​អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម។ ចំណី​អាហារ មួយ​ចំនួន​អ្នកជម្ងឺ​ទឹក​នោមផ្អែម​អាច​បរិភោគ​បានគ្រាន់​តែតិច ឬ​ច្រើន​ទៅតាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ។ គួរ​បរិភោគ​ចំណី​អាហារ​ឱ្យមាន​ការ​កំណត់​មួយ​សមស្រប មិន​គួរបរិភោគ​អ្វីទៅតាម​នឹក​ឃើញ និងចង់​ហួសហេតុ​នោះទេ ដូចពាក្យ​មួយឃ្លា​បានពោល ថា “កុំហូប​តាម​ឃ្លាន កុំហ៊ាន​តាមចង់”។ គួរ​ឧស្សាហ៍​សង្កេត​ទៅលើ​ទម្ងន់ខ្លួន​ជាប្រចាំ មិនត្រូ​វឱ្យឡើង​ទម្ងន់​ហួស​ហេតុ​ពេកទេ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s