Family

លុយកាក់​ក្នុងជីវិត​អាពាហ៍​ពិពាហ៍

ក្នុងជីវិត​ប្ដី​ប្រពន្ធ បញ្ហា​លុយកាក់​ច្រើនតែ​បង្កនូវ​ភាព​ប្រេះឆា ពិសេស​គឺ​នៅក្នុង​ការចាយ​វាយ សន្សំ​សំចៃ និង​ការ​រកស៊ី។ រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី មាន​ទស្សនៈ​ផ្សេង​គ្នា​អំពីបញ្ហា​លុយកាក់។ មនុស្ស​ប្រុស និង​មនុស្ស​ស្រី ខុស​លើផ្នែក​ជីវសាស្ដ្រ រាងកាយ និង​ខួរក្បាល។ ដោយ​សារតែ​ភាពខុស​គ្នានេះ​ហើយ ធ្វើឱ្យ​ស្វាមី​ភរិយា​ជាច្រើន​មាន​បញ្ហា​លុយកាក់ ដែលត្រូវ​ដោះស្រាយ​មិនចេះ​ចប់​មិនចេះ​ហើយ ដែល​ជួនកាល​អាច​រហូត​ឈានដល់​ការលែងលះ​គ្នា​ទៀតផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅពេល​នេះ ទស្សនាវដ្ដី សុខភាពយើង នឹង​លើកយក​បញ្ហា​មួយចំនួន​ជុំវិញ​រឿងលុយ​កាក់​ដែល​ចាំបាច់​ត្រូវតែ​មាន​ ដំណោះ​ស្រាយ​មួយដែល​ច្បាស់លាស់​ចំណុច​កណ្ដាល​នៃបញ្ហា។

ទស្សនៈ​ខុសគ្នា​រវាង​បុរស និង​ស្ដ្រីអំពី​លុយកាក់

មានបញ្ហា​ជាគន្លឹះ​៥​នៅក្នុង​ជីវិត​ប្ដី​ប្រពន្ធ​គឺ ៖

1 . ប្រាក់​ចំណូល ៖ ជាការ​ពិតប្រាក់​បៀវត្សរ៍​គឺជា​ម៉ែត្រ​សម្រាប់​វាស់​ជ័យជំនះ​របស់​មនុស្ស​ ប្រុស តែ​ចំពោះ​មនុស្ស​ស្រី​គឺជា ជោគជ័យ​នៅក្នុង​វិជ្ជាជីវៈ​តែ​ប៉ុណ្ណោះ។ មាន​នារីមិន​ដល់៣០​ភាគរយ​ផង​ប៉ុណ្ណោះ ដែល​យកចិត្ដ​ទុកដាក់​ដល់​បុព្វហេតុ និង​កេរ្ដិ៍ឈ្មោះ។ ចំពោះ​នារីចរិត​ដឹកនាំ​នឹងជំរុញ​ការងារ​រីកចម្រើន​មិនមែន​ជាកត្ដា​សំខាន់​ ជាងគេ​នោះទេ។ បើ​ប្រៀប​ធៀប​ជាមួយ​បុរស មនុស្ស​ស្រី មិនសូវ​ជឿជាក់​លើ​លទ្ធភាព​រកលុយ​ទេ ហើយ​លុយកាក់​នេះមាន​ឥទ្ធិពល​ដល់ការ​សម្រេច​ចិត្ដផ្នែក​ហិរញ្ញវត្ថុ​របស់​គេ។ មនុស្សស្រី​មិនសូវ​រកលុយ​កាក់​បាន ដោយសារ​ពួកនាង​ច្រើនតែ​ប្រាកដ​និយម​ពេក មិនសូវ​ហ៊ាន​ផ្សង​ព្រេង ទើប​កម្រ​មាន​ឱកាស​ចាប់ផ្ដើម​ដូច​ប្រុសៗ។ “មនុស្ស​ប្រុស​ចាត់ទុក​លុយកាក់​ដូចទឹក​ហូរចូល រីឯ​មនុស្ស​ស្រីវិញ​គិតថា​លុយកាក់​ប្រៀបដូច​ទឹកបឹង​ដែលអាច​នឹងត្រូវ​ រីងស្ងួត”។

2 . ការ​ចាយ​វាយ ៖ ក៏ជា​ចរិតមួយ​ដែរ​របស់​មនុស្ស​ស្រី គឺ​ចូលចិត្ដ​ការ​ទិញដូរ​ណាស់ ជួនកាល​វាជា​ប្រការ​ដ៏​គួរឱ្យ​ភ័យខ្លាច ចំពោះ​ស្វាមី​ដែល​កំណាញ់​ស្វិត។ មនុស្ស​ប្រុស​ជាង​ពាក់កណ្ដាល​ដែល​មិនទិញ​សម្លៀក​បំពាក់ សាប៊ូ ឬ​កន្សែង​ដោយ​ខ្លួនឯង ផ្ទុយ​ទៅវិញ នារី​៤ភាគ​៥ជាអ្នក​ធ្វើ​កិច្ចការ​នេះ​សម្រាប់​ខ្លួនឯង និង​ស្វាមី។ នារី​ត្រូវបាន​សម្គាល់​ថា ជា​អ្នកនាំ​មកនូវ​ភាព​ចាំបាច់​សម្រាប់​គ្រួសារ ហេតុដូច្នេះ​ហើយ​ទើបនារី​សក្ដិសម​នឹងក្ដាប់​រាល់ការ​ចំណាយ​ប្រចាំ​ថ្ងៃ។ តាម​ពិតទៅ​ទាំងប្ដី​ទាំងប្រពន្ធ​សុទ្ធតែ​មាន​កម្រិត​ចំណាយ​លុយ ផ្សេងៗ​គ្នា។ មនុស្ស​ស្រីភាគ​ច្រើន​អាចមាន​អាកប្ប​កិរិយា​ក្រអឺត​ក្រទម​បន្ដិច​ហើយ បើ​គេមាន​លទ្ធភាព​រកប្រាក់​ចំណូល​បាន ព្រោះវា​ជាសញ្ញា​ប្រកាស​ឱ្យប្ដី​ដឹងអំពី​សមត្ថភាព​របស់គេ។ នៅពេល​ឈានចូល​វ័យ​ចំណាស់ មនុស្ស​ស្រី​មានការ​ចាយវាយ​សត្យានុម័តិ​ជាង​បុរស ដោយ​គិតថា​លុយកាក់​ប្រៀបដូច​ជាឧបករណ៍​ដើម្បី​រក្សានូវ​ទំនាក់​ទំនង និងការ​រស់នៅ។ ចំពោះ​មនុស្ស​ប្រុស ផ្ទុយ​ទៅវិញ​នៅពេល ឈានចូល​វ័យ​ចំណាស់​គេច្រើន​តែ​ក្លាយ​ទៅជា​អ្នក​ជំនួញ បើ​ទទួលបាន​ជោគជ័យ និង​ក្លាយ​ទៅជា​អ្នកមាន​នោះ ការ​ចាយវាយ​លែង​ប្រក្រតី និង​មិនសូវ​សត្យានុម័តិ​ទេ។ ពេលនោះ​បុរសៗ​គេ​ជឿជាក់​ទៅលើ​លទ្ធភាព​រកលុយ​របស់ខ្លួន ទើបគេ​ងាយស្រួល​នៅក្នុង​ការ​ទិញដូរ។

3 . ការ​សន្សំ ៖ សភាព​ជាក់ស្ដែង មនុស្ស​ស្រី​មិនបាន​យកចិត្ដ​ទុកដាក់​ពីរឿង​សន្សំ​ដូច​មនុស្ស​ប្រុសទេ។ ភាគច្រើន​គេ​ចាប់ផ្ដើម​សន្សំ​លុយ​កាក់បាន​ក្រោយ​មនុស្ស​ប្រុស ហើយ​មិនសូវ​បាន​សម្បូរ​ដូច​មនុស្ស​ប្រុស​ទេ។ មាន​ប្រពន្ធ​ជាច្រើន​ចាត់ទុក​ការ​រកលុយ សន្សំ​គឺជា​បន្ទុក​របស់​ប្ដី។ តែ​បើសិន​មានការ​សន្សំទុក​រៀងខ្លួន ប្ដីប្រពន្ធ​នឹងមាន​ការវិវាទ​ទាស់ទែង​គ្នា​នៅពេល​រឿង​ត្រូវបែក​ការណ៍។ នោះ​គឺជា​មូលហេតុ​ដែល​ពួកគេ​ច្រើនតែ​លាក់​អំពី​ប្រភព​លុយកាក់​ផ្ទាល់ខ្លួន។

4 . អាជីវ​កម្ម ៖ គ្រប់​ពេលវេលា គ្រប់​ទីកន្លែង មនុស្ស​ប្រុស​ហ៊ាន​ប្រថុយ​នឹងការ​រកស៊ីជាង​មនុស្ស​ស្រី។ ក្នុងការ​ធ្វើ​ជំនួញ មនុស្ស​ស្រី​ច្រើនតែ​មិនជឿ​លើ​លទ្ធភាព​របស់​ខ្លួន លើស​ពីនេះ​ស្ដ្រី​ប្រយ័ត្ន​ប្រយែង​ខ្លាំង​ណាស់។ ស្ដ្រី​តែង​ចាត់ទុក​របរ​ជំនួញ​ជាល្បែង​ផ្សង ព្រេង​ដែល​អាចមាន​លទ្ធផល​ឈាន​ទៅរក​ការក្ស័យ​ទុន។ ផ្ទុយ​ទៅវិញ មនុស្ស​ប្រុស​មិនសូវ​ជា​ខ្វល់ខ្វាយ​នៅពេល​ខុសឆ្គង​ទេ ពួកគេ​ចូលចិត្ដ​ស្វែងរក​ឱកាស​ធ្វើ​អាជីវកម្ម​ធ្វើ​អ្នកមាន ហើយ​ពួកគេ​មាន​ឱកាស​ច្រើន​ដើម្បី​សាកល្បង​និង​កម្លាំង​ខ្លាំង។

5 . ខ្ចីបុល ៖ មនុស្សស្រី​ខ្ចីតែ​ចំនួន​លុយ​ដែលគេ​ត្រូវការ​ជា​ចាំបាច់​ប៉ុណ្ណោះ។ ចំណែក​មនុស្ស​ប្រុសវិញ​បើសិន​ជាឱ្យ​ខ្ចី​កាន់តែច្រើន​កាន់តែ​ល្អ បើទោះ​បី​មិនទាន់​ដឹងថា​ត្រូវយក​លុយ​នោះទៅ​ធ្វើអ្វី​ក៏ដោយ។ ការ​ប្រយ័ត្ន​ប្រយែង​ជាចរិត​មួយល្អ តែវា​ធ្វើឱ្យ​មនុស្ស ស្រី​ជួបការ​លំបាក​ពេលគេ​ចង់​ក្លាយជា​អ្នក​ជំនួញ ឬជួប​លំបាក​នៅពេល​គេចង់​បានផ្ទះ​នៅមួយ​សមរម្យ។ បុរស​ភាគច្រើន​មើល​ស្រាល អត្ដនោម័តិ​ពេលខ្ចី​បុល ប្រការ​នេះ​ហើយ​ដែលនាំ​ឱ្យបុរស​ខ្លះ​ត្រូវ​បាត់លំនឹង។ មនុស្ស​ប្រុស​ឧស្សាហ៍​ភ្លេច​បញ្ហា​បំណុល​របស់​ខ្លួន នាំឱ្យ​បំណុល​របស់គេ​កាន់តែ​កើន ជួនកាល​គួរឱ្យ​ស្ញើប​ទៀត​ផង។ ការខ្ចី​បុល​របស់​មនុស្ស​ស្រី​ធានា​សុវត្ថិភាព​បំផុត ហើយ​បំណុល​របស់​មនុស្ស​ស្រី​មិនច្រើន​ពេកទេ ព្រោះ​នាងខ្លាច​ជំពាក់​បំណុល​គេណាស់។

វិធី​ថែរក្សា​សម្ភារៈ​បន្ទប់​គេង

សុខភាព​ល្អក៏​អាស្រ័យ​ទៅលើ​ការ​ប្រើប្រាស់​សម្ភារៈ​នីមួយៗ​ ដែលមាន​អនាម័យ។ ការ​ថែរក្សា​សម្ភារៈ​ផ្ទាល់ខ្លួន​ជាតួនាទី​ចាំបាច់​ដែលត្រូវ​សម្អាត​ឱ្យបាន​ ញឹកញាប់ ដូចជា​សម្ភារៈ​ក្នុង​បន្ទប់​គេង​ជាដើម រួមមាន​ស្រោម​ខ្នើយ ស្រោម​ពូក និងភួយ​ផងដែរ។ សម្ភារៈ​ទាំងអស់​នេះវា​នឹង​អាចជា​បញ្ហា​ចោទ​ចំពោះ​សុខភាព​នៅថ្ងៃ​មុខ បើសិន​ជាយើង​មិនមាន​ការ​ថែទាំ​ឱ្យបាន​ល្អ។ ដូចនេះ​យើង​គប្បី​ស្វែងយល់​ពីចំណុច​មួយចំនួន​ចំពោះ​ការ​ថែរក្សា​សម្ភារៈ​ ទាំងអស់​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង
សូម​ប្រិយមិត្ដ​អ្នកអាន​ទាំងអស់​ធ្វើការ​ស្វែងយល់​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង តាមរយៈ​បទ​សម្ភាសន៍​ជាមួយ លោក​ស្រី សាពណ៌ នាយិកា​សាលា​បង្រៀន​កែសម្ផស្ស និង​ជំនាញ​ក្នុងការ​រៀបចំ​គេហដ្ឋាន។

ការ​ថែរក្សា​បន្ទប់​គេង

ក្នុង​បន្ទប់​គេង​មាន​គ្រឿង​សង្អារិម​ដែល​ភាគច្រើន​ជា​របស់​ល្អ និងមាន​តម្លៃ។ ដូចនេះយើង​ចាំបាច់​ធ្វើយ៉ាងណា​ឱ្យវា​មាន​សភាព​នៅថ្មី ដូចជា​តុ ឬ​ផ្ទាំង​គំនូរ យើងត្រូវ​ប្រើ​អំបោស​សត្វស្លាប​ទន់​យកមក​សម្អាត​លើវា។ បើមាន​ធូលីដី​នៅជាប់​តាមស៊ុម​គំនូរ យើង​ត្រូវយក​កន្ថែង​ពោះគោ​ទន់​ជ្រលក់ទឹក​រួចយក​មកជូត​សម្អាត​វា។ របស់​របរ​ជាឈើ​យើងត្រូវ​ប្រើថ្នាំ​បាញ់​ដែល​ការពារ​កុំឱ្យ​ខូចឈើ ត្រូវ​ប្រើប្រេង​ជូត​ខាត់​ឱ្យនៅ​រលោង​ស្អាត។

យើងត្រូវ​សម្អាត​អ្វីខ្លះ​នៅក្នុង​បន្ទប់​គេង?

ជាការ​ចាំបាច់​ណាស់​ដែល​លោកអ្នក​គប្បី​យកចិត្ដ​ទុកដាក់​ក្នុងការ​ថែរក្សា ​របស់​របរ​នៅក្នុង​បន្ទប់​គេង។ គួរតែ​យល់ថា ស្រោម ខ្នើយ ស្រោម​ពូក និងភួយ​តែងតែ​មាន​ធូលី​ជាប់​នៅ ទោះបី​ជាក្នុង​បន្ទប់​គេង​របស់​លោកអ្នក​គ្មាន​ធូលី​ហុយ​ចូលមែន តែវា​អាចបាន មកពី​លើខ្លួន​ប្រាណ​ពេល​ត្រឡប់​មកពី​ក្រៅ។ បាក់តេរី​ជាច្រើន​នឹងមាន​នៅលើ​សម្ភារៈ​ក្នុងបន្ទប់​របស់​លោកអ្នក បើសិន​ជាការ​ថែទាំ​មិនបាន​ដិតដល់។ ដូចនេះ​លោកអ្នក​គប្បី​ថែរក្សា និង​សម្អាត​របស់របរ​មួយចំនួន​នៅក្នុង​បន្ទប់គេង​របស់​លោកអ្នក ដូចដែល​រៀបរាប់​ខាងក្រោម​នេះ ៖

1 . ស្រោម​ខ្នើយ ៖ បាក់តេរី​ទាំងឡាយ​ដែលមាន​នៅលើ​សម្ភារៈ​ដំណេក​ងាយ​បង្កឱ្យលោកអ្នក​មាន​ជម្ងឺ​ ផ្សេងៗ​បំផុត។ ជាពិសេស​គឺ​ស្រោមខ្នើយ​តែម្ដង ព្រោះមុខ​របស់​លោកអ្នក​គឺនៅ​ជាប់​ជាមួយ​នឹងខ្នើយ​ពេញ​មួយយប់ នោះ​យើង​ងាយស្រូប​បាននូវ​បាក់តេរី កខ្វក់​ទាំងឡាយ​ដែល​នៅលើ​ស្រោម​ខ្នើយ ដែលនឹង​អាច​ប៉ះពាល់​ដល់​សុខភាព និង​ងាយធ្វើ​ឱ្យមាន​មុន​លើផ្ទៃមុខ​ផងដែរ។ ដូចនេះ ចាំបាច់​បំផុត​ត្រូវសម្អាត​ឱ្យបាន​ញឹកញាប់ យ៉ាង​ហោចណាស់​មួយ​សប្ដាហ៍​ពីរដង។

2 . ស្រោម​ពូក ៖ ចំណែក​ឯស្រោម​ពូកវិញ ក៏ត្រូវ​ធ្វើការ​ផ្លាស់ប្ដូរ​ចេញក្នុង​មួយ​សប្ដាហ៍ពីរដង​ដែរ។ ហើយ​បើ​នៅក្នុង​បន្ទប់ ឧស្សាហ៍​មានដី​ហុយខ្លាំង យើង​ត្រូវប្ដូរ​មួយ​សប្ដាហ៍​បីដង។ បើមិន​បានយក​ទៅសម្អាត​ទេ វានឹង​ងាយមាន​ភាពកខ្វក់​មកលើ​រាងកាយ​របស់​យើង នៅពេល​ដែលយើង​សម្រាក និង​អាចមាន​បញ្ហា​ចំពោះ​ស្បែក​ទៀតផង។

3 . ភួយ ៖ រីឯ​ភួយវិញ​ក៏ត្រូវ​បោក​សម្អាត​ចេញ​យ៉ាងតិច​ណាស់​រៀងរាល់​ពីរសប្ដាហ៍​ម្ដង​ ដែរ។ លោកអ្នក​ត្រូវការ​ដណ្ដប់​ជា​រៀងរាល់​យប់ ជាពិសេស​នៅពេល​រដូវ​រងា។ ដូចនេះ​ដើម្បីកុំ​ឱ្យ​សុខភាព​មាន​បញ្ហា​ដោយសារ​សម្ភារៈ​ទាំងអស់​នោះ លោកអ្នក​គប្បី ចំណាយ​ពេល​ឱ្យបាន​ញឹកញាប់​ក្នុងការ​សម្អាត​សម្ភារៈ​ទាំងនេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

4 . កន្សែង​ពោះគោ ៖ កន្សែង​ដែល​ប្រើប្រាស់​ជា​ប្រចាំ​ត្រូវផ្លាស់​ចេញពីរ​ថ្ងៃម្ដង ព្រោះអាច​ធ្វើមាន​ក្លិនមិន​ល្អ និង​គ្មាន​អនាម័យ។

5 . សាឡុង​អង្គុយ​លេង​ក្នុង​បន្ទប់​គេង ៖ បើសិនជា​លោកអ្នក​ជាមនុស្ស​មួយដែល​ចូលចិត្ដ​ក្នុងការ​តុបតែង​បន្ទប់​នោះ នោះ​បន្ទប់​លោកអ្នក​ពិតជា​សម្បូរ​ទៅដោយ​សម្ភារៈ​គ្រឿង​សង្ហារិម​ក្នុងនោះ​ ផងដែរ រួមមាន​សាឡុង ឬ​កៅអី​អង្គុយ​លេង​ជាដើម។ ដូចនេះ លោកអ្នក​គប្បីយក​ចិត្ដទុក​ដាក់ក្នុង​ការ​សម្អាត​វា។ បើសិន​ជា​នៅលើ​សាឡុង​លោកអ្នក​មានខ្នើយ​តូចៗ ត្រូវ​សម្អាត​ដោយ​គោះដី និង ដាក់​សំដិល​ថ្ងៃ​រៀងរាល់​១សប្ដាហ៍​ម្ដង ដើម្បី​ចៀសវាង​មើល​ទៅមាន​ភាព​កខ្វក់។ ចំពោះ​សាឡុង ឬ​កៅអី លោកអ្នក​ត្រូវបោស និង​រៀបចំ​ឱ្យបាន​ស្អាត​ជា​រៀងរាល់ថ្ងៃ​ដើម្បី​រក្សា​សភាព​ឱ្យនៅ​ថ្មី និងមាន​សណ្ដាប់​ធ្នាប់​ជានិច្ច។

6 . ទូ​សម្លៀក​បំពាក់ ៖ បើសិនជា​បន្ទប់​គេង​ធម្មតា​គេ​តែងតែ​ដាក់ទូ​សម្លៀក​បំពាក់​ជា​ទូក្រណាត់ ឬជា​ទូឈើ ប៉ុន្ដែ​លោកអ្នក មួយចំនួន​ទៀតធ្វើ​ទូ​សម្លៀក​បំពាក់​ជាប់នឹង​ជញ្ជាំង​តែម្ដង។ បើទោះ​បីជា​ទូ​សម្លៀក​បំពាក់​ស្ថិតក្នុង​ប្រភេទ​ណាក៏​ដោយ គប្បី​ថែរក្សា និង​សម្អាត​ឱ្យបាន​ស្អាត​ជានិច្ច ព្រោះ​នឹងមិន​ធ្វើឱ្យ​មានការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រឡាក់​សម្លៀក​ បំពាក់។ គប្បីត្រូវ​យក​សម្លៀក បំពាក់​ចេញ​ដើម្បី​បាញ់ថ្នាំ​កម្ចាត់​សត្វល្អិត​នៅ​រៀងរាល់​ពីរ​សប្ដាហ៍ ឬ​មួយខែ និង​ត្រូវ​រៀបចំ​សម្លៀក​បំពាក់​ឱ្យមាន​សណ្ដាប់​ធ្នាប់។

7 . បន្ទប់​ទឹក ៖ លោកអ្នក​ដែល​និយម​ការ​រៀបចំ​បន្ទប់ទឹក​ក្នុង​បន្ទប់​គេង ត្រូវ​គិតគូរ​កម្ចាត់​ភាព​កខ្វក់​ទាំងឡាយ និង​ក្លិនមិន​ល្អចេញ ចៀសវាង​បណ្ដាល​ឱ្យគ្មាន​ផាសុកភាព​នៅក្នុង​បន្ទប់​គេង។ លោកអ្នក​គប្បី​សម្អាត​ឱ្យបាន​ញឹកញាប់​បំផុត គឺ​រៀងរាល់​ពេលដែល ប្រើប្រាស់​រួច​ត្រូវសម្អាត​ឱ្យបាន​ស្អាត​កុំឱ្យ​មាន​សើម ព្រោះ​វា​ធ្វើឱ្យ​ធុំក្លិន។

របៀប​បង្កើន​ផាសុកភាព​ក្នុង​បន្ទប់​គេង

ការ​ទទួលទាន​ដំណេក​បាន​សុខស្រួល​ក៏​អាស្រ័យ​ទៅលើ​បរិយាកាស​ក្នុង​បន្ទប់​ គេង។ បើបន្ទប់​ពោរពេញ​ទៅដោយ​បាក់តេរី និងមាន​ក្លិនមិន​ល្អនោះ លោកអ្នក​មិនអាច​គេងលក់​បាន​ស្រួល​ពេញ​មួយយប់​នោះដែរ។ ការ​រៀបចំ និង​ថែរក្សា​សម្ភារៈ​នានា​ក្នុងបន្ទប់​គេង​មិន​ត្រឹមតែ​ផ្ដល់​សោភ័ណ​ភាព​ ក្នុងបន្ទប់​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្ដល់នូវ​ផល​ប្រយោជន៍​ចំពោះ​បញ្ហា​សុខភាព​ផងដែរ។ បន្ទប់​គេង ពោរពេញ​ទៅដោយ​ផាសុកភាព កាន់តែ​បង្កើន​នូវ​អារម្មណ៍​ស្រស់​ស្រាយ និង​រីករាយ​សម្រាប់​លោកអ្នក​រាល់ពេល​ដែល​នៅក្នុង​បន្ទប់ របស់​ខ្លួន។

បណ្ដាំ​ផ្ញើ

បើសិន​លោកអ្នក​មិនសូវ​ជា​គិតគូរ​ជាមួយ​អនាម័យ​សម្ភារៈ​បន្ទប់គេង​នេះ សូម​លោកអ្នក​ធ្វើការ​ពិចារណា​ឡើងវិញ ក្នុងការ​យកចិត្ដ​ទុកដាក់​ជាមួយ​សម្ភារៈ​ក្នុង​បន្ទប់​គេង។ ការ​ថែរក្សាសម្ភារៈ​ក្នុង​បន្ទប់គេង​ក៏ជា​ផ្នែកមួយ​នៃការ​ថែរក្សា​សុខភាព​ ផងដែរ។ បើសិន​មិន​គិតគូរ​យក​សម្ភារៈ​ទាំងអស់​នោះទៅ​បោកគក់​នោះទេ គឺ​ងាយស្រួល​ធ្វើឱ្យ​ឆ្លងជម្ងឺ​ផ្សេងៗ​បាន។ ការ​គិតគូរ​របស់​លោកអ្នក​មិន​ត្រឹមតែ​ជួយឱ្យ​មាន​សុខភាព​ល្អនោះ​ទេ ថែមទាំង​ជួយឱ្យ​ក្នុងបន្ទប់​កាន់តែមាន​សោភ័ណ​ភាព​ផងដែរ។

បុរស​ប្រាថ្នា​ចង់បាន​អ្វីខ្លះ​ពី​ឮភរិយា​?(តចប់)

កាលពី​លេខមុន​លោកអ្នក​បានអាន​រួចហើយ​អំពី​បំណង​ប្រាថ្នា​ទាំងឡាយ ​ដែល​បុរស​ចង់បាន​នៅក្នុង​ជីវិត​ប្ដី​ប្រពន្ធ។ សុភាព នារី​ទាំងឡាយ​កាលបើ​បានដឹង​អំពី​សេចក្ដី​ចង់បាន​នេះ អាច​យកទៅ​អនុវត្ដ​ដើម្បី​ដណ្ដើម​បាននូវ​សុភមង្គល​ពីស្វាមី​អំពី​របស់​ខ្លួន។ នៅ មាន​ចំណុច​គន្លឹះ​មួយចំនួន​ទៀត​ដែលស្ដ្រី​គប្បី​ជ្រាប។ ហេតុនេះ​សូម​បន្ដ​តាមដាន​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

2 . សេចក្ដី​ស្មោះត្រង់​ដល់ទី​បំផុត

គ្រួសារ​ដែល​បែកបាក់​ដោយសារ​ភរិយា​មិន​ស្មោះត្រង់​មាន​ត្រឹមតែ​១០ភាគរយ​ ប៉ុណ្ណោះ ប៉ុន្ដែ​គ្រួសារ​ដែល​បែកបាក់​ដោយសារ ស្វាមី​លាក់លៀម​មានស្រី​ញីកើត​មានដល់​ទៅ២០​ភាគរយ។ ទោះជា​យ៉ាងនេះ​ក្ដីក៏​ការខ្វះ​សេចក្ដី​ស្មោះត្រង់​របស់​ភរិយា​នៅតែ​ជា​មូល ហេតុ​មួយធ្វើ​ឱ្យស្វាមី​មាន​និន្នាការ​ទៅមាន​ប្រពន្ធ​ចុងដែរ។ ស្វាមី​គ្រប់រូប​តែងស្ងប់​ចិត្ដ​ធ្វើ​ការងារ និង​ត្រៀម​លក្ខណៈ​បូជា​អស់ពី​ខ្លួន ដើម្បី​ជីវភាព​សុភមង្គល និង​គ្រួសារ​មាន​សុខដុម ល្គឹក​ណាដែល​រូបគេ​ជាក់លាក់​បានថា ភរិយា​របស់គេ​ជានារី​ម្នាក់​មានចិត្ដ​ស្មោះ​ត្រង់។ សេចក្ដី​ស្មោះត្រង់​ដល់ទី​បំផុត​របស់​ភរិយា គឺជា​ប្រភព​ថាមពល​អរូបិយ​ជំរុញ​ឱ្យស្វាមី​ធ្វើនូវ​រាល់​កិច្ចការ​ទាំងអស់ ដើម្បី​សុភមង្គល គ្រួសារ។

3 . ទន់ភ្លន់​ស្លូត​បូត

នេះជា​ចរិយា​សម្បត្ដិ​មួយមាន​ការ​ចាំបាច់​បំផុត​សម្រាប់​ភរិយា និង​ត្រូវបាន​ស្វាមី​ស្រឡាញ់ និង​គោរព​រាប់អាន។ ភាព​ទន់ភ្លន់ និង​ស្លូតបូត​មាន​ឥទ្ធិពល​យ៉ាងធំ​សម្បើម​ណាស់​ចំពោះ​សុវត្ថិភាព​នៃជីវភាព​ គ្រួសារ។ ភាព​ទន់ភ្លន់​ស្លូតបូត​របស់​ភរិយា​អាចនឹង​កែប្រែ តម្រែ​តម្រង់​បាន​ទាំង​ស្វាមី​ដែល​ទទឹង​រឹងរូស និង​អស្មិមានះ​ទៀតផង​(ទន់ឈ្នះរឹង)។ ប៉ុន្ដែ​ភាព​ទន់ភ្លន់​ស្លូតបូត​ដែល​លើកយក​មក និយាយ​នេះត្រូវ​អម​ទៅដោយ​ភាព​ឆ្លាតវៃ​ផងដែរ ដើម្បី​ចៀសវាង​កុំឱ្យ​ធ្លាក់​ទៅក្នុង​សភាព“ស្លូត ស្លាប់”ឱ្យ​សោះ ឬ​ក្លាយជា​ភរិយា​អកម្ម និង​ចាំតែ​ធ្វើជា​ទាសករ​គ្រប់​យ៉ាង។ ភរិយា​ស្លូតបូត​ចេះដក​ថយ​នៅពេល​ណា​ស្វាមី​កំពុង​តែខឹង​មួម៉ៅ និងចេះ​រង់ចាំ​ពេលវេលា​ល្អ ដើម្បី រម្លឹក​ដាស់​តឿន និង​ទប់ស្កាត់​នូវ​រាល់​គោលដៅ​អាក្រក់​របស់​ស្វាមី។ ភរិយា​ស្លូតបូត​មិន​ប៉ប៉ាច់​ប៉ប៉ោច មិន​ឆ្លើយកាត់​ក្នុងពេល​ស្វាមី​កំពុង និយាយ មិន​សម្ដី​ធំពេល​ខឹង​សម្បា និងមិន​ទន្ទក់​ទន្ទេញ​រឿងពី​នេះពី​នោះនៅ​ក្បែរ​ត្រចៀក​ស្វាមី។ ភរិយា​ស្លូតបូត​ចេះ​ជ្រើសរើស​ពាក្យ សម្ដី​និយាយ​ឱ្យ​សមបំណង​ទៅវិញ​ទៅមក និង​ឆ្លាតវៃ​នៅត្រង់​ថា តើ​គប្បី​និយាយ​នៅពេល​ណា! និយាយ​ពីអ្វី​ដែលគួរ​និយាយ និង​មិននិយាយ​ជារបៀប​ផ្លែផ្កា ឬខឹង​រទេះ​វាយគោ។ ភរិយា​ដែល​មួយថ្ងៃៗ​គិតតែ​ពីរ​អ៊ូរទាំ និង​មិនអាច​ធ្វើឱ្យ​បរិយាកាស​​ក្នុង​គ្រួសារ​បាន សប្បាយ​រីករាយ​ឡើយ។ ម្ដាយ​ស្លូតបូត និង​បង្កើត​ចរិយា​សម្បត្ដិ​ដល់កូន។ ភរិយា​ដែល​ស្លូតបូត និង​បង្កើត​ឥទ្ធិពល​យ៉ាង​ជ្រាលជ្រៅ​ក្នុង បេះដូង​របស់​ស្វាមី។ នារី​ដែល​ស្លូតបូត​រាបសា​នឹង​ស្រូប​ទាក់ទាញ​ដល់​មនុស្ស​ជាច្រើន​ឱ្យមាន​ ការយក​ចិត្ដទុក​ដាក់​ចំពោះ​រូបនាង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

4 . ប្រសប់​រ៉ាប់រង​កិច្ចការ​គ្រួសារ

ភរិយា​ម្នាក់​ដែល​ប្រសប់​រ៉ាប់រង​កិច្ចការ​គ្រួសារ នឹង​បង្កើត​ឱ្យមាន​បរិយាកាស​កក់ក្ដៅ សុភមង្គល​ក្នុង​គ្រួសារ។ ការ​ប្រសប់​រ៉ាប់ រង​កិច្ចការ​គ្រួសារ​ដែល​លើកយក​មក​និយាយ​នេះ គប្បី​យល់​ទាំងពីរ​ផ្នែក គឺ​ខាង​ស្មារតី និង​ខាង​សម្ភារៈ។ ភរិយា​ដែល​ប្រសប់​រ៉ាប់រង​កិច្ចការ​គ្រួសារ នាង​នឹងយល់​ច្បាស់ពី​ចំណង់​ចំណូល​ចិត្ដ​របស់​ស្វាមី និង​ធានា​ដល់ផ្នត់​ជីវិត​រស់នៅ​ជាលក្ខណៈ​បុគ្គល​របស់​ស្វាមី​ផងដែរ។ ពេល​ស្វាមី​ត្រឡប់​ពីធ្វើ​ការមក​វិញ មាន​បាយទឹក​រៀបចំ​ទុកដាក់​ជា​ស្រេច។ បើ​ស្វាមី​ធ្វើការ​យប់ នាងមាន​ចំណី​បរិភោគ​ស្រាលៗ ដើម្បីបម្រុង​សុខភាព។ មុនពេល​ស្វាមី​ចេញទៅ​ធ្វើ​បេសកកម្ម​ឆ្ងាយ នាង​រៀបចំ​មិនឱ្យ​ខ្វះក្នុង​កាបូប​របស់​ស្វាមីមាន​ថ្នាំ​សង្កូវ​ការពារ​ ផ្ដាសាយ រាករូស ឬ​ដបប្រេង​ខ្យល់ ប្រេងកូឡា​(អាចនឹង​ស្រោម​អនាម័យ​ផងដែរ)។ ពុំនោះ​សោត នាង​ត្រូវ​សាសង​​ក្រើន​រម្លឹក​ជារួមៗ ដូចជា​ពោលពាក្យ​ថា ៖ “បង​ត្រូវ​ការពារ​សុខភាព និង​កុំភ្លេច​វិលមក​រកអូន​ភ្លាម ក្រោយពី​បញ្ចប់​បេសកកម្ម!”។

ភរិយា​ប្រសប់​រ៉ាប់រង​កិច្ចការ​គ្រួសារ និង​ត្រៀម​លក្ខណៈ​គ្រប់យ៉ាង​ទាំងអស់ សម្រាប់​ការធ្វើ​ដំណើរ​កម្សាន្ដ​របស់​គ្រួសារ ពីព្រោះ​ការ​មធ្យ័ត​នេះនឹង​បញ្ចុះ​បញ្ចូល​ដល់​ទឹកចិត្ដ​របស់​ស្វាមី​ឱ្យកើត​ សេចក្ដី​ស្នេហា​ចំពោះ​រូបនាង​កាន់តែ​កើនទ្វេ​ឡើង។

ភរិយា​ប្រសប់​កិច្ចការ​គ្រួសារ​ត្រៀមទុក​អាហារ​ឆ្ងាញ់ ដែលជា​ចំណែក​របស់ខ្លួន​សម្រាប់​ឱ្យ​នរណា​ម្នាក់​ក្នុង​សមាជិក​គ្រួសារ ប្រ សិន​បើអ្នក​នោះចង់​បរិភោគ​បន្ថែម។ ភរិយា​ប្រសប់​កិច្ចការ​គ្រួសារ នាងព្រម​ទទួល​ធ្វើជា​អ្នក​អង្គុយ​សម្លឹង​មើល​ស្វាមី និង​មើល​កូនៗ បរិភោគ​យ៉ាង​ឆ្ងាញ់ ព្រោះ​នោះជា​សុភមង្គល​របស់​នាង។

ភរិយា​ប្រសប់​កិច្ចការ​គ្រួសារ នឹងមិន​បង្ហាញ​ទឹកមុខ​ស្រពោន​សោះកក្រោះ​នៅពេល​បើក​ទ្វារ​របង​ទទួល​ស្វាមី​ មកពី​ធ្វើការ​វិញឡើយ។ ផ្ទុយមក​វិញ នាង​មាន​ទឹកមុខ​ស្រស់បស់ រីករាយ រហូត​ដល់ថ្នាក់​ស្វាមី​មានការ​ហត់នឿយ​ដល់ណា​ក៏ដោយ ក៏​រលាយ​បាត់អស់ ការ​ហត់នឿយ​នោះ​ដែរ។

ក្នុង​ករណី​ខ្លះដែល​ស្វាមី​មិនអាច​នឹង​ចូលរួម​ប្រាស្រ័យ​បានគឺ ភរិយា​ប្រសប់​កិច្ចការ​គ្រួសារ ត្រៀម​លក្ខណៈ​ជានិច្ច​ដើម្បី​ជំនួស​ស្វាមី ដូចជា​ការ​ចូលរួម​ក្នុង​ពិធី​បុណ្យ​ទាន ឬការ​ជួបជុំ​ផ្សេងៗ ដែលមាន​ការ​អញ្ជើញ។ ចំពោះ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​គ្រួសារ​វិញ ការ​ចំ ណាយ​ត្រូវតែ​មាន​តុល្យភាព​ទៅនឹង​ការ​ចំណូល និង​ត្រូវមាន​ស្ថិរភាព។ ភរិយា​ប្រសប់​កិច្ចការ​គ្រួសារ​ ត្រូវមាន​ផែនការ​ក្នុងការ​សន្សំ​សំ ចៃ​ដោយឡែក​សម្រាប់​ក្នុង​ករណី​ណាដែល​ចាំបាច់ និង​មិនចាយ​វាយ​ខ្ជះខ្ជាយ​ដែលគ្មាន​ប្រយោជន៍ ព្រមទាំង​ត្រៀម​លក្ខណៈ​គាំទ្រ ចំពោះ​ចំណាយ​ទៅលើ​សេចក្ដី​ត្រូវការ​ណាដែល​ចាំបាច់​ទៀតផង។

បណ្ដាំ​ផ្ញើ

ចំណុច​ដែល​លើក​មក​ជម្រាប​ជូន​ខាងលើ​នេះ យើងខ្ញុំ​សង្ឃឹម​ថាសុភាព​ស្ដ្រី​ជាភរិយា​ទាំងអស់ នឹង​ទទួល​យកបាន​ដើម្បី​អនុវត្ដន៍ សំដៅ​ឱ្យ​គ្រួសារ​មាន​សុភមង្គល។ តាមពិត​ទៅ​មិនមែន​ជារឿង​ដែល​ពិបាក​រហូត​ដល់ធ្វើ​មិនបាន​នោះទេ សំខាន់​ស្ថិតនៅ​ត្រង់​ថាចង់​ធ្វើ ឬក៏​អត់? ព្រោះ​មានស្ដ្រី​មួយចំនួន​គាត់​មិនចង់​ធ្វើបែប​នេះនោះ​ទេ ដោយ​គិតថា​អាចធ្វើ​ឱ្យគាត់​អាប់​ឱន ឬគាត់​ដូចជា​ខ្លាច​ស្វាមី​ជ្រុល​ពេក។ សូម​ចងចាំ​ថា អាវុធ​ដែល​សំខាន់​ដែលមាន​ឥទ្ធិពល​បំផុត​សម្រាប់​នារី​យកទៅ​ច្បាំង​ជាមួយ​ បុរស​នោះ គឺភាព​ទន់ភ្លន់ និង​ការ​យល់ចិត្ដនោះ​ហើយ។ បុរស​នៅលើ​លោកនេះ ទោះបី​បើគេ​មាន​កម្លាំង ឬ​អំណាច​យ៉ាងណា​ក៏គេ​នៅតែ​ចុះចាញ់​នារីម្នាក់​ដែលគេ​ស្រឡាញ់ ហើយ​នារី​នោះ​ផ្ដល់ឱ្យ​គេវិញ​នូវភាព​ជាកុល​ស្ដ្រី។

មូលហេតុ​ដែល​នាំឱ្យ​ប្រពន្ធ​មាន​សហាយ

មូលហេតុ​មួយក្នុង​ចំណោម​មូលហេតុ​ជាច្រើន​ដែលធ្វើ​ឱ្យ​ ប្ដីប្រពន្ធ​បែកបាក់ គឺ​ប្រពន្ធ​ខ្ញុំមាន​សហាយ! ប្រយោគ​នេះចាត់​ទុកថា សែន​ហួសហេតុ និង​មហា​អាក្រក់​សម្រាប់​ស្ដ្រីខ្មែរ​ទូទៅ។ បុរស​ដែលត្រូវ​ប្រពន្ធ​មានប្រុស​សហាយ​នោះ ស្ទើរតែ​ជ្រែក​ឈ្មុល​ចូលទៅ​ក្នុង ដីឱ្យ​បាត់ ព្រោះ​ពិបាក​នឹង​ទ្រាំទ្រ​ចំពោះ​ភាព​អាម៉ាស់ ក្រោម​ខ្សែភ្នែក​អ្នកដទៃ។ ស្ដ្រី​លួចលាក់​ស្នេហា​ជាមួយ​នឹងបុរស​ផ្សេង​ក្រៅ អាពាហ៍ពិពាហ៍ ចាត់ទុក​ជាកំហុស​ពិបាក​នឹង​លើកលែង​ទោស​ឱ្យណាស់​សម្រាប់​ស្ដ្រីខ្មែរ។ សង្គម​បាន​ចាត់ទុក​ថា នេះជា​ការ​ប្រព្រឹត្ដិខុស​នឹង​វប្បធម៌​ប្រពៃណី សីលធម៌ និង​ច្បាប់ប្ដី​មួយ​ប្រពន្ធ​មួយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អ្នកណាៗ​ក៏យល់​ស្រប​ដែរថា​ជាកំហុស​របស់​ស្ដ្រី ប៉ុន្ដែ​បើយើង​សាកល្បង​ចោទសួរ​ទៅវិញ​ថា ៖ “តើហេតុ​អ្វីបាន​ជាស្ដ្រី​មាន សហាយ បើនាង​កំពុង​មានប្ដី​រស់ក្នុង​ចំណង​អាពាហ៍ពិពាហ៍នោះ?” សំណួរ​នេះសូម​បុរស​ជាប្ដី​ងាកមក​ចាប់​អារម្មណ៍ និង​រិះរក​ចម្លើយ មកឆ្លើយ​ឱ្យបាន​សមស្រប​ផង។ តាមការ​សិក្សា​របស់អ្នក​ចិត្ដសាស្ដ្រ​ទៅលើ​បញ្ហា​គ្រួសារ​ដែលបាន​លែងលះគ្នា ព្រោះតែ​បញ្ហា​មាន សហាយ​នេះ​ត្រូវបាន​គេរក​ឃើញ​ថា មាន​មូលហេតុ​មួយចំនួន​ដែល​ធ្វើឱ្យ​ស្ដ្រី​ជាប្រពន្ធ​មាន​សហាយ​ក្បត់ចិត្ដ​ ប្ដីនោះ។

1 . ការគ្មាន​តុល្យភាព​ខាងជីវភាព​ផ្លូវភេទ ៖ ប្រការ​ដែលគូ​ប្ដីប្រពន្ធ​លើកយក​មកប្រឹក្សា​គ្នា ដូចជា​ពិភាក្សា​អំពី​រសជាតិ ស្នេហា តើ​ទាំងពីរ​នាក់នឹង​ចូលចិត្ដ​បែបណា ឬតើ​គប្បីនឹង​កែច្នៃ​ទំនាក់ទំនង​នោះ​យ៉ាងម៉េច ដើម្បី​រកឃើញ​ភាព​ផ្អែមល្ហែម​បន្ថែម​ទៀត ទប់ស្កាត់​ស្នេហា​របស់​គូខ្លួន​កុំឱ្យ​ជិនណាយ ឬ​សាកសួរ​គ្នាអំពី​បណ្ដា​ប្រការ​ដែលធ្វើ​ឱ្យខ្លួន​មិនបាន​ទៅដល់​ចំណុច​ ពេញចិត្ដ ក្នុងនោះ​មាន ទាំង​ឥរិយាបថ ពេលវេលា និង​ទីកន្លែង​ផងដែរ។ ទាំងអស់​នេះ​សុទ្ធតែ​មាន​ផល​ប្រយោជន៍​ដល់ការ​គ្រប់គ្រង​គូជីវិត​របស់ខ្លួន​ ឱ្យ​សោយសុខ​ក្នុង​សុភមង្គល។ យើងនឹង​ឃើញ​ថា ការ​រស់នៅ​រួមគ្នា​របស់​មនុស្ស​ពីរនាក់ ដែលមាន​ជីវិតពីរ ចាំបាច់​ត្រូវមាន​តុល្យភាព​នឹង​គ្នា បើមិន​ច្រើនក៏​មិនឱ្យ​តិចពេក​ដែរ និងត្រូវ​ធ្វើយ៉ាង​ណា​កុំឱ្យ​ជីវិត​ទាំងគូ​នេះមាន​ការខុស​ប្លែក​គ្នាពេក រហូត​ដល់​ភាគី​ណាម្នាក់​មិនអាច ទទួល​បាននោះ។ ជាការ​ប្រាកដ​ណាស់ ប្រសិន​បើធានា​មិនបាន​តុល្យភាព​សម្រាប់​គូជីវិត ឬការ​ខុសប្លែក​គ្នាដល់​ថ្នាក់​ទទួល​មិនបាន ពិតជា​បញ្ហា“មាន​សហាយ”អាចកើត​មានឡើង​ដែរ។ ផ្លូវដែល​ត្រូវដើរ​នោះគឺ​អ្នកទាំង​ពីរ​គប្បី​បើក​ចំហ​ចិត្ដឱ្យ​គ្នា បង្ហើប​មាត់​និយាយ ផ្ដោះផ្ដង​គ្នាតែ​ម្ដងទៅ ថាតើ​រៀងៗ​ខ្លួនចូល​ចិត្ដ​ដូចម្ដេច និងមិន​ចូលចិត្ដ​យ៉ាង​ម៉េច រួចហើយ​ទាំងពីរ​នាក់​រួមគ្នា​រកផ្លូវ​ដោះស្រាយ។

2 . ប្ដីគ្មាន​ពេលវេលា​សម្រាប់​គ្រួសារ ៖ មាន​គ្រួសារ​ខ្លះ​បុរស​ឧស្សាហ៍​ការងារ ឬ​ឧទ្ទិស​ខ្លួន​ដល់សង្គម​វីវក់​ជ្រុលពេក​ដល់ថ្នាក់ ព្រលឹម​ចេញ​ព្រលប់​ចូល មួយ​សប្ដាហ៍​គ្មាន​សៅរ៍​អាទិត្យ។ ក្នុង​ខួរក្បាល​របស់​បុរស​ជាប្ដី​មានតែ​រឿង​ការងារ! ការងារ! និង​ការងារ! ចប់ពី​ការងារ​ក៏ទៅ​ជប់លៀង​នៅទីនេះ​នៅទីនោះ។ ទោះបុរស​ធ្វើយ៉ាង​នេះក៏​ព្រោះ​ដើម្បី​ឈានមុខ និងឱ្យ​ឋានៈ​គ្រួសារ​ប្រសើរ​ឡើង។ ប៉ុន្ដែ​សូម​ក្រើន​រម្លឹក​ថា កុំបណ្ដោយ​ឱ្យភាព​អផ្សុក​កណ្ដោច​កណ្ដែង​របស់ប្រពន្ធ​ដល់ថ្នាក់​ជំរុញ​បង្ខំ​ ឱ្យនាង​ធ្វើអ្វី​ដែល​នាងមិន​ចង់ធ្វើ។ ប្រពន្ធ​ដែល​រង់ចាំ​នៅឯ​ផ្ទះក៏​ជាមនុស្ស​មាន​ប្រមាត់ មាន​បេះដូង មាន​ស្នេហា និងមាន​សេចក្ដី​ប្រាថ្នា​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

3 . បញ្ជោះ​បន្សោក ឬ​សងសឹក​តបប្ដី​វិញ ៖ អាច​និយាយ​បានថា វិធី​បញ្ជោះ​បន្សោក​របស់​ស្ដ្រី(ឬការ​ធ្វើត្រាប់​តាមប្ដី ដើម្បី​ជាការ​សងសឹក) ក៏ជា​ហេតុផល​មួយ​កំពុងតែ​កើតមាន​ក្នុង​សង្គម​សព្វថ្ងៃ​នេះ និងអាច​កើតមាន​ច្រើនទៀត​ទៅតាម​ដង្ហើម​រីកចម្រើន របស់​សង្គម​ក្នុងពេល​អនាគត។ សព្វថ្ងៃ​នេះ ស្ដ្រីផិត​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍​បាន​ចាប់ផ្ដើម​ឡើង ដោយសារ​ខាង​ភាគីបុរស​ដែលបាន ទៅរក​សេចក្ដី​សុខ​ជាមួយ​របស់​ចម្លែក​ប្លែកមាត់​នៅខាង​ក្រៅផ្ទះ។ ប្រពន្ធ​ខ្លះដែល​ជួបនឹង​ស្ថានភាព“ប្ដីភ្លេច​បាយផ្ទះ”បាននាំ​គ្នាគិត ងាយៗ​ថា ៖ “គេធ្វើ​បាន រឿងអី​យើងធ្វើ​មិនបាន!”។ អាច​និយាយ​បានថា ស្ដ្រី​បរិភោគ​ខាងក្រៅ​ផ្ទះអាច​ខុសមក​ពីបុរសៗ​ជាអ្នក បង្រៀន ឬ​ជាអ្នក​ផ្ដើមមុន។ ទន្ទឹម​នោះ មាន​បុរសខ្លះ​ពុំបាន​គិត ឬមើល​ឃើញ​ថា “ការមាន​ស្រីជា​កំហុស​ខុសឆ្គង ឬជា​ការផិត​ក្នុង អាពាហ៍​ពិពាហ៍​របស់ខ្លួន​នោះទេ!” ឬពុំបាន​គិតដល់​ផ្លូវចិត្ដ​របស់​ប្រពន្ធ​ដែល​ទ្រាំទ្រ​ចុកចាប់​ប៉ុណ្ណា​ ជាមួយ​នឹងការ​ផិតនេះ​នោះទេ។ ប៉ុន្ដែ​បើរឿង​ដូចគ្នា​នេះដែល​ខាងស្ដ្រី​ជាអ្នក​ប្រព្រឹត្ដ​វិញ បុរស​បែរជា​ខឹង​ច្រឡោត​តូងតាង​រករឿង​ទាត់ធាក់​កាប់ចាក់ បាញ់​ប្រហារ និង​លែង លះ។ ចំណុច​ត្រង់នេះ​ហើយ​ដែលអាច​ឱ្យមើល​ឃើញថា ៖ “បុរសៗ​មិនអាច​ធ្វើចិត្ដ​ដូចជា​ស្ដ្រីបាន​ឡើយ! ស្ដ្រីអាច​ខាំមាត់​អត់ធន់​បានខ្លះ នៅពេល​បានដឹង​ថា ប្ដីមាន​ស្រីនៅខាង​ក្រៅ!”។

4 . ខ្វះការ​ជឿជាក់​ទៅលើ​បរិស្ថាន​គ្រួសារ ៖ បរិស្ថាន​គ្រួសារ​នៃសង្គម​សព្វថ្ងៃ​មានការ​ប្រែប្រួល​ខុសពី​ដើមច្រើន​ណាស់។ ស្ដ្រី​មួយចំនួន​ដោយសារ​តែការ​ឈ្លក់​វង្វេងនឹង​វប្បធម៌​បរទេស តាមរយៈ​ខ្សែវីដេអូ​ដែលបាន​បញ្ចាំង​នោះ ដែល​ឃើញតែ​កើតមាន​បញ្ហា ដណ្ដើម​ប្ដីដណ្ដើម​ប្រពន្ធ​គ្នា ដល់ថ្នាក់​ប្រើហិង្សា​គ្រប់យ៉ាង​រហូត​ដល់​អំពើ​ខ្លះជាប​ទឧក្រិដ្ឋ​ទៀតផង ធ្វើយ៉ាង​ណាឱ្យតែ​ដណ្ដើម​បានស្ដ្រី ឬ​បុរសនោះ​មកជា​របស់​ខ្លួន។ ក្នុង​សាច់រឿង​វីដេអូ​ទាំងនោះ តែងឆ្លុះ​បញ្ចាំងឱ្យ​ឃើញ​ភាពមិន​ស្មោះត្រង់​ចំពោះ​ប្ដី ចំពោះ​ប្រពន្ធ ចំពោះ​កូន ឬ​ចំពោះ​គូស្នេហ៍។ គ្រប់ពេល​វេលា​ទាំងអស់​តែងតែ​ប្រទះនឹង​សាច់រឿង​ផិត រហូត​ដល់ការ​ឃើញ​ញឹកញាប់​នោះបាន​ក្លាយ​ទៅជា​រឿង​ធម្មតា​ស៊ាំក្នុង​អារម្មណ៍។ ដូចនេះ​ក៏យល់​ឃើញថា “ការ​ផិតក្នុង​អាពាហ៍​ពិពាហ៍”ជារឿង​ធម្មតា។ ស្ដ្រីខ្លះ​មាន​អារម្មណ៍​ដក់ជាប់ ទៅតាម​រូបភាព​ខ្សែរឿង ទើបនៅ​ក្នុង​ជីវភាព​រស់នៅ​ក៏​ចេះតែ​បណ្ដោយ​ឱ្យខ្សែ​ជីវិត​ឆ្លងកាត់​ស្នេហា​ ពីមួយ​ទៅមួយ​តាម​តម្រាប់​កុន ល្ខោន។

5 . មនុស្សថ្មី​ត្រូវចិត្ដ​ជាង ៖ ស្ដ្រី​ជាច្រើន​បាន​ជឿជាក់​ថា គូស្នេហ៍​ដែលបាន​ឈានទៅ​ដល់អាពាហ៍​ពិពាហ៍​ជាមួយ​នឹងនាង គឺជា​បុរស​ដែលនាង​ស្វែងរក។ ប៉ុន្ដែ​នៅពេល​រួមរស់​ជាមួយ​នឹងគ្នា​ក្នុង​ជីវិត​ប្ដីប្រពន្ធ​យូរៗ​ទៅ និង​ដោយ​ចៃដន្យ ស្ដ្រី​បានជួប​នឹង​មនុស្ស​ថ្មី ម្នាក់​ទៀត ស្រាប់ធ្វើ​ឱ្យនាង​មានការ​ពេញចិត្ដ​មនុស្ស​ថ្មីជាង​ប្ដី​របស់​នាង​ទៅទៀត។ នាងបាន​ឃើញ​បុរស​ថ្មីម្នាក់នោះ​មាន​គុណ​សម្បត្ដិ ច្រើនជាង​ប្ដី​របស់​នាង។ នៅក្នុង​ស្ថានភាព​រំជួល​ចិត្ដ​យ៉ាងនេះ ប្រសិន​បើស្ដ្រី​នោះមាន​សីលធម៌ និង​កម្លាំង​ចិត្ដអាច​នឹងទប់​ប្រាណ​នាងបាន ព្រោះនាង​គិតថា នាង​ជាស្ដ្រី​មានប្ដី​រួចទៅ​ហើយ! នាង​មិនអាច​ធ្វើអ្វី​បានទៀត​ឡើយ​នៅក្នុង​ចំណង​អាពាហ៍​ពិពាហ៍​នេះ។ ប៉ុន្ដែ​ក៏មាន​ស្ដ្រីខ្លះ​អាចនឹង​បណ្ដោយ​ចិត្ដ​បណ្ដោយ​កាយ​ឱ្យ​ភ្លើតភ្លើន​ ទៅតាម​ការញ័រ​រំជួល​របស់​បេះដូង​ផងដែរ ហើយ​ពេលនោះ​នាងក៏​ធ្លាក់​ទៅក្នុង អន្លង់​មាន​សហាយ។

បណ្ដាំ​ផ្ញើ

អ្វីដែល​លើកមក​ជម្រាប​ជូនខាង​លើនេះ ជា​មូលហេតុ​មួយចំនួន​អាចនាំ​ឱ្យស្ដ្រី​ដែល​ស្ថិតក្នុង​ចំណង​អាពាហ៍​ពិពាហ៍​ ភ្លាត់​ស្នៀត​មាន​សហាយ។ ហើយ​ទាំងនេះ​ក៏ជា​បញ្ហា​ដែល​ពញ្ញាក់​អារម្មណ៍​បុរស​ទាំងឡាយ​ដែល​កំពុង​ ស្ថិតក្នុង​ចំណុច​ប្រកាស​អាសន្ន​ឱ្យប្រឹង​ស្ដារ ចំណង​នេះឡើង​វិញ។ ពេលខ្លះ​ការមាន​សហាយ​មិនមែន​ជាកំហុស​របស់​ស្ដ្រីតែ​ម្នាក់នោះ​ទេ ហេតុនេះ​ត្រូវរក​ឱ្យឃើញ​ថា អ្នកណា​ដែលបង្ក​ឱកាស​ឱ្យនាង​មាន​សហាយ​បាន។

បច្ចេកទេស​ដើម្បី​បានកូន​ប្រុស​កូនស្រី​តាម​ចំណង់

លោកអ្នក​មានកូនស្រី​៣នាក់​ហើយ តែចង់​បានកូន​ប្រុស​ម្នាក់ទៀត តើត្រូវ​ធ្វើម្ដេច​ទៅ? ពិតហើយ ពិតជាមាន​បច្ចេកទេស វិទ្យាសាស្ដ្រ ឬ​ចម្លែកៗ។ កលល្បិច​ដើម្បី​បានកូន​ប្រុស ឬកូនស្រី​ដូចបំណង​នេះ ឈរលើ​គោលការណ៍​មួយចំនួន ដូចជា​កាលបរិច្ឆេទ​នៃការ​រួមភេទ របប​អាហារ​ទទួលទាន​ជាដើម។ តើវិធី​ទាំងនេះ​ពិតជាមាន​ប្រសិទ្ធភាព​មែនដែរ​ឬទេ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

សុបិនដ៏​ចំណាស់​មួយនេះ គឺការ​ចង់បាន​កូនប្រុស ឬកូនស្រី​តាម​ចំណង់។ តាំងពី​យូរយារ​ណាស់​មកហើយ មនុស្ស​តែងស្រមៃ សុបិន​ចង់បាន​កូនដែល​មាន​ភេទប្រុស ឬស្រី​តាមតែ​ការ​ប៉ងប្រាថ្នា​របស់​ពួកគេ។ ទោះបីជា​បច្ចេកទេស​មួយចំនួន​ត្រូវបាន​ទទួល​ស្គាល់ជា​លក្ខណៈ​វិទ្យាសាស្ដ្រ​ ក្ដី ប៉ុន្ដែ​ត្រូវចងចាំ​ក្នុងចិត្ដ​ថា មិនមាន​បច្ចេកទេស​ណាមួយ​ដែលអាច​ទុកចិត្ដ ឬមាន​ប្រសិទ្ធភាព​១០០%​នោះទេ។ ដើម្បីជា​ជំនួយ​សម្រាប់​លោកអ្នក​អាន ខ្ញុំសូម​លើកយក​វិធីសាស្ដ្រ​ពីរបី​យ៉ាង ដើម្បី​ទទួលបាន​កូនប្រុស​ឬកូនស្រី​តាម​ចំណង់មក​ជម្រាប ជូនគឺ​កាលបរិច្ឆេទ​នៃការ​រួមភេទ របប​អាហារ​ទទួលទាន និង​កម្រិត​ស៊កបញ្ចូល​លិង្គ​ពេលធ្វើការ​រួមភេទ។

តើត្រូវ​រួមភេទ​ពេលណា?

តាមការ​ស្រាវជ្រាវ​បានបង្ហាញ​ថា បើចង់​បានកូន​ប្រុស ប្រសើរ​បំផុត​ត្រូវ​ចាប់ផ្ដើម​រួមភេទ​នៅពេល​មានធ្លាក់​មេជីវិត ឬពីរ បី​ថ្ងៃក្រោយ ប៉ុន្ដែបើ​ចង់បាន​កូនស្រី​ត្រូវ​រួមភេទ​មុនធ្លាក់​មេជីវិត​ពីរបីថ្ងៃ ឬអាច​មុន៥ថ្ងៃ​ជាដើម។ បែបនេះ​ជាបច្ចេកទេស​នៃការ​ចង់ បាន​កូនប្រុស ឬ​កូនស្រី ដោយផ្អែក​ទៅលើ​កាលបរិច្ឆេទ​នៃការ​រួមភេទ។ តើផ្អែក​ទៅលើ​អ្វីទៅបាន​ជាមាន​ការលើក​ឡើងបែប​នេះ?

បើសិនជា​មិនចម្លែក​ពេកទេ បុរាណ​ភាសិតនេះ​ឈរលើ​មូលដ្ឋាន​អត្ដសញ្ញាណ​រូបសាស្ដ្រ​នៃទឹករំអិល​មាត់ស្បូន។ ព្រោះ​ថាទឹករំអិល​ដែលបញ្ចេញ​មកមាន​សភាព​សថ្លា និងអន្ធឹលៗ​នេះ ជួយ​សម្រួល​ដល់ការ​រំកិលខ្លួន​ចូលទៅ​ក្នុងស្បូន​បានយ៉ាង​ងាយ។

ពេញមួយ​វដ្ដរដូវ​ជារៀង​រាល់ខែ កំហាប់នៃ​ទឹករំអិល​មាត់ស្បូន​នេះ​ប្រែប្រួល។ មុនពេល​ធ្លាក់មេជីវិត​អូវុល ស្បៃនៃ​ទឹករំអិលមាត់​ស្បូននេះ ធ្វើជា​រនាំង​ទប់ស្កាត់​ស្ពែមម៉ាតូសូអ៊ីដ មានតែពួក​ស្ពែមម៉ាតូ​សូអ៊ីដ​ដែលធន់​ប៉ុណ្ណោះ ដែលអាច​ឆ្លងកាត់​រនាំងនេះ​បាន។ ពេលដែល​មេជីវិត​អូវុល​កំពុងធ្លាក់ ពេលនោះ​ស្ថានភាព​រនាំង​មាន​សភាព​រលា ហើយរាល់​ស្ពែមម៉ាតូសូអ៊ីដ​ដែលមាន​នៅក្នុង​ទឹកកាម អាច​ឆ្លងកាត់​រនាំងនោះ​បាន​ទាំងអស់។ អាច​និយាយ​បានថា ស្ពែមម៉ាតូសូអ៊ីដ​ទាំងតូច​ទាំងតាច ដែលមាន​លក្ខណៈ​មិនដូច​គ្នាក្ដី​សុទ្ធតែអាច​ហែលចូល​បាន​ទាំងអស់។

ស្ពែមម៉ាតូសូអ៊ីដ​ដែលមាន​ក្រូម៉ូសូមអ៊ិច ដែលអាច​ផ្ដល់​កំណើត​ជាទារក​ភេទស្រី មាន​ដំណើរ​យឺត និងធន់ជាង​ស្ពែមម៉ាតូ សូអ៊ីដ​ដែលមាន​ក្រូម៉ូសូមអ៊ីក្រិច។ ហេតុនេះ​ប្រភេទ​ឬលក្ខណៈ​របស់​ស្ពែមម៉ាតូសូអ៊ីដ​ជាអ្នក​កំណត់​ភេទរបស់​ទារក ឬ​អំប្រ៊ីយ៉ុង។ លក្ខណៈ​ពិសេស​របស់​កាម៉ែត​ទាំងនេះ​ជាអ្នក​សម្រេច និង​កំណត់​ភេទ។

ស្ពែមម៉ាតូសូអ៊ីដ ដែលមាន​ក្រូម៉ូសូមអ៊ីក្រិច ដែលមាន​ល្បឿនលឿន មាន​សន្ទុះស្ទុះ​ឡើង​នៅពេល​រួមភេទ​ដែលធ្វើ​ឡើង ក្រោយ​ពេលមេជីវិត​អូវុលធ្លាក់។ ដោយឡែក​ស្ពែមម៉ាតូសូអ៊ីដ​ដែលផ្ទុក​ក្រូម៉ូសូមអ៊ិច មានសន្ទុះ​នៅពេល​រួមភេទ​មុនមេជីវិត​អូវុលធ្លាក់។

ដូច្នេះ​បើតាម​ការពន្យល់​ខាងលើ អ្វីដែល​ត្រូវធ្វើ​សម្រាប់​លោកអ្នក​គឺកំណត់​ឱ្យបាន​នូវពេល​វេលា​ធ្លាក់​ មេជីវិត​អូវុលពិតប្រាកដ។ វិធី​វាស់វែង​ការធ្លាក់​មេជីវិត​អូវុល​ត្រូវធ្វើ​ទៅតាម​ក្រាហ្វិក​ សីតុណ្ហភាព ឬការ​ធ្វើតេស្ដ​វិភាគ​ទឹកនោម ដែលជា​វិធីមួយ​ដែលអាច​ជឿជាក់​បានបំផុត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

របបអាហារ​ទទួលទាន បែបណា​ទៅ?

ដើម្បី​ទទួល​បានកូនស្រី អនាគត​ម្ដាយត្រូវ​មាន​របបអាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម និង​មិនសូវ​មាន​អំបិល (សាប)។ ផ្ទុយទៅ​វិញ​បើចង់​បានកូនប្រុស ត្រូវ​ទទួលទាន​ប្រៃ និងគ្មាន​ជាតិ​ប៉ូតាស្យូម។ តើ​វិធីសាស្ដ្រ​ដែល​ពឹងផ្អែក​លើរបប​ចំណី អាហារ​បែបនេះ មាន​ប្រភពពី​ណាមក?

ពេលនេះ​ខុសពី​ករណី​ទាក់ទង​នឹងកាល​បរិច្ឆេទនៃ​ការរួមភេទ គឺជា​លក្ខណៈ​អត្ដសញ្ញាណ​គីមីសាស្ដ្រ​(មិនមែន​លក្ខណៈ​រូប សាស្ដ្រ) នៃ​ទឹករំអិល​មាត់ស្បូន​ដែលត្រូវ​គិតគូរ ឬយក​ជាគោលដៅ។ ស្ថានភាព​ប៉េហាស់​(pH) មានលក្ខណៈ​អាស៊ីដ​ក្រៅ​ដំណាក់​កាលធ្លាក់​មេជីវិត​អូវុល ហើយ​ប៉េហាស់​នេះក្លាយ​ជាបាស​ក្នុង​រយៈពេល​វដ្ដរដូវ​ប៉ុន្មាន​ថ្ងៃនោះ ពេលនោះ​ហើយ​ដែលជា​ឱកាស​ជំរុញ​ឱ្យមានការ​រត់ចូល​នៃ​ស្ពែមម៉ាតូសូអ៊ីដ​ទៅក្នុង ​ស្បូន​ដែលឈាន​ទៅការ​បង្ក​កំណើត​បាន​យ៉ាងងាយ។

ចំណី​អាហារ​ពិសេស​ណាមួយ​របស់ស្ដ្រី​ជាម្ដាយ​អាចធ្វើ​ឱ្យមាន​ការ​ ប្រែប្រួល​ប៉េហាស់​នេះបាន​ខ្លះ និងជួយ​សម្រួល​ដល់​ដំណើរ រត់ចូល​របស់​ស្ពែមម៉ាតូសូអ៊ីដ​ប្រភេទ​ណាមួយ​បាន។ របប​អាហារ​ដែលមិន​សូវមាន​ជាតិអំបិល​(សាប) និង​សម្បូរ​ជាតិ​កាល់ស្យូម អាច ធ្វើឱ្យ​ទឹករំអិល​មាត់ស្បូន​មាន​លក្ខណៈ​អាស៊ីដ ដែលផ្ដល់​ឱកាស​ឱ្យតែ​ស្ពែមម៉ាតូសូអ៊ីដ ឬ​កាម៉ែត​ដែលផ្ទុក​ក្រូម៉ូសូមអ៊ិច ដែលមាន សភាព​ធន់ អាច​ឆ្លងកាត់​បានតែ​ប៉ុណ្ណោះ។ ដូច្នេះ​បើចង់​បាន​កូនស្រី សូមទទួល​ទាន​ចំណី​អាហារ​ប្រភេទ​ទឹកដោះ បន្លែ​បៃតង សាច់ត្រី និង​ស៊ុត។ ចំណី​អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិ​អំបិល(ប្រៃ) និងជាតិ​ប៉ូតាស្យូម ធ្វើឱ្យ​ប៉េហាស់​ប្រែប្រួល​តិចតួច​បំផុត។ ក្នុង​បរិស្ថានប៉េហាស់​នេះ មានតែ​ស្ពែមម៉ាតូសូអ៊ីដ​ទេដែល​ទ្រាំទ្រ​ស្ថានភាព​បាស ឬ​អាល់កាឡាំង​នៅក្នុង​ទ្វារមាស និង​ស្ពែមម៉ាតូសូអ៊ីដ​ដែល​មានល្បឿនលឿន​ជាងគេ​ប៉ុណ្ណោះ ដែលអាច​រត់ចូល​ទៅធ្វើ​ការ​បង្ក​កំណើត​បាន។ ដូច្នេះ​បើចង់​បាន​កូនប្រុស សូម​ទទួលទាន​ចំណី​អាហារប្រភេទ​សាច់​រាងឆៅ សាច់សត្វ និងសាច់​ត្រីអាំង ឬឆ្អើរ ឬដុត។

ចុះកម្រិត​ស៊កបញ្ចូល​លិង្គក្នុង​ពេល​រួមភេទ?

ក្រៅពី​កាលបរិច្ឆេទ​នៃការ​រួមភេទ និងរបប​ចំណី​អាហារ កម្លាំងឬ​កម្រិត​ស៊កបញ្ចូល​លិង្គ​ក្នុងពេល​រួមភេទ​ក៏ដើរ​តួនាទី​ សំខាន់ផងដែរ។ ការ​ស៊កបញ្ចូល​លិង្គ​ទៅក្នុង​ទ្វារមាស​មិនសូវ​ជ្រៅ(រាក់)​នៅពេល​រួមភេទ ក្នុង​ដំណាក់​កាលធ្លាក់​មេជីវិត​អូវុល អាចសម្រួល​ឱ្យតែ​ស្ពែមម៉ាតូសូអ៊ីដ​រត់ចូល​បានវែង​ឆ្ងាយ ដោយ​មិនអស់​កម្លាំង។ នៅក្នុង​លក្ខខណ្ឌ​នេះ ស្ពែមម៉ាតូសូអ៊ីដ​ដែលផ្ទុក​ក្រូម៉ូសូមអ៊ិច ហើយដែលធន់​ជាងគេ អាចទៅ​ជួប​មេជីវិត​អូវុល សម្រាប់​បង្ក​កំណើត​ជាមួយ​គ្នាបាន​ប្រសើរ។ ផ្ទុយ​ទៅវិញ ការស៊ក​បញ្ចូលលិង្គ​ទៅក្នុង​ទ្វារ មាសក្នុង​កម្រិត​ធម្មតា ឬ​រាងជ្រៅ​ផ្ដល់ឱកាស​ឱ្យមាន​ផ្ទៃពោះ ឬ​គភ៌​ជាកូនប្រុស​ច្រើនជាង។

បណ្ដាំ​ផ្ញើ ៖ លោកអ្នក​បានជ្រាប​ហើយ​អំពី​បច្ចេកទេស​ដែលអាច​ផ្ដល់​កំណើត​ជា​កូនប្រុស និង​កូនស្រី​តាម​ចំណង់។ ទោះជា​ក្នុង​ករណីណាក្ដី សូមកុំ​ភ្លេចថា​គ្មានវិធី​ណាមួយ​ដែលផ្ដល់​ប្រសិទ្ធភាព​១០០%​នោះទេ ហើយ​ទារក​ឬបុត្រធីតា​ដែលផ្ដល់​សុភមង្គល​ដល់គ្រួសារ លោកអ្នក​មិនមែន​ចាំតែ​កូនប្រុស ឬ​កូនស្រី​នោះទេ។

នៅពេល​ខាងមុខ ទស្សនាវដ្ដី សុខភាពយើង នឹងបន្ដ​ស្រាវជ្រាវ និង​លើកយក​បទពិសោធន៍ ចំណេះ​ដឹង និងការ​ស្រាវជ្រាវថ្មីៗ​ទៀត ទាក់ទង​នឹងការ​ចង់បាន​កូនប្រុស និង​កូនស្រី​នេះ មក​ជម្រាប​ជូនជា​បន្ដទៅ​ទៀត។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s